លំហូរប្រាក់​ពី​ពលករកម្ពុជានៅក្រៅប្រទេស​ចូល​កម្ពុជា មាន​រាប់ពាន់លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ

ដោយ៖ លក្ខិណា

ភ្នំពេញ ៖ ប្រទេស​កម្ពុជាបានបញ្ជូនពលកររបស់ខ្លួនទៅបម្រើការងារនៅក្រៅប្រទេសរាប់ម៉ឺននាក់ ហើយពលករបម្រើការងារនៅក្រៅប្រទេសទាំង​នោះ​បានផ្ញើប្រាក់ត្រលប់មកស្រុកវិញជាច្រើនពាន់លានដុល្លារក្នុងមួយឆ្នាំៗ។


បើយោងតាមប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងនៅក្នុងឱកាសខួបអនុស្សាវីរយ៍លើកទី១៣៦ នៃទវាពលកម្មអន្តរជាតិ ១ ឧសភា ២០២២ឱ្យដឹងថា រហូតមកដល់ពេលនេះ ពលករកម្ពុជាកំពុងធ្វើការនៅក្រៅប្រទេសមានចំនួន ១.៣០១.៦០៩នាក់ ក្នុងនោះប្រទេសថៃ មានចំនួនច្រើនជាងគេ រហូតដល់១.២២០.១៩៧នាក់ ប្រទេសកូរ៉េ មានចំនួន ៤៥.៨៦៦នាក់ ម៉ាឡេស៊ី ២៣.០២៧នាក់ ជប៉ុនមានចំនួន១១.៤៥៣នាក់ ប្រទេសសិង្ហបុរីមានចំនួន៨២១នាក់ ហុងកុង មានចំនួន២០២នាក់ និងអារ៉ាប់ប៊ីសាអូឌីតមានចំនួន៤៣នាក់។

សម្ដេចតេជោមានប្រសាសន៍ថា បើតាមការប៉ាន់ស្មានប្រមាណពីប្រាក់បញ្ញើដែលពលករបានផ្ញើជូនក្រុមគ្រួសារក្នុងមួយឆ្នាំៗមានជាច្រើនពាន់លានដុល្លារអាមេរិក ដែលតាមរយៈទឹកប្រាក់ទាំងនេះ បានចូលរួមចំណែកជំរុញ ដល់កំណើនសេដ្ឋកិច្ច ហើយជីវភាពរស់នៅរបស់ក្រុមគ្រួសារពលករកាន់តែប្រសើរឡើងផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្ដេចបន្ថែមថា រាជរដ្ឋាភិបាលក៏កំពុងបន្តជំរុញការអនុវត្តគោលនយោបាយស្ដីពីទេសន្តរប្រវេសន៍ការងារសម្រាប់ប្រទេសកម្ពុជា ឆ្នាំ ២០១៩-២០២៣និងបទដ្ឋានគតិយុត្តិពាក់ព័ន្ធក្នុងការការពារ និងលើកកម្ពស់សិទ្ធិនិងផលប្រយោជន៍បងប្អូនពលករ ទាំងការទទួលបានកិច្ចគាំពារសង្គមក្នុងពេលបម្រើការងារ និងពេលត្រលប់មកស្រុកកំណើនវិញ។

បើតាមក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៃកម្ពុជាបានឱ្យដឹងនាពេលកន្លងមកថា ក្នុងឆ្នាំ២០២១កន្លងទៅ ទោះបីជាពិភពលោកក៏ដូចជាកម្ពុជាបានជួបនឹងវិបត្តិកូវីដ១៩ធ្ងន់ធ្ងរក្ដី ពលករធ្វើការនៅក្រៅប្រទេសបានផ្ញើប្រាក់ចូលមកកម្ពុជា ក្នុងទំហំទឹកប្រាក់ប្រមាណជាង៣ពាន់លានដុល្លារអាមេរិក ដែលអាចជួយសម្រួលដល់ក្រុមគ្រួសាររបស់ពួកគេនៅក្នុងប្រទេសបានមួយកម្រិតផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here