ក្រសួងពាណិជ្ជកម្ម៖ ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េនឹងចាប់ផ្តើមក្នុងពេលដ៏ខ្លីខាងមុខ

ដោយ ៖ ប៊ី
ភ្នំពេញ៖ ចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េនឹងប្រកាសចាប់ផ្តើមក្នុងពេលដ៏ខ្លីខាងមុខ បន្ទាប់ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានការកើនឡើងជាបន្តបន្ទាប់។ នេះបើយោងតាមការលើកឡើងរបស់ក្រសួងពាណិជ្ជកម្មកម្ពុជានៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០។

ការលើកឡើងបែបនេះធ្វើឡើងក្នុងជំនួបពិភាក្សាមួយរវាងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងផាក ហឹងយឹង (Park Heung-Kyeong) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួងពាណិជ្ជកម្ម។

ក្នុងជំនួបនេះ លោករដ្ឋមន្រ្តី និងលោកឯកអគ្គរដ្ឋទូត បានបញ្ជាក់អំពីសារៈសំខាន់ នៃទំនាក់ទំនងដ៏ល្អប្រសើររវាងកម្ពុជា និងកូរ៉េ ទាំងផ្នែកសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងនយោបាយ ដែលទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរមានការកើនឡើងជាបន្តបន្ទាប់ រហូតឈានដល់ការប្រកាសចាប់ផ្តើមចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េក្នុងពេលដ៏ខ្លីខាងមុខ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ភាគីទាំងពិរ បានពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាអំពីស្ថានភាព និងការវិវត្ត នៅអង្គការពាណិជ្ជកម្មពិភពលោក (WTO)។
កម្ពុជានៅតែបន្តគាំទ្រអង្គការពាណិជ្ជកម្មពិភពលោក និងប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដោយអង្គការ WTO បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយដល់សមាជិកជាប្រទេសកំពុងអភិវឌ្ឍ និងអភិវឌ្ឍន៍តិចតួច ដែលរួមមានកម្ពុជាផងដែរ ឱ្យទទួលបានភាពអនុគ្រោះពាណិជ្ជកម្ម និងប្រព្រឹត្តិកម្មពិសេស ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ហើយអង្គការ WTO ក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រួលពាណិជ្ជកម្មពិភពលោក។

ក្នុងនោះផងដែរ លោករដ្ឋមន្ត្រី ក៏បានស្នើសុំឱ្យឯកឧត្តមឯកអគ្គរដ្ឋទូត ជួយផ្សព្វផ្សាយពីបរិយកាសវិនិយោគដ៏ល្អប្រសើររបស់កម្ពុជាទៅដល់វិស័យឯកជនកូរ៉េ ដើម្បីទាក់ទាញវិនិយោគិនបន្ថែម ជាពិសេសសម្រាប់វិស័យកែច្នៃកសិផល គ្រឿងបង្គុំអេឡិចត្រូនិក និងរថយន្ត ដើម្បីផ្សារភ្ជាប់ជាមួយនឹងខ្សែសង្វាក់ផ្គត់ផ្គង់តំបន់និងពិភពលោក ក៏ដូចជាវិនិយោគលើវិស័យបច្ចេកវិទ្យា និងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដែលជាវិស័យដែលសាធារណរដ្ឋកូរ៉េមានសក្ដានុពលខ្ពស់។

មន្ត្រីជាន់របស់កូរ៉េខាងត្បូង បានលើកឡើងកាលពីពេលថ្មីៗនេះថា ប្រទេសកូរ៉េខាងត្បូងនឹងបើកកិច្ចចរចាសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយកម្ពុជានៅក្នុងខែនេះ ដោយសង្ឃឹមថានឹងបង្កើនឥទ្ធិពលសេដ្ឋកិច្ចរបស់ខ្លួននៅអាស៊ីអាគ្នេយ៍។

លោក Hong Nam-ki ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុកូរ៉េខាងត្បូង បានមានប្រសាសន៍ថា “ចាប់តាំងពីការស្នើសុំកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយកម្ពុជាត្រូវបានលើកឡើងនៅក្នុងខែមីនាកាលពីឆ្នាំមុន ដែលជាផ្នែកមួយនៃគោលនយោបាយថ្មីភាគខាងត្បូងរបស់រដ្ឋាភិបាលការសិក្សារួមគ្នា និងការពិភាក្សាសាធារណៈពាក់ព័ន្ធ ត្រូវបានបញ្ចប់នៅចុងខែឧសភា និងថ្ងៃទី១២ ខែមិថុនា”។

លោកបានបន្ថែមថា “ផ្អែកលើបញ្ហានេះរដ្ឋាភិបាលគ្រោងនឹងបញ្ចប់ដំណើរការនេះរួមទាំងការដាក់របាយការណ៍ទៅរដ្ឋសភា និងបើកការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នៅខែកក្កដានេះ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here