អ្នកជំនាញបង្ហាញក្ដីរំពឹងខ្ពស់សម្រាប់ការទទួលអ្នកដំណើរបរទេសនៅឆ្នាំនេះ

  ដោយៈសុធី

ភ្នំពេញៈ ក្រុមអ្នកជំនាញនៅក្នុងវិស័យទេសចរណ៍ បានបង្ហាញពីក្ដីរំពឹងខ្ពស់ ចំពោះសម្ទុះកំណើននៃភ្ញៀវទេសចរអន្តរជាតិ ដែលចូលមកកម្សាន្ដនៅកម្ពុជា បន្ទាប់ពីស្ថានភាពនៃការឆ្លងជំងឺកូវីដ-១៩ នៅប្រទេសកម្ពុជាមានការថមថយ និងមានការបើកសង្គម-សេដ្ឋកិច្ចឡើងវិញគ្រប់វិស័យ។

លោកធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកបានកត់សម្គាល់ឃើញថា ក្រោយពីរាជរដ្ឋាភិបាល បានកាត់បន្ថយក៏ដូចជាដកនូវរបាំងផ្សេងៗ នៃការធ្វើដំណើរទាក់ទងនឹងការធ្វើតេស្ដ ក៏ដូចជា ចត្តាឡីស័កជាដើមនោះ លោកសង្កេតឃើញថា កំណើននៃភ្ញៀវទេសចរណ៍បរទេសហាក់មានការកើនឡើងច្រើនគួរឲ្យកត់សម្គាល់ ជាពិសេសគឺ ជើងហោះហើរពីប្រទេសសិង្ហបុរី និងប្រទេសថៃ ដែលនេះគឺជាក្តីសង្ឃឹមថ្មីមួយសម្រាប់វិស័យទេសចរណ៍កម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្ថែមថា “ការបើកច្រកព្រំដែន នៅតាមបណ្តាប្រទេសជុំវិញកម្ពុជាដូចជា រៀតណាម និងថៃជាដើម ក៏ជាកក្តាមួយជំរុញភាពងាយស្រួលដល់ចរាចរណ៍តាមព្រំដែន ដែលអាចបង្កើនភ្ញៀវទេសចរបរទេសបន្ថែមទៀតផងដែរ”។

លោកធួន ស៊ីណាន ក៏បានគូសបញ្ជាក់បន្ថែមដែរថា ទោះបីជាវិស័យទេសចរណ៍ អាចនឹងងើបឡើងវិញក៏ពិតមែន ប៉ុន្តែវិស័យនេះនៅតែមានភាពក្មេងខ្ចីនៅឡើយ ដោយមិនរំពឹងថា នឹងអាចវិលត្រឡប់មកវិញបានឆាប់ៗដូចកម្រិតនៅមុនសម័យកូវីដនោះទេ។ ស្របពេល ប្រទេសជុំវិញមានគោលនយោបាយបើកចំហរ និងដករបាំងទេសចរណ៍ជាបណ្ដើរៗក្ដី ប៉ុន្ដែអ្វីដែលអ្នកជំនាញកាន់តែមានការគួរឲ្យបារម្ភនោះ គឺបញ្ហាសង្រ្គាមនៅរុស្សី និងអ៊ុយក្រែន ព្រោះបើវាកាន់តែអូសបន្លាយយូរ នឹងប៉ះពាល់កាន់តែច្រើនទៅៗដល់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចទាំងមូផងដែរ។

បើតាម លោក ធួន ស៊ីណាន បច្ចុប្បន្ននេះការទាក់ទាញភ្ញៀវទេសចរមកពីតំបន់អឺរ៉ុប ក៏ដូចជាតំបន់ឆ្ងាយៗ មិនមែនជាក្តីរំពឹងរបស់កម្ពុជានោះទេ។ អ្វីដែលកម្ពុជាផ្តោតសំខាន់ និងសង្ឃឹមខ្ពស់នោះ គឺភ្ញៀវទេសចរក្នុងតំបន់អាស៊ាន ជាពិសេសប្រទេសចិន និងឥណ្ឌាដែលជាទីផ្សារធំរបស់កម្ពុជា។

ទោះយ៉ាងណា ប្រទេសចិនថ្មីៗនេះ ត្រូវបានគេរាយការណ៍ថា កំពុងប្រឈមខ្លាំងនៃជំងឺរាតត្បាតកូវីដ១៩ ពិសេសនៅទីក្រុងសៀងហៃ និងរដ្ឋធានីប៉េកាំងតែម្ដង។

ជុំវិញនឹងវិស័យទេសចរណ៍នេះដែរ លោកឌិន សុមេធារិទ្ធ ប្រធានសមាគមសណ្ឋាគារកម្ពុជា ក៏បានកត់សម្គាល់ឃើញថា ភ្ញៀវទេសចរបរទេសមកកាន់កម្ពុជា នាពេលបច្ចុប្បន្នមានការកើនឡើងផងដែរ ដោយគិតត្រឹមរយៈពេលមួយត្រីមាស នៃដើមឆ្នាំ២០២២នេះ ភ្ញៀវទេសចរណ៍បរទេសមានប្រមាណជិត១៦ម៉ឺននាក់ ដែលចំនួននេះប្រហាក់ប្រហែល នឹងចំនួនភ្ញៀវទេសចរបរទេសនៅរយៈពេលពេញមួយឆ្នាំ២០២១។

លោកបានបន្ថែមទៀតថា “ចំពោះវិស័យសណ្ឋាគារ និងផ្ទះសំណាក់ហាក់មិនទាន់មានការប្រែប្រួលខ្លាំង គួរឲ្យកត់សម្គាល់នោះទេ ពោលគិតចាប់ពីដើមឆ្នាំ២០២២មក វិស័យសណ្ឋាគារនិងផ្ទះសំណាក់ មានការកើនឡើងប្រមាណពី ១០ភាគរយ ទៅ២០ភាគរយ បើប្រៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១។

ទោះជាបែបនេះក្ដី ប្រធានសមាគមសណ្ឋាគាររូបនេះ បានបង្ហាញនូវក្ដីរំពឹងខ្ពស់ថា ក្នុងឆ្នាំ២០២២ វិស័យសណ្ឋាគារ និងផ្ទះសំណាក់ នឹងកាន់តែប្រសើរឡើងជាបន្តបន្ទាប់ ដោយសារតែកម្ពុជាមានការដកនូវឧបសគ្គ និងលក្ខខណ្ឌតម្រូវនានាដល់អ្នកដំណើរបរទេស ក៏ដូចជាប្រទេសជុំវិញមានការបើកច្រកព្រំដែនផងដែរ ហើយកម្ពុជានឹងមានកំណើន ភ្ញៀវទេសចរកាន់តែច្រើនចូលមកនៅពេលខាងមុខ។

កាលពីពេលថ្មីៗនេះ កម្ពុជាបានលុបចោលនូវលក្ខខណ្ឌ តម្រូវឲ្យអ្នកដំណើរមកពីបរទេសបង្ហាញលទ្ធផលតេស្តPCR អវិជ្ជមានក្នុងរយៈពេល៧២ម៉ោង មុនមកដល់កម្ពុជា និងលុបចោលការតម្រូវឲ្យធ្វើតេស្តរហ័សនៅពេលមកដល់កម្ពុជា និងកាត់បន្ថយរយៈពេលធ្វើចត្តាឡីស័ក មកនៅត្រឹម៧ថ្ងៃ សម្រាប់អ្នកដំណើរពីបរទេស ដែលមិនទាន់បានចាក់វ៉ាក់សាំងផងដែរ។

របាយការណ៍ការពីក្រសួងទេសចរណ៍បង្ហាញថា នៅត្រីមាសទី១នៅឆ្នាំ២០២២ ចំនួនអ្នកភ្ញៀវទេសរអន្តរជាតិ ចូលមកកម្ពុជាមានជិត១៦ម៉ឺននាក់កើនឡើងប្រមាណ១២៥% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១៕

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here