ខេត្តតំបន់ឆ្នេរ និងខេត្តភាគពាយព្យចំនួន៦ នៅតែជាគោលដៅទេសចរណ៍ពេញនិយមបំផុត នាចុងសប្តាហ៍កន្លងមក

ដោយ៖ សុផារី

ភ្នំពេញ៖ ខេត្តតំបន់ឆ្នេរនៃខេត្តព្រះសីហនុ កែប និងកំពត រួមជាមួយគោលដៅទេសចរណ៍នៅភាគពាយព្យនៃខេត្តសៀមរាប បាត់ដំបង និងពោធិ៍សាត់ គឺជាគោលដៅពេញនិយមសម្រាប់ភ្ញៀវទេសចរនាចុងសប្តាហ៍កន្លងមក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងនៅថ្ងៃទី០៩ ខែឧសភានេះថា នាចុងសប្តាហ៍ ថ្ងៃទី៧-៨ ខែឧសភា ឆ្នាំ២០២២ គោលដៅទេសចរណ៍សំខាន់ៗ រួមមាន ខេត្តតំបន់ឆ្នេរចំនួន៣ខេត្ត រួមមាន ខេត្តព្រះសីហនុ ទទួលបានភ្ញៀវទេសចរចំនួន ៦១.០២០នាក់ ខេត្តកំពត ៣០.៧០៥ នាក់ និងខេត្តកែប ២៩.៥០៩នាក់។

ចំណែក គោលដៅភាគពាយព្យនៃប្រទេស ដែលទទួលបានការពេញនិយមផងដែរនោះ រួមមាន ខេត្តបាត់ដំបង៣៤.៧៩០នាក់ ខេត្តសៀមរាប១៨.៦៩៦នាក់ និងខេត្តពោធិ៍សាត់១៥.១១១នាក់។

បើតាមទិន្នន័យក្រសួងទេសចរណ៍ដដែល នៅទូទាំងប្រទេសទទួលបានភ្ញៀវទេសចរសរុបមានចំនួន២៩៩.៨៨៨នាក់ ក្នុងនោះមានភ្ញៀវជាតិចំនួន២៨៣.៩៩០នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង១៥.៨៩៨នាក់។

លោករដ្ឋមន្ត្រី ថោង ខុន បានបន្តថា នេះជាសប្តាហ៍ទី៣ជាប់គ្នាបន្ទាប់ពីពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ដែលចរន្តភ្ញៀវទេសចរផ្ទៃក្នុងមានចំនួនប្រមាណ៣០ម៉ឺននាក់ ខណៈដែលមុនពិធីបុណ្យចូលឆ្នាំ ចរន្តភ្ញៀវជាមធ្យមក្នុងចន្លោះ២០-២៥ម៉ឺននាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here