ដោយៈលក្ខិណា
ភ្នំពេញៈ ក្នុងវិបត្តិនៃជំងឺកូវីដ១៩រយៈពេលជាង២ឆ្នាំ កន្លងមកនេះ ធនធានមនុស្ស ក្នុងវិស័យទេសចរណ៍បានបាត់បង់បន្តិចម្ដងៗ ហើយពួកគេក៏បានទៅធ្វើការ និងប្រឡូកក្នុងវិស័យផ្សេង ដើម្បីរកប្រភពចំណូលផ្គត់ផ្គង់គ្រួសារ ដូចជាវិស័យអចលនទ្រព្យ និងកសិកម្មជាដើម ដែលធ្វើឱ្យអ្នកជំនាញនៃវិស័យទេសចរណ៍ កំពុងព្រួយបារម្ភពីការបាត់បង់ធនធានមនុស្សក្នុងវិស័យនេះ ។
លោកហូ វណ្ឌីទី ប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានឱ្យដឹងកាលពីសប្តាហ៍មុនថា ក្នុងអំឡុងនៃការផ្ទុះនៃជំងឺកូវីដ១៩ ប្រមាណជាង២ឆ្នាំនេះ អ្នករកស៊ីលើវិស័យទេសចរណ៍ស្ទើរតែ ៨០ភាគរយ បានបោះបង់ចោលវិស័យនេះ ចំណែកខ្លះទៀតបានបន្តខ្ចីបុល ដើម្បីបន្តអាជីវកម្មរបស់ខ្លួន ។
លោកបន្តថា “ភ្នាក់ងារទេសចរណ៍បានទទួលរងផលប៉ះពាល់ ដោយសារតែជំងឺកុវីដ១៩ ដែលធ្វើឱ្យអ្នកជំនាញបាត់បង់អាជីព ការងារព្រមទាំងជំនាញ របស់ខ្លួនដោយខ្លះទៀតបានបោះបង់អាជីពខ្លួនចោល ដោយទៅរកមុខជំនាញថ្មីៗដើម្បីបន្តរកប្រាក់ចំណូលសម្រាប់ជីវិត”។
លោកបន្ថែមថា ជំងឺកូវីដ១៩ បានបំផ្លាញនូវធនធានមនុស្ស ពិសេស អ្នកមានជំនាញលើវិស័យទេសចរណ៍ ត្រូវបានបង្ខំចិត្តបោះបង់ជំនាញរបស់ខ្លួន ដើម្បីទៅចាប់យកនូវមុខរបរថ្មី បានបំផ្លាញនូវធនធានហិរញ្ញវត្ថុ បំផ្លាញគម្រោងវិនិយោគទេសចរណ៍ គ្រប់ខ្នាតទាំងតូចទាំងធំ ប៉ុន្តែក្រសួងទេសចរណ៍ រាជ្យបណ្ឌិត្យសភាកម្ពុជា ព្រមទាំងដៃគូពាក់ព័ន្ធទាំងអស់ បានខិតខំប្រឹងប្រែងមែនទែន ដើម្បីហៅត្រលប់មកវិញនូវធនធានមនុស្ស ដើម្បីចូលប្រឡូកក្នុងជំនាញនេះឡើងវិញ ។
ក្រោយពីរដ្ឋាភិបាលបានបើកឱ្យរៀបចំ ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរក្នុងឆ្នាំ២០២២នេះ ប្រជាពលរដ្ឋកម្ពុជាប្រមាណជិត៦លាននាក់បានចេញដើរកម្សាន្តទូទាំងប្រទេស ហើយតម្រូវការសេវាទេសចរណ៍ នៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរនេះ ក៏មានកំណើនឡើង ដោយសារតែទេសចរក្នុងស្រុកកើនឡើងខ្ពស់ ។
លោកស្រីឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានថ្លែងថា ការបើកប្រទេសពេញលេញ ការបើកទូលាយសម្រាប់ទេសចរបរទេស បូករួមជាមួយការកើនឡើងរបស់ភ្ញៀវទេសចរ ជាកត្តាជំរុញឱ្យអ្នកជំនាញផ្នែកទេសចរណ៍ អាចនឹងត្រលប់មកបម្រើការងារ តាមចំណេះជំនាញរបស់ខ្លួន ៕