ដោយៈសុខុម
ក្រុងឡុងដ៍: ធនាគារអាមេរិក JP Morgan បានលើកឡើងតាមរយៈរបាយការណ៍ ទស្សនវិស័យថាមពលប្រចាំឆ្នាំ ដំបូងរបស់ខ្លួនថា ពិភពលោក ត្រូវការស្វែងរកការវិនិយោគបន្ថែម រហូតដល់់ចំនួន១,៣ទ្រីលានដុល្លារនៅត្រឹមឆ្នាំ២០៣០។
យោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃពុធ ទី២០ ខែមេសា បង្ហាញថា ការបង្កើនការវិនិយោគនេះ គឺដើម្បីបង្កើនទិន្នផលថាមពល និងហេដ្ឋារចនាសម្ព័ន្ធ ថាមពលគ្រប់ប្រភេទ រាប់ចាប់ពីថាមពលកកើតឡើងវិញ រហូតដល់ប្រេងឥន្ធនៈ និងឧស្ម័នដើម្បីបញ្ចៀសវិបត្តិកង្វះថាមពល។
អ្នកជំនាញខាងធ្វើយុទ្ធសាស្ត្រឈ្មោះ២រូបគឺ Marko Kolanovic និង Christyan Malek និយាយថា “ការរកឃើញដ៏ចម្បងរបស់យើងគឺថា នៅត្រឹមឆ្នាំ២០៣០ កំណើនតម្រូវការថាមពល នឹងលើសកំណើនផ្គត់ផ្គង់ប្រមាណ២០% បើផ្អែកលើនិន្នាការបច្ចុប្បន្ន ដែលភាគច្រើនជំរុញ ដោយបណ្ដាសេដ្ឋកិច្ចកំពុងរីកចម្រើន និងការខិតខំប្រឹងប្រែងរបស់ប្រទេសទាំងនោះ នៅក្នុងការអភិវឌ្ឍ និងទាញពលរដ្ឋរបស់ខ្លួនឱ្យងើបចេញផុតពីភាពក្រីក្រ”។
របាយការណ៍ទស្សនវិស័យថាមពល ដែលអ្នកវិភាគចំនួន៣០រូបមកពីធនាគារ JP Morgan បានចូលរួមចំណែកដែរនេះបង្ហាញថា ការវិនិយោគ នឹងត្រូវរួមបញ្ចូលគ្រប់ឥន្ធនៈទាំងអស់ រួមមានទាំងប្រេងឥន្ធនៈ និងឧស្ម័ន ថាមពលកកើតឡើងវិញ និងនុយក្លេអ៊ែរផងដែរ ហើយគ្រាន់តែតម្រូវការប្រេងឥន្ធនៈតែឯងត្រូវបានរំពឹងថា នឹងកើនឡើងប្រមាណ១០% ខណៈតម្រូវការឧស្ម័ននឹងកើនឡើង១៨%នៅត្រឹមឆ្នាំ២០៣០។
លទ្ធផលនៃការសិក្សាស្រាវជ្រាវនេះ ផ្ទុយគ្នាទៅនឹងសាររបស់ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) ដែលកាលពីឆ្នាំមុនបាននិយាយថា មិនចាំបាច់មានការវិនិយោគថ្មីៗលើឥន្ធនៈហ្វូស៊ីល។
ធនាគារ JP Morgan និយាយថា ការឡើងថ្លៃថាមពលបន្ថែមទៀត នឹងធ្វើឱ្យកើនឡើងកាន់តែខ្ពស់ នូវលទ្ធភាពចលាចលក្នុងសង្គម និងការបង្អង់ល្បឿនក្នុងអន្តរកាលថាមពល៕ Reuters៕