រុស្ស៊ី រំពឹងទំហំពាណិជ្ជកម្មជាមួយប្រទេសចិន នឹងឈានដល់ ២០០ពាន់លានដុល្លារ ខណៈរងទណ្ឌកម្មជុំទិស

ដោយសុខុម

អន្តរជាតិ: រុស្ស៊ី និយាយកាលពីថ្ងៃសៅរ៍ ទី៣០ ខែមេសា ថា ខ្លួនរំពឹងថារំហូរទំនិញជាមួយប្រទេសចិន នឹងកើនឡើង ហើយពាណិជ្ជកម្មជាមួយក្រុងប៉េកាំង នឹងឈានដល់២០០ពាន់លានដុល្លារអាមេរិក នៅត្រឹមឆ្នាំ២០២៤ ខណៈក្រុងមូស្គូ ប្រឈមនឹងភាពឯកោកាន់តែខ្លាំងឡើងពីលោកខាងលិច។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រទេសចិន បានបដិសេធមិនថ្កោលទោសទង្វើឈ្លានពានរបស់រុស្ស៊ី ចូលក្នុងប្រទេសអ៊ុយក្រែន ឡើយ ហើយបែរជារិះគន់លោកខាងលិច ដែលបានដាក់ទណ្ឌកម្មធ្ងន់ធ្ងរមិនធ្លាប់មានជាប្រវត្តិសាស្ត្រទៅលើក្រុងមូស្គូ ទៅវិញ។

ប្រទេសទាំងពីរបានពង្រឹងទំនាក់ទំនងកាន់តែស្អិតរមួតក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ រួមទាំងការប្រកាសភាពជាដៃគូ “គ្មានដែនកំណត់” កាលពីខែកុម្ភៈ ផងដែរ។

លោក Georgiy Zinoviev ប្រធាននាយកដ្ឋានទទួលបន្ទុកកិច្ចការអាស៊ី នៃក្រសួងការបរទេសរុស្ស៊ី បានប្រាប់ទីភ្នាក់ងារព័ត៌មាន Interfax ថា “យើងកំពុងផ្តោតលើការសម្រេចគោលដៅដែលប្រមុខរដ្ឋនៃប្រទេសទាំងពីរបានកំណត់ ដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យឈានដល់២០០ពាន់លានដុល្លារអាមេរិក នៅត្រឹមឆ្នាំ២០២៤”។

ដោយរុស្ស៊ី កំពុងទទួលរងទណ្ឌកម្មជុំទិសដែលធ្វើឱ្យសេដ្ឋកិច្ចប្រទេសនេះទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ លោក Georgiy Zinoviev លើកឡើងថា ប្រទេសទាំងពីរត្រូវការពេលវេលាដើម្បីសម្របខ្លួន។

លោកគូសបញ្ជាក់ថា “ក្រុមហ៊ុនសហគ្រាសចិន នៅតែចាប់អារម្មណ៍ពង្រីកវត្តមានរបស់ខ្លួននៅក្នុងប្រទេសរុស្ស៊ី ដែលកំពុងបើកចំហឱកាសបន្ថែមដោយសារក្រុមហ៊ុនលោកខាងលិចមួយចំនួនបានចាកចេញពីប្រទេសរុស្ស៊ី”។

លោកបានបន្ថែមថា “ខ្ញុំជឿជាក់ថា បណ្ដាដៃគូរបស់យើង និងយើងនឹងអាចប្រើប្រាស់ស្ថានភាពបច្ចុប្បន្នដើម្បីផលប្រយោជន៍រួមរបស់យើង ហើយបញ្ចេញសក្តានុពលពេញទំហឹងសម្រាប់ការបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here