ធនាគារហត្ថារក្សាបានចំណាត់ថ្នាក់កម្រិត BBB+ សម្រាប់ រយៈពេល ៤ ឆ្នាំជាប់គ្នាពីក្រុមហ៊ុន TRIS Rating

 

ដោយៈ សហការី

ភ្នំពេញៈ ធនាគារហត្ថា គឺជាធនាគារពាណិជ្ជដែលមានបណ្តាញធំជាងគេលំដាប់ទី២ ផ្អែកទៅលើសាខាប្រតិបត្តិការ ក្នុងព្រះរាជាណាចក្រកម្ពុជា រក្សាបានចំណាត់ថ្នាក់កម្រិត “BBB+” សម្រាប់ Company Rating និង កម្រិត “a-“ សម្រាប់ Stand-Alone Credit Profile ៤ឆ្នាំជាប់គ្នា ពីក្រុមហ៊ុន TRIS Rating ដែលមានមូលដ្ឋាននៅព្រះរាជាណាចក្រថៃ។

ចំណាត់ថ្នាក់កម្រិតនេះបញ្ជាក់ថា ធនាគារហត្ថា មានស្ថិរភាពលើដំណើ​រការប្រតិបត្តិការរបស់ខ្លួន ឈរជើងយ៉ាងរឹងមាំនៅក្នុងទីផ្សារកម្ពុជា មានស្ថានភាពដើមទុនគ្រប់គ្រាន់ និងការគ្រប់គ្រងហានិភ័យរឹងមាំ និងប្រកបដោ​យភាពប្រុងប្រយ័ត្ន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការទទួលបានចំណាត់ថ្នាក់នេះ ផ្អែកលើលទ្ធផលនៃការវាស់វែងសូចនាករសំខាន់ៗដូចជា ជាបុត្រសម្ព័ន្ធយុទ្ធសាស្ត្ររបស់ធនាគារKrungsri ដែលជាធនាគារធំជាងគេលំដាប់ទី៥ នៅព្រះរាជាណាចក្រថៃទំហំប្រតិបត្តិការធនាគារធំជាងគេលំដាប់ទី៦នៅកម្ពុជា។ មានស្ថានភាពដើមទុនរឹងមាំ និងគ្រប់គ្រាន់ និងមានមូលដ្ឋានប្រាក់បញ្ញើសន្ទនីយភាពមានភាពរឹងមាំ និងគ្រប់គ្រាន់។

លោកឧកញ៉ាហួត អៀងតុង ប្រធានអគ្គនាយក ធនាគារហត្ថាបានមានប្រសាសន៍ថា លទ្ធផលចំណាត់ថ្នាក់នេះ (BBB+) គឺជាសក្ខីភាព និងបានគូសបញ្ជាក់ប្រាប់ម្ចាស់ភាគហ៊ុនរបស់យើង និងសាធារណជនថា ធនាគារ ហត្ថា កំពុងដើរតាមទិសដៅអាជីវកម្មដ៏ត្រឹមត្រូវ និងមានប្រសិទ្ធភាពការងារខ្ពស់។ ខ្ញុំជឿជាក់ថាចំណាត់ថ្នាក់នេះនឹងជួយឱ្យ ធនាគារហត្ថា កៀងគរប្រភពមូលធន ដើម្បីរួមចំណែកជំរុញកំណើនអាជីវកម្មរបស់យើងឲ្យកាន់តែប្រសើរបន្តទៅមុខទៀត។

អំពីធនាគារ ហត្ថា

ធនាគារ ហត្ថា បានកម្លាយខ្លួនជាផ្លូវការពី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថា កសិករ លីមីតធីត មកជាធនាគារពាណិជ្ជ នៅខែសីហា ឆ្នាំ២០២០ បន្ទាប់ពីបានផ្តល់សេវាហិរញ្ញវត្ថុ ក្នុងប្រទេសកម្ពុជាជាង២៧ឆ្នាំ។ គិតត្រឹមខែមេសា ឆ្នាំ២០២១ ធនាគារ ហត្ថា មានការិយាល័យសាខាសរុបចំនួន១៧៧ ម៉ាស៊ីនអេធីអឹមចំនួន១៣៧ ហើយមានអតិថិជនបានបើកគណនី សរុបជាង ៥០០.០០០គណនី ជាមួយផលប័ត្រឥណទានសរុបជាង១.៩០០ លានដុល្លារអាមេរិក និងប្រាក់បញ្ញើសន្សំសរុបជិត១.២០០ លានដុល្លារអាមេរិក។

ចំណែកឯអតិថិជន ដែលកំពុងប្រើប្រាស់ កាតអេធីអឹមរបស់ធនាគារ ហត្ថា មានសរុបជិត៨០.០០០នាក់ និងមានអតិថិជនប្រើប្រាស់សេវា Hattha Mobile មានសរុបចំនួនជាង៩០.០០០នាក់។  ជាមួយនឹងការផ្តល់សេវាហិរញ្ញវត្ថុ យ៉ាងច្រើនសម្បូរបែបដល់អតិថិជនដូចជា សេវាឥណទាន សេវាប្រាក់បញ្ញើសន្សំ សេវាផ្ទេរប្រាក់ក្នុងស្រុក សេវាផ្ទេរប្រាក់ឆ្លងធនាគារក្នុងស្រុក សេវាអេធីអឹម សេវាធនាគារចល័ត សេវាបើកប្រាក់បៀវត្ស ព្រមទាំងជាភ្នាក់ងារណែនាំសេវាធានារ៉ាប់រង និងសេវាហិរញ្ញវត្ថុជាច្រើនផ្សេងទៀត។

ធនាគារ ហត្ថា គឺជាបុត្រសម្ព័ន្ធរបស់ធនាគារក្រុងស្រ៊ី ដែលជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី ៥ នៅព្រះរាជាណាចក្រថៃឡង់ដ៏ និងជាសមាជិករបស់សម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ Mitsubishi UFJ Financial Group (MUFG) ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេបំផុតនៅប្រទេសជប៉ុន ព្រមទាំងជាសម្ព័ន្ធសេវាហិរញ្ញវត្ថុដ៏ធំមួយក្នុងចំណោមសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេលើសកលលោក៕

LEAVE A REPLY

Please enter your comment!
Please enter your name here