អគ្គនាយកដ្ឋានពន្ធដារពង្រឹងវិធីសាស្រ្តវាយតម្លៃអចលនទ្រព្យដើម្បីបង្កើនការប្រមូលចំណូល

ដោយៈគង់ សូរិយា

ភ្នំពេញៈ អគ្គនាយកដ្ឋានពន្ឋដា បានបើកវគ្គបណ្តុះបណ្តាល លើវិធីសាស្ត្រវាយតម្លៃអចលនវត្ថុបឋម ការវាស់វែងអចលនទ្រព្យ និងប្រភេទប័ណ្ណកម្មសិទ្ធិ ដើម្បីប្រសិទ្ធភាពនៃការប្រមូលចំណូល ពីវិស័យនេះឱ្យរិតតែមានប្រសិទ្ធភាពខ្ពស់។

អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ លោកបណ្ឌិតកែន សម្បត្តិ បានលើកឡើងនៅក្នុង វគ្គបណ្តុះបណ្តាល “ការវាយតម្លៃអចលនវត្ថុ” នៅថ្ងៃទី ៧ ខែ ឧសភា ឆ្នាំ ២០២២កន្លងមកថា ការពង្រីកសមត្ថភាពជំនាញលើវិស័យអចលនទ្រព្យ ពិតជាមានសាៈសំខាន់ណាស់ ដើម្បីធ្វើយ៉ាងណាឱ្យការវាយតម្លៃ និងគណនារកនូវមូលដ្ឋានគិតពន្ធ មានសុក្រឹតភាព ប្រសិទ្ធភាព ក្នុងការប្រមូលចំណូល ពាក់ព័ន្ធនឹងវិស័យអចលនទ្រព្យ ស្របតាមយុទ្ធសាស្រ្តកៀរគរចំណូល ២០១៩-២០២៣ របស់រាជរដ្ឋាភិបាល ក្នុងគោលដៅប្រមូលចំណូលពន្ធឱ្យអស់សក្តានុពល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា អគ្គនាយកដ្ឋានពន្ធដារ ជាស្ថាប័នមួយដែលខិតខំពង្រឹង និងបង្កើនប្រសិទ្ធភាព ក្នុងការផ្តល់សេវាជូនអ្នកជាប់ពន្ធ ឱ្យបានកាន់តែល្អប្រសើរ តាមរយៈការធ្វើទំនើបកម្មមុខងារ ពាក់ព័ន្ធនៃការប្រមូលពន្ធ និងការផ្តល់សេវាបង់ពន្ធ ដោយបានអភិវឌ្ឍ និងដាក់ឱ្យអនុវត្តនូវកម្មវិធីបច្ចេកវិទ្យាជាច្រើន។

ចំណូលពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ ក្នុងត្រីមាសទី១ ឆ្នាំ ២០២២ នេះមានសរុប៥៥,៧លានដុល្លារ ដែលកើន៣៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here