ក្រុមហ៊ុនម៉ាឡេស៊ីស្នើសុំវិនិយោគលើរុក្ខជាតិអំបូរកញ្ឆាក្នុងខេត្តកំពង់ស្ពឺ តែអភិបាលខេត្តបដិសេដ

ដោយ៖ សុផារី

កំពង់ស្ពឺ៖ ក្រុមអ្នកធុរកិច្ចម៉ាឡេស៊ីមានគម្រោងដាក់ទុនវិនិយោគលើការដាំដុះរុក្ខជាតិអំបូរកញ្ឆា និងរុក្ខជាតិតិណទេសផ្សេងទៀត ដើម្បីផលិតឱសថនាំចេញនៅក្នុងខេត្តកំពង់ស្ពឺ បន្ទាប់ពីមើលឃើញពីសក្ដានុពលជាច្រើននៃខេត្តមួយនេះ ប៉ុន្តែសំណើរនេះត្រូវបានលោកអភិបាលខេត្តបដិសេដ។

ក្នុងជំនួបពិភាក្សាការងារជាមួយលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅសាលាខេត្តកំពង់ស្ពឺនាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ លោក ដាតូ តេគឹមពូ នាយកក្រុមហ៊ុន អេដេង លេន ឯ.ក បានលើកឡើងថា ក្រុមហ៊ុនរបស់លោក និងក្រុមការងារធុរៈកិច្ចទី១ មានគោលបំណងចំនួន៤ ដែលចង់ដាក់ទុនវិនិយោគនៅក្នុងខេត្តកំពង់ស្ពឺ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបញ្ជាក់ថា ក្នុងនោះ គឺចង់វិនិយោគលើការដាំដុះរុក្ខជាតិអំបូរកញ្ឆា និងរុក្ខជាតិតិណទេសផ្សេងទៀត ដើម្បីផលិតឱសថនាំចេញបង្កើតខ្សែសង្វាក់ផលិតកម្មរោងចក្រសម្រាប់កែច្នៃ និងចម្រាញ់រុក្ខជាតិនេះ ស្វែងយល់ពីព័ត៌មានលម្អិតបន្ថែមស្តីពីការលើកទឹកចិត្តរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងស្វែងយល់ពីលទ្ធភាពនៃការអភិវឌ្ឍអចលនទ្រព្យ ឧស្សាហកម្ម នៅខេត្តកំពង់ស្ពឺ។

លោកបន្ដថា ការគ្រោងដាក់ទុនវិនិយោគនៅក្នុងខេត្តកំពង់ស្ពឺនេះ គឺជាខេត្តគោលដៅ ព្រោះខេត្តនេះមានសក្តានុពលគ្រប់គ្រាន់ដែលក្រុមហ៊ុនអាចដាក់ទុនវិនិយោគបាន ខណៈលោកមានផែនការចង់អភិវឌ្ឍន៍ខេត្តកំពង់ស្ពឺឱ្យក្លាយជាខេត្តសួនឧស្សាហកម្ម។

លោក វ៉ី សំណាង បានច្រានចោលការស្នើសុំវិនិយោគលើការដាំដុះអំបូររុក្ខជាតិកញ្ឆានិងរុក្ខជាតិតិណទេស ដែលក្រុមហ៊ុននេះអះអាងថា កែច្នៃធ្វើជាឱសថសម្រាប់នាំចេញ។

លោកថា ការដាំដុះកញ្ឆាគឺ ជាការល្មើសនឹងប្រឆាំងនឹងច្បាប់នៃកម្ពុជា ដែលនៅកម្ពុជាកញ្ឆាត្រូវបានចាត់ជាគ្រឿងញៀន។ យ៉ាងណាក្តី លោកបានឯកភាពលើសំណើ ដែលក្រុមហ៊ុនចង់វិនិយោគលើវិស័យអចលនទ្រព្យឧស្សាហកម្ម។

លោកបានមានប្រសាសន៍ថា “នៅខេត្តកំពង់ស្ពឺមានចម្ការស្វាយរាប់ម៉ឺនហិកតាដែលប្រជាកសិករខេត្តនេះដាំបាន ដូច្នេះក្រុម ហ៊ុនអាចសិក្សានិងបង្កើតរោងចក្រសម្រាប់កែច្នៃផ្លែស្វាយនេះបាន។ មិនតែប៉ុណ្ណោះ ខេត្តក៏មានធនធានច្រើនទៀតដូចជា រមណីយដ្ឋានសម្បូរបែប ទាំងរមណីយដ្ឋានធម្មជាតិ កែច្នៃ និងកសិទេសចរណ៍ មានធនធានរ៉ែ មានផ្ទៃដីដែលអំណោយផលដល់វិស័យកសិកម្ម មានទីតាំងល្អសម្រាប់វិស័យអចលនទ្រព្យ និងឧស្សាហកម្ម ដែលក្រុម ហ៊ុនអាចដាក់ទុនវិនិយោគនៅក្នុងខេត្តនេះបាន”៕

LEAVE A REPLY

Please enter your comment!
Please enter your name here