មន្រ្តីជាន់ខ្ពស់ៈ ការធ្វើបដិសណ្ឋារកិច្ចទទួលទេសចរ គឺជាកត្តាមូលដ្ឋានដំបូងដ៏សំខាន់មួយ

ដោយៈម៉ាលីនណា

សៀមរាបៈ លោកហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានថ្លែងថា ការធ្វើបដិសណ្ឋារកិច្ចទទួលទេសចរ គឺជាកត្តាមូលដ្ឋានដំបូងដ៏សំខា​ន់មួយក្នុងការធានាបានភាពកក់ក្តៅ និងភាពពេញចិត្តរបស់ទេសចរ ដែលមកទស្សនាកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកថ្លែងបែបនេះ ក្នុងឱកាសតំណាងឯកឧត្ដមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងពិធីបើកសិក្ខាសាលា ស្តីពី “បដិសណ្ឋារកិច្ចល្អ ទេសចរណ៍មានសុវត្ថិភាព នៅខេត្តសៀមរាប នាថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២។

លោកហោ សារុនបានបន្តថា ដើម្បីចូលរួមគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបើកប្រទេសទទួលទេសចរអន្តរជាតិ និងការយកចិត្តទុកដាក់របស់ក្រសួងទេសចរណ៍ ក្នុងការរៀបចំគោលនយោបាយ និងយុទ្ធសាស្ត្រ ដើម្បីធានាបាននិរន្តរភាពទេសចរណ៍ ទើបសិក្ខាសាលា “បដិសណ្ឋារកិច្ចល្អ ទេសចរណ៍មានសុវត្ថិភាព” ត្រូវបានរៀបចំធ្វើឡើងនៅថ្ងៃនេះ ព្រោះថាការធ្វើបដិសណ្ឋារកិច្ចទទួលទេសចរ គឺជាកត្តាមូលដ្ឋានដំបូងដ៏សំខាន់ មួយក្នុងការធានាបានភាពកក់ក្តៅ និងភាពពេញចិត្តរបស់ទេសចរ​ ដែលមកទស្សនាព្រះរាជាណាចក្រកម្ពុជា។

លើសពីនេះ លោកបន្ថែមថា សិក្ខាសាលានៅថ្ងៃនេះ ជាឱកាសមួយផ្សារភ្ជាប់ការចូលរួមរបស់សិក្ខាកាម ក្នុងការផ្តល់ភាពកក់ក្តៅ និងភាពពេញចិត្តជូនទេសចរ។ ដូច្នេះលោកបានស្នើសិក្ខាកាមទាំងអស់គ្នា យកចិត្តទុក​ដាក់ខ្ពស់ ក្នុងការធ្វើបដិសណ្ឋារកិច្ចស្វាគមន៍ភ្ញៀវទេសចរ ដោយទឹកមុខញញឹម រួសរាយរាក់ទាក់ ទន់ភ្លន់ តែម៉ឹងម៉ាត់ក្នុង ការងារ ដើម្បីចូលរួមស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ប្រកបដោយចីរភាព គុណភាព សុវត្ថិភាព និរន្តរភាព ការទទួលខុសត្រូវ និងបរិយាបន្ន ក្នុងបុព្វហេតុលើកកម្ពស់ថែមទៀតនូវកិត្យានុភាពកម្ពុជា «កម្ពុជាៈ ព្រះរាជាណាចក្រអច្ឆិយៈផ្តល់ភាពកក់ក្តៅ” ឲ្យក្លាយជាគោលដៅទេសចរណ៍គុណភាព លំដាប់ពិភពលោក ប្រកបដោយភាពជឿទុកចិត្ត និងភាពទាក់ទាញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here