ការវិនិយោគនិងការបង្កើតអាជីវកម្មខុសគ្នាដូចម្ដេច?

ដោយលក្ខិណា

ភ្នំពេញៈ នៅក្នុងសំណេរសេដ្ឋកិច្ចគេច្រើន ប្រើពាក្យវិនិយោគ និងពាក្យអាជីវកម្ម ដូចជា ការវិនិយោគក្នុងវិស័យណាមួយ និងការបង្កើតអាជីវកម្មអ្វីមួយជាដើម ។ ពាក្យទាំងពីរនេះសំដៅដល់ការស្វែងរកប្រាក់ចំណេញដូចគ្នា ក៏ប៉ុន្តែពាក្យនេះមិនមែនដូចគ្នាទាំងស្រុងនោះទេ។

តើការវិនិយោគនិងការបង្កើតអាជីវកម្ម មានលក្ខណៈខុសគ្នាយ៉ាងដូចម្ដេចខ្លះ?

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកង៉ែត ជូ សេដ្ឋវិទូមួយរូបក្នុងប្រទេសកម្ពុជា ដែលសារព័ត៌មានជាច្រើនបានដកស្រង់ប្រសាសន៍លោកសម្រាប់ការចុះផ្សាយ បាននិយាយពីពាក្យអាជីវកម្ម និងការវិនិយោគដើម្បីជាគន្លះដល់ដល់អ្នកសរសេរអត្ថបទផងនិងអ្នកកំពុងធ្វើមុខជំនួញផង។

លោកបានឲ្យដឹងថាការវិនិយោគគឺសំដៅដល់ការយកលុយបង្កើតជាលុយដោយមិនចាំបាច់នឿយហត់ឬជាប់រវល់ជាមួយនឹងការងារនោះឡើយដូចជាយកលុយទៅដាក់ក្នុងគ្រឹះស្ថានធនាគារឬមីក្រូហិរញ្ញវត្ថុដើម្បីយកការប្រាក់ចំណែកអាជីវកម្មវិញគឺត្រូវធ្វើការងារផ្ទាល់ដោយមិនមែនយកលុយទៅផ្ញើគេដើម្បីបានផលចំណេញនោះទេ។

លោកថា ការវិនិយោគ តម្រូវអោយបុគ្គលនោះមានតែទុន ក៏អាចធ្វើវាបានឧទាហរណ៍ថា យកលុយទៅវិនិយោគជាមួយក្រុមហ៊ុនណាមួយ ហើយម្ចាស់ភាគហ៊ុនផ្សេងទៀតជាអ្នកប្រតិបត្តិ ដោយអ្នកដាក់ទុនរង់ចាំតែផលប្រយោជន៍ និងមានតែទុនក៏បាន

លោកង៉ែត ជូបានបន្តថា បច្ចុប្នន្ននេះមានអ្នកមានទុនជាច្រើន បានបោះទុនសម្រាប់វិនិយោគ ដូចជា វិនិយោគក្នុងវិស័យអចលនទ្រព្យ វិនិយោគក្នុងផ្សារហ៊ុន ហើយរង់ចាំយក ផលចំណេញនៅពេលទីផ្សារហ៊ុនឡើងថ្លៃ ឬក៏នៅពេលទីផ្សារអចលនទ្រព្យឡើងថ្លៃជាក់ស្ដែង ដូចជា វិនិយោគទិញខុនដូមួយយូនីតឬពីរបីយូនីត ដោយទុករយៈពេលណាមួយហើយលក់វិញយកប្រាក់ចំណេញត្រលប់មក នេះគេហៅថាវិនិយោគ។ ប៉ុន្តែការវិនិយោគ ក៏ទាមទារអោយមានសតិបញ្ញា ក្នុងការគិតត្រិះរិះពិចារណាថា តើដំណាក់កាលណាគួរវិនិយោគវិស័យណាមួយ។

ដោយឡែកចំពោះពាក្យអាជីវកម្ម គឺតម្រូវអោយបុគ្គលអ្នកបង្កើតអាជីវកម្មនោះ មានទាំងទុន មានទាំងចំណេះជំនាញ។ សម្រាប់ជំនាញទៀតសោតក៏ត្រូវទាមទារអោយមានជំនាញផ្នែកគ្រប់គ្រងមនុស្ស ជំនាញលក់ជាដើម ទើបការធ្វើអាជីវកម្មមិនសូវប្រឈមនឹងហានិភ័យនៃការខាតបង់។ ការធ្វើអាជីវកម្ម គឺត្រូវស្វែងយល់ពីតម្រូវការអតិថិជនទៅលើផលិតផល ឬសេវាកម្មដែលត្រូវលក់ ហើយក៏ត្រូវយល់ពីធនធានដែលត្រូវប្រើដែរ ។

លោកបានផ្ដល់ជាយោបល់មួយសម្រាប់អ្នក ដែលចង់បង្កើតអាជីវកម្មមួយដោយជោគជ័យ គឺមិនគួរធ្វើការងារផងនិងធ្វើអាជីវកម្មផងនោះទេ ។ អ្នកដែលធ្វើការងារអោយគេផង និងធ្វើអាជីវកម្មផង ភាគច្រើនមិនសូវជោគជ័យទេ ដូច្នេះបើសិនជាចង់ជោគជ័យលើអាជីវកម្ម គួរតែហ៊ានលះបង់ការងារ ហើយមកគ្រប់គ្រងនិងរៀបយុទ្ធសាស្ត្រសម្រាប់អាជីវកម្មរបស់ខ្លួនវិញ នោះកម្រិតនៃការជោគជ័យទើបទទួលបានខ្ពស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here