ដោយ៖ លាងហួរ
ប្រទេសថៃ៖ ក្រសួងពាណិជ្ជកម្មថៃ កាលពីថ្ងៃទី០៤ ខែឧសភានេះ បានបង្ហាញផែនការ ក្នុងការនាំចេញផ្លែឈើស្រស់ចំនួន៥៣០.០០០តោនទៅកាន់ប្រទេសចិន នៅឆ្នាំ២០២២នេះ។
លោក Jurin Laksanawisit រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា “ដើម្បីសម្រេចបាននូវផែនការនេះ ការនាំចេញនឹងត្រូវធ្វើឡើងតាមផ្លូវសមុទ្រ ផ្លូវគោក និងផ្លូវអាកាស”។
លោកបានបញ្ជាក់ថា កាលពីឆ្នាំមុន ការនាំចេញផ្លែឈើរបស់ប្រទេសថៃចំនួន៥២ភាគរយ ត្រូវបានដឹកតាមសមុទ្រ ៤៨ភាគរយតាមផ្លូវគោក និងតិចជាង១ភាគរយតាមផ្លូវអាកាស។
លោកបានបន្តទៀតថា នៅក្នុងឆ្នាំនេះ ប្រទេសថៃនឹងផ្តោតលើការនាំចេញផ្លែឈើស្រស់ដឹកតាមផ្លូវសមុទ្រ ខណៈដែលច្រកព្រំដែនចិនចំនួន៤ត្រូវបានបិទបើក ដោយសារតែស្ថានភាពកូវីដ១៩ និងគោលនយោបាយសូន្យកូវីដ១៩ របស់ប្រទេសចិន។
នាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ (DITP) មានបំណងនាំចេញផ្លែឈើស្រស់ចំនួន ៥៣០.០០០តោនទៅកាន់ប្រទេសចិននៅក្នុងឆ្នាំនេះ។
លោកបានពន្យល់ថា ផ្លែឈើស្រស់ចំនួន៣៩០.០០០តោន ឬស្មើនឹង៨៣ភាគរយនឹងត្រូវនាំចេញតាមសមុទ្រ តាមរយៈខ្សែដឹកជញ្ជូនចំនួន៥ គឺ Cosco SITC Yang Ming Maersk និង Wanhai។ ចំណែកផ្លែឈើចំនួន៣៦.០០០តោន ឬ៦,៥ភាគរយទៀតនឹងត្រូវនាំចេញតាមផ្លូវអាកាសតាមរយៈ Thai Airways International Thai Lion Air AirAsia X និង China Southern Airlines។ ក្រៅពីនេះ ១០,៥ភាគរយនឹងត្រូវនាំចេញ តាមផ្លូវគោកតាមច្រកត្រួតពិនិត្យចំនួន៤។
នៅក្នុងត្រីមាសទីមួយ ប្រទេសថៃបាននាំចេញផ្លែឈើចំនួន៧៥៤.០២៧ តោន ដែលមានតម្លៃ ៣៣,៩៨ពាន់លានបាត៕