ដោយៈសុផារី
ភ្នំពេញៈ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលនយោបាយឌីជីថល ដោយផ្តោតលើសសរស្តម្ភសំខាន់ៗចំនួន៣ ដើម្បីដើរឱ្យទាន់ក្នុងឧស្សាហកម្ម៤.០។
លោកបានថ្លែងបែបនេះ ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា រវាងក្រសួងបរិស្ថាន និងដៃគូ ដើម្បីប្រើប្រាស់បច្ចេកវិទ្យាសូហ្វែរ ឧស្សាហកម្មឌីជីថល ក្នុងការបណ្តុះបណ្តាល និងទទួលស្គាល់ស្តង់ដារផ្នែកជំនាញវិស្វកម្ម បច្ចេកវិទ្យា និងឌីជីថល ដើម្បីដោះស្រាយបរិស្ថាន នៅទីស្តីការក្រសួងបរិស្ថាន ថ្ងៃទី២១ ខែមេសានេះ។
លោករដ្ឋមន្ត្រី បានបញ្ជាក់ថា សសរស្តម្ភទាំង៣នៃគោល នយោបាយឌីជីថលកម្ពុជា ២០២២-២០៣៥ មានដូចជា ”ពលរដ្ឋឌីជីថល រដ្ឋាភិបាលឌីជីថល និងធុរកិច្ចឌីជីថល” ខណៈសន្ទុះនៃការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុងវិស័យសាធារណៈ វិស័យឯកជន និងក្នុងចំណោមប្រជាពលរដ្ឋទូទៅកាន់តែមានភាពផុលផុស សម្រាប់តម្រូវការសកម្មភាពសេដ្ឋកិច្ច របៀបរបបការងារ និងការរស់នៅប្រចាំថ្ងៃ តាមគន្លងប្រក្រតីភាពថ្មី នៃការរីករាលដាលជំងឺកូវីដ-១៩។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ បានចេញអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ដើម្បីធានានូវប្រសិទ្ធភាព នៃការបំពេញមុខងារជួយដល់ក្រុមប្រឹក្សាជាតិសេដ្ឋកិច្ច និងសង្គមឌីជីថល។
គណៈកម្មាធិការរដ្ឋាភិបាលឌីជីថលនេះ បង្កើតឡើងក្រោយពេលរាជរដ្ឋាភិបាល ដាក់ឱ្យអនុវត្តគោលនយោបាយឌីជីថលកម្ពុជា តាមរយៈការកំណត់នូវយុទ្ធសាស្ត្រចំនួន១០រួមមាន ការរៀបចំនិងកែលម្អហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ឌីជីថល ការរៀបចំនិងកែលម្អហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធទូទាត់សងប្រាក់ឌីជីថលសម្រាប់សេវាសាធារណៈ ការរៀបចំនិងពង្រឹងហេដ្ឋារចនាសម្ព័ន្ធសន្តិសុខឌីជីថល ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសេវាប្រៃសណីយ៍ ការរៀបចំអភិបាលកិច្ចរដ្ឋាភិបាលឌីជីថល ការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថលនិងសេវាសាធារណៈ ការកសាងមូលធនមនុស្សឌីជីថល ការលើកកម្ពស់ការស្រាវជ្រាវនិងនវានុវត្តន៍ឌីជីថល ការរៀបចំកិច្ចសហការជាមួយក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល និងការលើកកម្ពស់ធុរកិច្ចថ្មីឌីជីថល៕







