សម្តេច​តេ​ជោ៖ រដ្ឋាភិបាល​នឹង​បន្ត​ប្តេជ្ញា​រក្សា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច បើ​ទោះ​កំពុងជួប​ព្យុះ​នៃ​វិបត្តិ​កូ​វីដ-១៩

ដោយៈ​ម៉ា​ណេ​ត

ភ្នំពេញៈ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​អះអាង​សារជាថ្មី​នូវ​ការប្ដេជ្ញាចិត្ត​របស់​រាជ​រដ្ឋាភិបាល ក្នុង​ការបន្ត​ថែរក្សា​ស្ថិរភាព​នយោបាយ និង​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច បើទោះបីជា​កម្ពុជា​កំពុង​ជួប​រលក​ព្យុះ​នៃ​វិបត្តិ​កូ​វីដ-១៩ យ៉ាងណាក៏ដោយ។

យោងតាម​សារលិខិត​របស់ សម្ដេច​តេ​ជោ ក្នុងឱកាស​ទិវា​សន្តិភាព​អន្តរជាតិ ថ្ងៃទី២១ ខែកញ្ញា​ឆ្នាំ២០២០ ដែល​បាន​បង្ហោះ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម ផ្លូវការ​របស់​សម្តេច​ថា រលក​ព្យុះ​នៃ​វិបត្តិ​កូ​វីដ-១៩ បាននិងកំពុង​បក់បោក​មកលើ​សេដ្ឋកិច្ច និង​សង្គម នៅក្នុង​បណ្ដា​ប្រទេស​ស្ទើរ​ទាំ​អស់ នៅ​ទូទាំង​ពិភពលោក រួមទាំង​កម្ពុជា​ផងដែរ។

សម្តេច​បន្តថា “ការរីក​រាលដាល​នៃ​មេរោគ​កូ​វីដ-១៩ និង​វិបត្តិ​សេដ្ឋកិច្ច​នេះ បាន​បង្ក​ការគំរាមកំហែង​យ៉ាងខ្លាំង​ក្លា ដល់​ការអភិវឌ្ឍ​ដែល​កម្ពុជា សម្រេចបាន​ក្នុង​រយៈពេល៣០ឆ្នាំ ចុងក្រោយ​នេះ នៃ​ប្រវត្តិសាស្ត្រ​របស់ខ្លួន” ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តាម​ការប៉ាន់ប្រមាណរ​បស់​សេដ្ឋវិទូ ក៏ដូចជា​ស្ថាប័ន​អន្តរជាតិធំៗបាន​បង្ហាញថា ភាពប្រាកដប្រជា​នៃ​សេដ្ឋកិច្ច​របស់​កម្ពុជា អាច​នឹង​ធ្លាក់ចុះ​ក្នុង​រង្វង់ -១,៩ភាគរយ នៅ​ឆ្នាំ២០២០នេះ។

សម្ដេច​តេ​ជោ​បន្តថា បន្ថែម​លើ​វិបត្តិ​ដែល​បង្កឡើង ដោយ​ជំងឺឆ្លង​កូ​វីដ-១៩ សភា​ការណ៍​ពិភពលោក នៅតែ​បន្ត​ប្រែប្រួល​វិ​វ​ឌ្ឍ​កាន់តែ​តឹងតែង ស្មុគស្មាញ ប្រកបដោយ​គ្រោះថ្នាក់ បង្កឡើង​ដោយ​ការប្រកួតប្រជែង រវាង​ប្រទេស​មហាអំណាច ដើម្បី​ការពារ​ផលប្រយោជន៍ រក្សា​ឥទ្ធិពល​នយោបាយ យោធា​និង​សេដ្ឋកិច្ច​របស់ខ្លួន។

មហិច្ឆតា​ក្ដោប​ក្ដាប់ និង​ដឹកនាំ​ពិភពលោក​របស់​មហាអំណាច​ខ្លះ តាមរយៈ​ការប្រកាន់យក​នយោបាយ​ឯកតោភាគី​និយម និង​គាំពារ​និយម បាន​ជំរុញ​សណ្ដាប់ធ្នាប់​អន្តរជាតិ ដែល​ផ្អែកលើ​ច្បាប់​និង​ប្រព័ន្ធ​ពហុភាគី​និយម ដែល​បាន​ជួយ​រក្សា​សន្តិភាព និង​វិបុលភាព​ដល់​ពិភពលោក អស់​រយៈពេល​ជិត៧៥ឆ្នាំកន្លងមក​នោះ ទទួលរង​សម្ពាធ​ជាងពេលណាៗទាំងអស់។

នៅក្នុង​បរិបទ​នេះ ប្រទេស​មហាអំណាច​លោកខាងលិច​ខ្លះ បាននិងកំពុង​សហកា​រ​ប្រទាក់ក្រឡា​គ្នា​ជា​ប្រព័ន្ធ ក្នុង​ការដាក់​សម្ពាធ​កៀបសង្កត់​ឱ្យ​កម្ពុជា ដើរ​តាម​គន្លង​នយោបាយ​របស់ខ្លួន ដូចដែល​ពួកគេ​ធ្លាប់បាន​ប្រព្រឹត្ត​មកលើ​កម្ពុជា កាលពី​ទសវត្សរ៍​ឆ្នាំ១៩៧០-១៩៨០ ដោយ​រំលោភបំពាន​លើ​គោលការណ៍ សមភាព​អធិបតេយ្យភាព​រវាង​បណ្ដា​រដ្ឋ និង​គោលការណ៍​មិន​ជ្រៀតជ្រែក ចូល​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​ដទៃ ដែលមាន​ចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ អ.ស.ប និង​នៅក្នុង​ច្បាប់​អន្តរជាតិ។

សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​គូសបញ្ជាក់ថា ទោះជា​ស្ថិត​ក្នុងការ​លៈ​ទេសៈ ណាក៏ដោយ រាជរដ្ឋាភិបាល​អះអាង​សារជាថ្មី​នូវ​ការប្ដេជ្ញាចិត្ត ក្នុងការ​ថែរក្សា​ឱ្យបាន​នូវ​ភាពជា​ម្ចាស់ការ​លើ​ការងារ​ជា​អាទិភាព​ចម្បង​ពីរ គឺ​ទីមួយៈ ការបន្ត​ថែរក្សា​ស្ថិរភាព​នយោបាយ​ដែលជា​មូលដ្ឋានគ្រឹះ សម្រាប់​គ្រប់គ្រង​ស្ថានការណ៍ និង​ទី​ពី​រៈ ការថែរក្សា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​ឱ្យបាន​ល្អប្រសើរ ទប់ស្កាត់​អតិផរណា​និង​ការឡើង​ថ្លៃទំនិញ​ក្នុង​ទីផ្សារ និង​ការបន្ត​អនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់​ច្បាស់លាស់ នូវ​ភារកិច្ច​ចំនួន​ប្រាំ ដែល​បាន​ដាក់ចេញ​កាលពី​ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០កន្លងទៅនេះ ដើម្បី​សន្តិភាព សុវត្ថិភាព សុខមាលភាព​ប្រជាជន និង​ការអភិវឌ្ឍន៍​ប្រទេសជាតិ។

សម្ដេច​តេ​ជោ​សង្កត់ធ្ងន់ថា “កម្ពុជា​ទើបតែ​បាន​សុខសាន្ត រស់នៅក្នុង​សន្តិភាព និង​ឯកភាព​ជាតិ​ពេញលេញ អស់​រយៈពេល​ជាង​ពីរ​ទសវត្សរ៍​កន្លងមក​នេះ ក្រោយពី​ការឆ្លងកាត់​ភ្នក់ភ្លើងសង្គ្រាម ការបែកបាក់​រងទុក្ខវេទនា​ខ្លោចផ្សា​រក​ទីបំផុត​គ្មាន ជាច្រើន​សតវត្សរ៍​កន្ល​ង​មកហើយ​នៅក្នុង​ប្រវត្តិសាស្ត្រ​របស់ខ្លួន” ។

សម្តេច​តេ​ជោ​បាន​បន្ថែមថា បទពិសោធន៍​ដ៏​ជូរចត់​របស់​កម្ពុជា កាលពី​អតីតកាល និង​ការ​អនុវត្តបាន​យ៉ាង​ជោគជ័យ​នូវ «គោលនយោបាយ ឈ្នះ-ឈ្នះ» បានធ្វើឱ្យ​ប្រជាជន​កម្ពុជា​ស្គាល់​ច្បាស់​ពី​តម្លៃ​សន្តិភាព និង​កាន់តែ​យល់​ពី​សារៈសំខាន់ មិនអាច​ខ្វះ​បាន​នៃ​មូលដ្ឋានគ្រឹះ​សម្រាប់​ការអភិវឌ្ឍ គឺ​សន្តិភាព និង​ស្ថិរភាព៕





LEAVE A REPLY

Please enter your comment!
Please enter your name here