ដោយៈគង់ សូរិយា
ភ្នំពេញៈ ក្រុមហ៊ុន Donaco International Ltd ដែលគ្រប់គ្រងកាស៊ីណូ នៅទីក្រុងប៉ោយប៉ែតបានស្នើឥណទាន៥លានដុល្លារ សម្រាប់ទ្រទ្រង់អាជីវកម្មកាស៊ីណូ DNA Star Vegas នៅក្រុងប៉ោយប៉ែត។
យោងតាមសេចក្តីប្រកាសព៌តមាន និងត្រូវបានចុះផ្សាយដោយGGR Asia នៅថ្ងៃទី៣ ខែឧសភាកន្លងមកបានឲ្យដឹងថា ក្រុមហ៊ុនបានការបិទបណ្តោះអាសន្នរយៈពេលពីរឆ្នាំ ដោយសារការ រីករាតត្បាតជំងឺកូវីដ។
ឯកសារដដែលបានឲ្យដឹងថា ក្រុមហ៊ុននេះ បានសម្រេចប្តូរឈ្មោះទៅជា “DNA Star Vegas”។
ការដាក់របាយការណ៍ កាលពីថ្ងៃច័ន្ទទៅកាន់ផ្សារមូលបត្រអូស្ត្រាលី ទាក់ទងនឹងការផ្តល់ប្រាក់កម្ចីនោះ ក្រុមហ៊ុន Donaco បានរំលឹកឡើងវិញថា កាស៊ីណូរបស់ខ្លួន “បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារជំងឺរាតត្បាត Covid-19 ហើយជាពិសេសការបិទព្រំដែនអន្តរជាតិ ដែលបានប៉ះពាល់យ៉ាងខ្លាំង ដល់កាស៊ីណូនៅ ប្រទេសវៀតណាម និងកម្ពុជា”។
ក្រុមហ៊ុនបានរំពឹងថា DNA Star Vegas នឹងអាចបើកដំណើរការឡើងវិញ ទោះបីមិនទាន់មានការបញ្ជាក់ណាមួយ ពីអាជ្ញាធររដ្ឋាភិបាលកម្ពុជាថា នឹងកើតឡើងនៅពេលណានោះទេ។
យោងតាមការប្រកាសរបស់រដ្ឋាភិបាលកម្ពុជា បញ្ជារឱ្យបិទកាស៊ីណូទាំងអស់ជាបណ្ដោះអាសន្នចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ ២០២០។
ក្រុមហ៊ុនេះបាននិយាយថា ឥណទាននេះ នឹងធានាថាអាជីវកម្ម នៅតែស្ថិតក្នុងស្ថានភាពប្រកបដោយនិរន្តរភាព រហូតដល់លក្ខខណ្ឌកាន់តែមាន ភាពល្អប្រសើរឡើង៕
– Video Advertisement –