សមាគមពាណិជ្ជកម្មជប៉ុន អះអាងថា កម្ពុជានៅតែជាគោលដៅវិនិយោគរបស់នាក់វិនិយោគជប៉ុន

ដោយ៖ មនុប៊ី
ភ្នំពេញ៖ សមាគមពាណិជ្ជកម្មជប៉ុនប្រចាំកម្ពុជា (JBAC) ដែលមានក្រុមហ៊ុនជាសមាជិកចំនួន ២៧០ក្រុមហ៊ុន បានលើកឡើងថា កម្ពុជានៅតែជាគោលដៅវិនិយោគ និងទេសចរណ៍ដែលមានសុវត្ថិភាពខ្ពស់ ខណៈសមាគមពាណិជ្ជកម្មជប៉ុននេះ កំពុងតែសម្លឹងរកមើលឱកាស ដើម្បីបង្កើនការវិនិយោគលើវិស័យទេសចរណ៍។

ការលើកឡើងបែបនេះបានធ្វើឡើងនាថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងទេសចរណ៍ ក្នុងជំនួបពិភាក្សាការងាររវាងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយប្រតិភូវិនិយោគិនជប៉ុនដែលដឹកនាំដោយលោក ខាន់ដា យ៉ូហ្គោ (KANDA Yogo) ប្រធានសមាគមពាណិជ្ជកម្មជប៉ុនប្រចាំកម្ពុជា និងជាអ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុនសាជីវកម្មមីតស៊ុយប៊ីស្សី (Mitsubishi Corporation) ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោករដ្ឋមន្ត្រី ថោង ខុន បានថ្លែងថា មួយរយៈពេលចុងក្រោយនេះ កម្ពុជាទទួលបានកំណើនទេសចរក្នុងស្រុកច្រើនឡើងៗ ខណៈការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍នៅតាមមុខព្រួញនៃប្រតិបត្តិការទេសចរណ៍ ក៏កំពុងយកចិត្តទុកដាក់ខ្ពស់នៅទូទាំងប្រទេស ពិសេសនៅតាមមូលដ្ឋានអាជីវកម្មសំខាន់ៗចំនួន ៦ រួមមាន៖ រមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍ មូលដ្ឋានអាជីវកម្មដឹកជញ្ជូនទេសចរណ៍តាមផ្លូវគោក មូលដ្ឋានអាជីវកម្មដឹកជញ្ជូនទេសចរណ៍តាមផ្លូវទឹក មូលដ្ឋានសេវាកម្មស្នាក់នៅទេសចរណ៍ មូលដ្ឋានសេវាកម្មភោជនីយដ្ឋាន-អាហារដ្ឋាន។

លោក បានបញ្ជាក់ប្រាប់ប្រតិភូសមាគមពាណិជ្ជកម្មជប៉ុនប្រចាំកម្ពុជាផងដែរ អំពីគោលនយោបាយអភិវឌ្ឍន៍វិស័យទេសចរណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងរៀបចំផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍នៅខេត្តសៀមរាប ខេត្តមណ្ឌលគិរីនៃភូមិភាគឦសាន និងខេត្តកែប និងការអភិវឌ្ឍន៍ គោលដៅសេសដ្ឋកិច្ចពហុបំណងនៅក្រុងព្រះសីហនុ នៃតំបន់ឆ្នេរសមុទ្រភូមិភាគនិរតី។

លោករដ្ឋមន្ត្រី បន្តថា តំបន់សំខាន់ទាំងបីខាងលើនេះ ចាំបាច់ត្រូវការអ្នកវិនិយោគអន្តរជាតិជាច្រើនក្នុងការបណ្ដាក់ទុកវិនិយោគ និងជួយអភិវឌ្ឍន៍បង្កើតផលិតផលទេសចរណ៍ថ្មីៗ ប្រកបដោយភាពទាក់ទាញ។ ដូច្នេះវាក៏ជាឱកាសដ៏ល្អបំផុតសម្រាប់សមាជិករបស់សមាគម JBAC ដែរ ក្នុងការបង្កើនការវិនិយោគ និងទេសចរណ៍នៅកម្ពុជា។

លោក ខាន់ដា បានថ្លែងថា តាមពិតទៅសមាគម JBAC របស់លោកមានគម្រោងបង្កើនការវិនិយោគបន្ថែមនៅប្រទេសកម្ពុជាដែរ ប៉ុន្តែដោយសារកំលុងពេលនេះ ពិភពលោកទាំងមូលកំពុងជួបវិបត្តិជំងឺកូវីដ-១៩ ទើបសមាជិកទាំងឡាយផ្អាកគម្រោងរបស់ខ្លួនសិន ហើយកំពុងរង់ចាំស្ដាប់ព័ត៌មានអំពីការវិវត្តថ្មីៗបន្ថែម ប៉ុន្តែទោះជាយ៉ាងណា កម្ពុជានៅតែស្ថិតក្នុងគម្រោងវិនិយោគបន្ថែមរបស់ពួកគេជានិច្ច។

ប្រធាន JBAC រូបនេះបានបញ្ជាក់ទៀតថា នៅពេលដែលវិបត្តិជំងឺកូវីដ-១៩ ផុតរលត់ពីពិភពលោកនេះទៅ លោកនឹងជំរុញទាក់ទាញឱ្យសមាជិករបស់សមាគមបង្កើនការវិនិយោគនៅកម្ពុជាឱ្យបានច្រើនបន្ថែមទៀត ពិសេសគឺការវិនិយោគលើវិស័យទេសចរណ៍នេះតែម្ដង។

ភាគីកម្ពុជាមានការសប្បាយរីករាយខ្លាំងណាស់ នៅពេលបានស្ដាប់ការបញ្ជាក់ពីភាគីជប៉ុន។ ជាមួយគ្នានោះ លោករដ្ឋមន្ត្រី ថោង ខុន បានស្នើឱ្យសមាគម JBAC ជួយជំរុញឱ្យមានកំណើនភ្ញៀវទេសចរពីប្រទេសជប៉ុនមកកម្ពុជាឱ្យបានច្រើន នៅពេលជំងឺកូវីដ-១៩ ត្រូវបានបញ្ចប់ ខណៈកម្ពុជាកំពុងរៀបចំត្រៀមខ្លួនយ៉ាងយកចិត្តទុកដាក់ ក្នុងការទទួលស្វាគមន៍ការត្រលប់មកម្ដងទៀតរបស់ភ្ញៀវទេសចរអន្តរជាតិ។

លោក ថោង ខុន បានថ្លែងថា ម្ដងនេះកម្ពុជាទទួលបានមេរៀនជាច្រើនពីវិបត្តិជំងឺកូវីដ ហើយកម្ពុជាបានចាត់ទុកបញ្ហាការពារសុវត្ថិភាពភ្ញៀវទេសចរជារឿងចំបាច់បំផុតសម្រាប់ពេលតទៅមុខ ដែលការតាំងចិត្តទាំងនេះនឹងធានាបាននូវសុវត្ថិភាពទេសចរណ៍យ៉ាងរឹងមាំដល់ភ្ញៀវទេសចរ និងអ្នកវិនិយោគទូទៅ។

លោករដ្ឋមន្ត្រី ក៏បានស្នើឱ្យដល់សមាគម JBAC ជួយរៀបចំផែនការទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគពីប្រទេសជប៉ុនបន្ថែមផងដែរ ពីព្រោះលោកជឿថាការងារទាំងនេះមិនអាចពឹងតែទៅលើសមាគមឱ្យធ្វើតែម្នាក់ឯងនោះឡើយ វាចាំបាច់ត្រូវឱ្យកម្ពុជាខិតខំជួយធ្វើរួមគ្នាដែរ ដូច្នេះហើយលោករដ្ឋមន្ត្រីសង្ឃឹមថា JBAC នឹងជួយក្នុងកិច្ចការងារនេះ។

មួយវិញទៀត លោក ថោង ខុន បានស្នើដល់សមាគមពាណិជ្ជកម្មជប៉ុនប្រចាំកម្ពុជាបន្តគាំទ្រយុទ្ធនាការ «កម្ពុជាស្អាត» ដែលក្រសួងទេសចរណ៍បាននិងកំពុងធ្វើឆ្ពោះទៅកាន់ព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣ ពីព្រោះ JBAC ក៏ធ្លាប់បានជួយក្រសួងទេសចរណ៍ និងមានគម្រោងក្នុងកិច្ចការនេះដែរ។

លោក ខាន់ដា សន្យាថានឹងពង្រឹងកិច្ចសហការក៏ល្អនេះជាមួយកម្ពុជាបន្តទៅមុខទៀត ដើម្បីជំរុញវឌ្ឍនភាពលើវិស័យទេសចរណ៍ និងវិនិយោគនៃប្រទេសមិត្តទាំងពីរ ដោយអ្វីៗទាំងអស់ខាងលើនេះ សុទ្ធតែសង្ឃឹមទុកនៅពេលវិបត្តិជំងឺកូវីដ-១៩ រលាយរលត់ចេញផុតពីភពផែនដី៕

LEAVE A REPLY

Please enter your comment!
Please enter your name here