ដោយៈលក្ខិណា
ភ្នំពេញៈ ធនាគារព្រីនស៍ និងក្រុមហ៊ុនផ្ដល់សេវាផ្ទេរប្រាក់អន្តរជាតិRiaដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនEuronet Worldwide Inc (NASDAQ: EEFT) និងជាក្រុមហ៊ុនឈានមុខគេលំដាប់ពិភពលោក ក្នុងវិស័យផ្ទេរប្រាក់ឆ្លងប្រទេស បានប្រកាសពីកិច្ចសហការប្រតិបត្តិការអាជីវកម្មភាពជាដៃគូ ដើម្បីអនុញ្ញាតឱ្យអតិថិជន អាចធ្វើការផ្ទេរប្រាក់អន្តរជាតិ តាមរយៈបណ្តាញរបស់ធនាគារ ព្រីនស៍។
នៅក្នុងពិធីចុះហត្ថលេខាប្រកាស ពីកិច្ចសហការកាលពីថ្ងៃទី៣ ឧសភា២០២២ នៅសណ្ឋាគារសូហ្វីតែល លោកហ៊ន់ សុរចនា អភិបាលគ្រប់គ្រង និងប្រធាននាយកប្រតិបត្តិនៃធនាគារព្រីនស៍ បានមានប្រសាសន៍ថា ធនា គារព្រីនស៍ មានចក្ខុវិស័យរយៈពេលវែង ក្នុងការផ្តល់នូវសេវាកម្មធនាគារដ៏ល្អបំផុត ដើម្បីបម្រើអតិថិជនរបស់យើងនៅក្នុងស្រុក និងទូទាំងពិភពលោក ហើយការផ្ទេរប្រាក់ទៅក្រៅប្រទេស គឺជាសេវាកម្មដ៏សំខាន់មួយដែលឈានទៅរកចក្ខុវិស័យ និងគោលបំណងអាជីវកម្មរបស់យើង។
លោកបន្តថា នៅធនាគារ ព្រីនស៍ ខិតខំប្រឹងប្រែងឥតឈប់ឈរ ដែលមិនត្រឹមតែស្របតាមតម្រូវការ របស់អតិថិជនយើងប៉ុណ្ណោះទេ តែដើម្បីបំពេញនូវតម្រូវការ ដែលលើសពីការរំពឹងទុករបស់អតិថិជនផងដែរ ហើយគោលបំណងរបស់យើង គឺក្លាយជាធនាគារជម្រើសទីមួយ សម្រាប់ប្រជាជនកម្ពុជា ។
លោកបន្តថា “នេះពិតជាកិត្តិយស និងឱកាសដ៏ល្អសម្រាប់ធនាគារ ព្រីនស៍ ក្នុងការចាប់ដៃគូជាមួយក្រុមហ៊ុនសេវាផ្ទេរប្រាក់Ria ដើម្បីពង្រឹងសេវាផ្ទេរប្រាក់អន្តរជាតិរបស់យើង”។ លោកបន្តថា “យើងតែងតែព្យាយាមផ្តល់ជូននូវដំណោះស្រាយ និងសេវាកម្មល្អបំផុត ដោយប្រើប្រាស់ភាពច្នៃប្រឌិត ហើយយើងខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីបំពេញនូវតម្រូវការរបស់អតិថិជនរបស់យើង ជាមួយនឹងវិធីសាស្រ្តនៃសេវាកម្ម ហិរញ្ញវត្ថុ ដែលមានប្រសិទ្ធភាពជាងមុន”។
លោក Espen Kristensen អភិបាលគ្រប់គ្រងនៃ APAC បានមានប្រសាសន៍ថា “ភាពជាដៃគូជាមួយធនាគារ ព្រីនស៍ នេះ គឺជាការបោះជំហានទៅមុខមួយទៀត ក្នុងការផ្តល់នូវភាពងាយស្រួល និងលទ្ធភាពទទួលបានសេវាផ្ទេរប្រាក់ ដែលមិនអាចប្រៀបផ្ទឹមបានដល់អតិថិជនក្នុងប្រទេសកម្ពុជា ដែលនាំមកនូវអត្ថប្រយោជន៍បន្ថែមដល់អ្នកផ្ញើ និងអ្នកទទួលផលក្នុងប្រទេស តាមរយៈការផ្តល់នូវសេវាដកប្រាក់នៅ តាមទីតាំងដ៏ច្រើនសន្ធឹកសន្ធាប់ ហើយយើងមានបំណងផ្តល់នូវភាពងាយស្រួលថ្មីមួយកម្រិតទៀត តាមរយៈការបើកដំណើរសេវាផ្ទេរប្រាក់បញ្ញើ តាមធនាគារតាមពេលវេលាជាក់ស្តែង ដែលយើងអាចអនុញ្ញតឱ្យអ្នកទទួលផល ទទួលបានប្រាក់ក្នុងរយៈពេលត្រឹមប៉ុន្មាននាទីប៉ុណ្ណោះ ដោយផ្តល់នូវកម្រិតថ្មីនៃភាពងាយស្រួល និងអារម្មណ៍សុវត្ថិភាពសម្រាប់អតិថិជនរបស់យើង ស្របពេលដែលរួមចំណែកដល់លំហូរផ្នែកហិរញ្ញវត្ថុនៅក្នុងតំបន់ផងដែរ។
លោក រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យ នៃធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា នេះជាសក្ខីភាពមួយដែលឆ្លុះបញ្ចាំងពីការរីកចម្រើន ជាបន្តបន្ទាប់នៃវិស័យធនាគារ និងហិរញ្ញវត្ថុ ក្នុងយុគសម័យបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) និងជំនឿទុកចិត្តរបស់សាធារណជនមកលើវិស័យនេះ។
លោកបន្តថា ភាពជាដៃគូរវាងធនាគារ ព្រីនស៍ ម.ក និងក្រុមហ៊ុន RIA Financial Services ក្នុងការធ្វើប្រតិបត្តិការជាអ្នកដំណើរការតតិយភាគី គឺជាចំណែកមួយក្នុងចូលរួមអភិវឌ្ឍវិស័យប ច្ចេកវិទ្យាហិរញ្ញវត្ថុ ដោយផ្តល់នូវសេវាទូទាត់ និងសេវាផ្ទេរប្រាក់ ក៏ដូចជាចូលរួមលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុផងដែរ៕