ដោយៈគង់ សូរិយា
បាត់ដំបងៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង លោកសុខ លូបានដឹកនាំកិច្ចប្រជុំពិភាក្សាលើគំរូប្លង់បច្ចេកទេសសំយ៉ាប ស្លាកយីហោ និងផ្លូវថ្មើរជើង ក្នុងតំបន់អភិរក្សបេតិកភណ្ឌក្រុងបាត់ដំបង។
កិច្ចប្រជុំដែលបានធ្វើឡើងកាលពីថ្ងៃទី២០ មេសាកន្លងមកនេះបាន ពិភាក្សាលើគំរូប្លង់បច្ចេកទេសសំយ៉ាប ស្លាកយីហោ និងផ្លូវថ្មើរជើងក្នុងតំបន់អភិរក្សបេតិកភណ្ឌក្រុងបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីម ន្ត្រីជំនាញតាមស្ថាប័នមន្ទីរនានាក្នុងខេត្ត រដ្ឋបាលក្រុងបាត់ដំបង និងមន្ត្រីសាលាខេត្តបាត់ដំបង ។
លោកសុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានណែនាំដល់មន្រ្ដីជំនាញទាំងអស់ បង្កើតក្រុមការងារមួយ ដើម្បីធ្វើការសិក្សាអំពីការកាត់សំយ៉ាប ការរៀបចំប្លង់គំរូសំយ៉ាបថ្មី ដែលត្រូវសាងសង់ សិក្សាអំពីតម្លៃនៃការសាងសសង់ឲ្យបានច្បាស់លាស់ និងត្រូវធ្វើការពន្យល់ណែនាំដល់ប្រជាពលរដ្ឋរស់នៅ តំបន់ដែលរដ្ឋបាលខេត្ត ត្រូវបានកំណត់ឲ្យមានការរុះរើសំយ៉ាបផ្ទះ ដែលពីមុនមកមានការដាក់រៀបចំ សំយ៉ាបផ្ទះយ៉ាងគ្មានសណ្ដាប់ធ្នាប់ ធ្វើឲ្យបាត់បង់សម្រស់នៃផ្ទះបុរាណ ដែលបន្សល់មកពីសម័យអាណានិគមបារាំង ធ្វើឲ្យបាត់បង់នូវគុណតម្លៃ នៃតំបន់អភិរក្សបេតិកភណ្ឌក្រុងបាត់ដំបង ធ្វើយ៉ាងឲ្យប្រជាពលរដ្ឋ មានការយល់ដឹងអំពីការកាត់សំយ៉ាបនេះ។
លោកសុខ លូ ក៏បានជំរុញណែនាំបន្ថែមដល់ក្រុមការងារពាក់ព័ន្ធ បន្តសកម្មភាព ក្នុងការរៀបចំសណ្តាប់សាធារណៈ នៅក្នុងក្រុងបាត់ដំបង ពិសេសផ្លូវជុំវិញផ្សារនានា ក្រៅពីនោះ បញ្ហាបរិស្ថាន និងសំរាមនៅក្នុងក្រុងបាត់ដំបង ត្រូវធ្វើឱ្យបានលឿននិងអស់ទាន់ពេលវេលា ដោយធ្វើយ៉ាងណាកុំឱ្យក្រុងបាត់ដំបង ក្លាយជាទីក្រុងសំរាមឲ្យសោះ អ្វីដែលសំខាន់ត្រូវរួមគ្នាគិត រួមគ្នាធ្វើទាំងអស់គ្នា ដើម្បីទីក្រុងបាត់ដំបងកាន់តែស្អាត មានសោភណ្ឌភាពស្រស់បំព្រងគ្រប់រដូវកាល។
លោកក៏បានស្នើដល់ក្រុមការងារ ធ្វើការសិក្សាអំពីលទ្ធភាពដែលអាចរៀបចំចំណតយានយន្ត កន្លែងថតរូបជាដើម នៅរង្វង់មូលលោកតាដំបងក្រញ៉ូង ដើម្បីអាចឲ្យភ្ញៀវទេសចរដែលអញ្ជើញមក ធ្វើការបន់ស្រន់នៅរូបសំណាកលោកតាដំបងក្រញ៉ូង ងាយស្រួលក្នុងការចតយានជំនិះរបស់ខ្លួន និងមានទីកន្លែង ដែលអាចថតរូបបានយ៉ាងស្រស់ស្អាត ក្នុងន័យជំរុញសក្ដានុពលទេសចរណ៍ក្នុងខេត្តបាត់ដំបង និងជាពិសេសត្រូវពិនិត្យមើលការដាំដើមឈើនានានៅក្នុងក្រុងបន្ថែមទៀត ដើម្បីឲ្យក្រុងបាត់ដំបងមានសោភ័ណភាពបៃតងស្រស់ បង្កើនសម្រស់ក្រុងបាត់ដំបង ឲ្យកាន់តែទាក់ទាញបន្ថែមទៀតផងដែរ៕