ដោយៈគង់ ម៉ាលីនណា
ភ្នំពេញៈ ជាដំណឹងរីករាយមួយ សម្រាប់ប្រជាពលរដ្ឋខេត្តកំពង់ស្ពឺ ដែលនឹងទទួលបានសមិទ្ឋផល ជាប្រវត្តិសាស្រ្តរបស់ខ្លួន ដោយពហុកីឡដ្ឋានក្នុងខេត្តនេះ នឹងបើកដំណើរការនៅខែកញ្ញាខាងមុខនេះហើយ។
ពហុកីឡាដ្ឋានដែលសាងសង់ឡើង តាមស្តង់ដាអន្តរជាតិនេះ ជាគំនិតផ្តួចផ្តើមរបស់លោក ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ ជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា កំពុងដំណើរការសាងសង់យ៉ាងរលូនសម្រេចបានជាង៩០ភាគរយ នៃគម្រោងទាំងមូល។
ពហុកីឡាដ្ឋាននេះ គ្រោងសម្ពោធដាក់ឱ្យប្រើប្រាស់នៅខែកញ្ញាខាងមុខ។ នេះបើយោងតាមឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ដោយបញ្ជាក់ថា ការងារសាងសង់នៅសេសសល់ ទាក់ទងនឹងសោភណ្ឌភាព ដូចជាការក្រាលស្មៅ ដាំដើមឈើ។
លោកវ៉ី សំណាងបានមានប្រសាសន៍ឲន្យដឹងទៀតថា គិតមកដល់ពេលនេះ សម្រេចបាន៩០ភាគរយហើយ នៅសល់តែការងារសម្អាតដាំស្មៅ ដាំដើមឈើ និងការងារសោភណ្ឌភាពបន្តិចទៀតទេ នឹងបញ្ចប់ឆាប់ៗខាងមុខ តាមផែនការហើយ ប្រហែលនៅខែ៩ខាងមុខនេះ គឺយើងអាចសម្ពោធដាក់ឱ្យប្រើប្រាស់បានហើយ។

កីឡដ្ឋានស្តង់ដារអន្តរជាតិនេះ ត្រូវបានសាងសង់ក្រោមជំនួយឧបត្ថម្ភទឹកប្រាក់ប្រមាណ២លានដុល្លារអាមេរិក មូលនិធិណាហ្គាវើល ដែលគ្រោងនឹងបញ្ចប់ការសាងសង់ទាំងមូល ឱ្យទាន់ពេលវេលាដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៣៕







