ដោយៈគង់ ម៉ាលីនណា
ភ្នំពេញៈ ការមានប្រវត្តិឥណទានល្អ នឹងបង្កភាពងាយស្រួលដល់អតិថិជន ក្នុងការទទួលបានឥណទានថ្មី និងអាចមានលទ្ធភាពចរចាជាមួយស្ថាប័នផ្តល់កម្ចី ក្នុងការទទួលបានការប្រាក់ទាប។នេះបើតាមការលើកឡើងរបស់លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិ នៃការិយាល័យឥណទានកម្ពុជា (CBC)។
លោកបានមានប្រសាសន៍ថា “ការមានប្រវត្តិឥណទានល្អ ឬមិនល្អ គឺអាស្រ័យទៅលើគោលការណ៍ របស់ស្ថាប័ននីមួយៗនៃរយៈពេលនៃការសង់ត្រឡប់”។
លោកលើកទឹកចិត្តឱ្យអតិថិជន ធ្វើឱ្យខ្លួនមានប្រវត្តិឥណទានល្អ ដើម្បី ឱ្យពួកគេងាយស្រួលទទួលបានឥណទានថ្មី ហើយលើសពីនេះទៅទៀត អតិថិននឹងមានអំណាចគ្រប់គ្រាន់ ក្នុងការចរចាជាមួយគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ក្នុងការទទួលបានឥណទានដែលមានការប្រាក់ទាប មានទំហំធំជាងមុន និងមានលក្ខខណ្ឌល្អ។
លោកអឿ សុធារ័ត្ន បានបន្តថា សម្រាប់អ្នកដែលមិនធ្លាប់មានប្រវត្តិឥណទាន និងអ្នកដែលមានធ្លាប់ មានប្រវត្តិឥណទានមិនល្អពីមុនមក គួរចាប់ផ្តើមប្រតិបត្តិ ទៅតាមគោលការណ៍ ដែលភាគីទាំងពីរ គឺអ្នកខ្ចី និងអ្នកផ្តល់កម្ចីបានព្រៀមព្រៀងគ្នា គឺការបង់សងទៅតាមការកំណត់ ឬតាមកិច្ចព្រមព្រៀងរវាងស្ថាប័នហិរញ្ញវត្ថុ និងអ្នកទទួលកម្ចី ដើម្បីជួយកសាងប្រវត្តិឥណទានឱ្យកាន់តែល្អពីមួយខែទៅមួយខែ។
ជាមួយគ្នា ការប្រើប្រាស់ប្រាក់កម្ចីទៅតាមតម្រូវការ ដោយមិនលើសតម្រូវការ ប្រើប្រាស់ឥណទានឱ្យចំគោលដៅ និងការចេះពិនិត្យមើលសុខភាពហិរញ្ញវត្ថុរបស់ខ្លួនជាប្រចាំខែ បើទោះបីជាខ្លួនគ្មានតម្រូវការក៏ដោយ ក៏ជារឿងសំខាន់ផងដែរ ដែលត្រូវបានចាត់ទុកថា ជាអតិថិជនមានប្រវត្តិឥណទានល្អ ។
លោកអឿ សុធារ័ត្នបានបញ្ជាក់ថា ការឆែកប្រវត្តិឥណទាន អតិថិជន អាចរកសេវានៅតាមបណ្តាញរបស់ CBC និងសម្រាប់អ្នករស់តាមបណ្តាខេត្ត អាចរកសេវានេះបាន តាមរយៈដៃគូរបស់ CBC ដូចជាធនាគារអេស៊ីលីដា និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK ដែលមានទីតាំងគ្រប់ខេត្តក្រុង។ ដើម្បីសម្រួលដល់អតិថិនជនឱ្យកាន់តែងាយស្រួលជាងមុន ជាពិសេសអ្នកដែលជាប់រវល់ច្រើន អាចផ្ញើសុំរបាយការតាមរយៈ APP របស់ CBC ។
តាមរយៈអ៊ែបនេះ អតិថិជន អាចស្នើសុំរបាយការណ៍ឥណទាន ពិន្ទុឥណទាន និងឆែកប្រវត្តិឥណទានរបស់ខ្លួន ដោយ CBC នឹងរក្សាការសំងាត់ដល់អតិថិជនគ្រប់គ្នា។
បច្ចុប្បន្ននេះគុណភាពឥណទាននៅកម្ពុជា មានភាពល្អប្រសើរ ដោយក្នុងចំណោមអតិថិជន១០០នាក់ មានអតិថិជនប្រមាណ៣នាក់ប៉ុណ្ណោះ ដែលបង់សងមិនល្អ ខណៈអតិថិជនជាង៩០នាក់ទៀត បានបង់តាមការកំណត់ ៕