លោកស៊ុន ចាន់ថុលៈការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានាជាគន្លឹះអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសថៃ-កម្ពុជា

ដោយៈ សុផារី

ភ្នំពេញៈ លោកស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានថ្លែងថា ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត មិនគ្រាន់តែបង្កើនទំហំនៃការធ្វើពាណិជ្ជកម្ម ទេសចរណ៍ និងវិនិយោគប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកត្តាគន្លឹះ ជួយជំរុញដល់កំណើនពាណិជ្ជកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសថៃ-កម្ពុជាផងដែរ។

ក្នុងជំនួបពិភាក្សាការងារជាមួយលោក Saksayam Chidchob រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនថៃ អំពីកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា-ថៃ ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២០ ខែមេសា លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានផ្តោតការយកចិត្តទុកដាក់ ទៅលើកែលម្អប្រព័ន្ធផ្លូវដែកកម្ពុជា ដោយបច្ចុប្បន្ននេះកម្ពុជា កំពុងតែដំណើរការការសិក្សាសមិទ្ធិលទ្ធភាព(Feasibility Study) លើការធ្វើទំនើបកម្មផ្លូវដែកល្បឿនលឿននៅកម្ពុជា ហើយការសិក្សានេះគ្រោងនឹងបញ្ចប់ក្នុងរយៈពេល៣ខែខាងមុខ។
ភាគីទាំងពីរពិភាក្សារកវិធីសាស្រ្ត ជំរុញការអនុវត្តគម្រោងសាងសង់រចនាសម្ព័ន្ធឆ្លងកាត់ព្រំដែន (Cross Border Facilities) នៅច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន និងដាក់ឱ្យដំណើរការច្រកទ្វារព្រំដែននេះ ឱ្យបានឆាប់ប្រកបដោយប្រសិទ្ធភាព សំដៅសម្រាលការកកស្ទះ នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត-អារញ្ញប្រាថេត ការបើកច្រកទ្វារព្រំដែនផ្សេងទៀត នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងកិច្ចព្រមព្រៀងដឹកជញ្ជូនឆ្លងកាត់ព្រំដែន ក្នុងគោលបំណងបង្កើនការតភ្ជាប់ បង្កើនទំហំពាណិជ្ជកម្ម ទាក់ទាញទេសចរណ៍ និងវិនិយោគ និងជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ។

លោកក៏បានគូសបញ្ជាក់ពី គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធកំពុងអនុវត្តបន្តរបស់កម្ពុជា ក្នុងគោលបំណងដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងទេសចរណ៍ឱ្យកាន់តែប្រសើរឡើងថែមទៀត ដែលរួមមាន គម្រោងសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ៥ ដែលគ្រោងនឹងបញ្ចប់ទាំងស្រុងនៅក្នុងឆ្នាំ២០២៤ បង្កើតបានជាអាស៊ានហាយវ៉េលេខ១ គម្រោងសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ពីស្រុកស្រែអំបិល ទៅខេត្តកោះកុង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រៅពីនេះ ក៏មានគម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៤ ពីភ្នំពេញទៅកំពង់ផែសមុទ្រទឹកជ្រៅ ខេត្តព្រះសីហនុ បង្កើតបានជាអាស៊ានហាយវ៉េលេខ១១ តភ្ជាប់ពីប្រទេសឡាវតាមរយៈផ្លូវជាតិលេខ៧ គម្រោងសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញ ទៅកំពង់ផែសមុទ្រទឹកជ្រៅ ខេត្តព្រះសីហនុ ដោយឈរលើគោលការណ៍ BOT (កសាង ប្រតិបត្តិ ផ្ទេរ) ដែលគ្រោងនឹងបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២២ និងគម្រោងធ្វើឱ្យប្រសើរឡើងលេខ៦៧ ពីភ្នំពេញទៅអន្លង់វែង និងតភ្ជាប់ទៅកាន់ប្រទេសថៃ។

លោកទេសរដ្ឋមន្ត្រី បានថ្លែងថា ក្នុងគម្រោងសាងសង់រចនាសម្ព័ន្ធឆ្លងកាត់ព្រំដែន និងស្ពានមិត្តភាពកម្ពុជា-ថៃ ស្ទឹងបត់-បានណងអៀន ដែលភាគីថៃបានផ្តល់ហិរញ្ញប្បទានដល់កម្ពុជា នឹងជួយសម្រាលដល់ការកកស្ទះនៅច្រកទ្វារព្រំដែនប៉ោយប៉ែត-អារញ្ញប្រាថេត  និងជំនួយជាដែករ៉ៃប្រើរួចប្រវែង១៤០គីឡូម៉ែត្រ រួមទាំងកំណល់ និងក្រចាប់ ជាប្រយោជន៍សម្រាប់ប្រើប្រា​ស់នៅក្នុងវិស័យផ្លូវដែកនៅកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here