លោកច្រឹក សុខនីមបង្ហាញវិធីសាស្រ្តសំខាន់ៗដើម្បីវិនិយោគរកផលចំណេញពីវិស័យអចលនទ្រព្យ

ដោយគង់ ម៉ាលីន

ភ្នំពេញ ការវិនិយោគលលវិស័យអចលនទ្រព្យ អាចមានហានិភ័យនិងឳកាសចំណេញខ្ពស់ប្រសិនជាយើងវិនិយោគបានត្រឹមត្រូវនិងប្រឹក្សាជាមួយអ្នកជំនាញជាមុន។ហេតុនេះការវិនិយោគដែលត្រឹមត្រូវមិនមែនជាការវិនិយោគបែបផ្សងព្រេងនោះទេ។

ប៉ុន្តែសំណួរសួរថា តើអ្នកចង់រកស៊ីក្នុងវិស័យនេះ ត្រូវមានចំណេះដឹង និងជំនាញអ្វីខ្លះ ទើបអាចទទួលបានជោគជ័យក្នុងវិស័យនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា CVEA  លោក ច្រឹក សុខនីម បានចូលរួមចែករំលែកបទពិសោធន៍ និងចំណេះដឹងក្នុងវិស័យនេះ ដោយលោកបានថ្លែងថាដើម្បីរកស៊ីក្នុងវិស័យនេះបានជោគជ័យលុះត្រាតែមានចំណេះដឹង ជំនាញ បទពិសោធន៍ និងការចេះប្រើធនធានមនុស្ស បន្ថែមពីលើធនធានថវិកាលើការត្រៀមវិនិយោគ

អ្វីជាចំណេះដឹង?

ចំណេះដឹង ជាការសំដៅលើការចេះ ប្រមូលព័ត៌មានយ៉ាងដូចម្តេចឲ្យបានគ្រប់ជ្រុងជ្រោយ និងត្រូវពង្រាយកំលាំងយ៉ាងម៉េចឲ្យបានគ្រប់កន្លែង ដើម្បីអាចទទួលបានព័ត៌មានបើកផ្លូវ និងព័ត៌មានពាក់ព័ន្ឋក្នុងវិស័យដែលយើងត្រូវផ្តល់សេវាកម្ម ឬវិនិយោគ។

ស្គាល់ខ្លួនឯង

យើងក៏ត្រូវយល់ដឹងពីខ្លួនឯងឲ្យបានច្បាស់ថា ខ្លួនយើងជាអ្នកណា មានជំនាញបែបណា និងចង់វិនិយោគលើវិស័យអ្វី? ឧទាហរណ៍ថា ចង់វិនិយោគលើដី យើងត្រូវដឹងថាដីកន្លែងណាល្អ និងងាយចំណេញប្រាក់។ ប្រសិនជាមានលុយតិច ហើយចង់វិនិយោគ យើងត្រូវវិនិយោគលើអចលនទ្រព្យណា ដែលមានចំណូលរៀងរាល់ខែ គឺអាចទិញផ្ទះ ឬទិញខុនដូសម្រាប់ជួល អាចបានចំណូលប្រចាំខែ ប៉ុន្តែប្រសិនជាទិញដីអាចកប់ដើម មិនមានប្រាក់បង្វិល ព្រោះការទិញដីមិនត្រូវកន្លែងអាចកប់ដើម មិនមានទុនបង្វិល ហើយប្រសិនជាជំពាក់ប្រាក់ធនាគារ និងគ្មានទុនបង្វិល ដែលអាចប្រឈមមុខនឹងធនាគាររឹបអូសទ្រព្យសម្បត្តិ។

ប្រឹក្សាយោបល់

ប្រសិនបើដឹងថាខ្លួនមិនសូវចេះ និងមិនមានជំនាញ ដូច្នេះគួរតែត្រូវធ្វើការប្រឹក្សាយោបល់ជាមួយអ្នកជំនាញអចលនទ្រព្យ ដែលមានជំនាញ និងបទពិសោធន៍ជាមុន ដើម្បីផ្តល់តំបូន្មានថា តើគួរធ្វើយ៉ាងម៉េច រៀបចំយ៉ាងម៉េច ដើម្បីឲ្យការបំពេញការងារ ឬការវិនិយោគក្នុងវិស័យនេះ មានភាពល្អប្រសើរ និងបញ្ចៀសបាននូវហានិភ័យ។ អ្នកត្រូវចេះប្រមូលព័ត៌មាន និងផ្តល់ការប្រឹក្សាជាមួយអ្នកជំនាញអចលនទ្រព្យ ដើម្បីយកព័ត៌មានគ្រប់ជ្រុងជ្រោយ មុនធ្វើការសម្រេចចិត្តថា តើការសម្រេចចិត្តរបស់យើងមានភាពត្រឹមត្រូវ ឬយ៉ាងណា។

កសាងទំនុកចិត្ត

ធ្វើជាក្រុមហ៊ុនអចលនទ្រព្យ អ្វីដែលសំខាន់បំផុត និងមុនដំបូងគេ គឺត្រូវកសាងកេរ្ត៍ឈ្មោះ ព្រោះកេរ្ត៍ឈ្មោះជារឿងចាំបាច់សម្រាប់ជោគជ័យរយៈពេលវែង។ នៅក្នុងក្រុមហ៊ុនមួយ មុនចេញទៅធ្វើការ បុគ្គលិកត្រូវតែទទួលបានការបណ្តុះបណ្តាលជាមុនសិន ដូចជា ជំនាញក្នុងការនិយាយ ជំនាញក្នុងការទំនាក់ទំនងភ្ញៀវ ជំនាញក្នុងការដោះស្រាយបញ្ហារបស់អតិថិជន និងជំនាញក្នុងការទិញ លក់ ជួល ដោយជោគជ័យ។ ដូច្នេះដើម្បីធ្វើឲ្យភ្នាក់ងារអចលនទ្រព្យ មានចំណេះ ជំនាញ និងបទពិសោធន៍ដែលអាចធ្វើការបានក្នុងវិស័យនេះ គឺត្រូវការការបណ្តុះបណ្តាល និងពង្រីកភ្នាក់ងារឲ្យបានច្រើន ដើម្បីពង្រីកវិសាលភាពការងារឲ្យបានទូលំទូលាយ។

ត្រូវមានឯកទេសអ្វីមួយជាក់លាក់

វិស័យអចលនទ្រព្យមានផ្នែកជាច្រើនខុសៗគ្នាហេតុនេះយើងជាភ្នាក់ងារអចលនទ្រព្យ ឬចង់វិនិយោគក្នុងវិស័យនេះ ត្រូវមានជំនាញអ្វីមួយជាក់លាក់ ទើបយើងអាចធ្វើបានតាមគោលដៅរបស់យើង ទទួលបានប្រាក់ចំណេញ និងបញ្ចៀសបាននូវហានិភ័យចំពោះមុខ។

បញ្ហាប្រឈម

នៅក្នុងវិស័យអ្វីមួយក៏ដោយតែងតែមានហានិភ័យ ដូច្នេះភ្នាក់ងារ គឺប្រឈមនឹងហានិភ័យច្រើន ហេតុនេះដើម្បីបញ្ចៀសហានិភ័យ និងការបាត់បង់ទំនុកចិត្ត គឺត្រូវតែមានបណ្តុះបណ្តាលដល់បុគ្គលិកដែលមានតួនាទីជាភ្នាក់ងារទៅលើក្រមសីលធ៌ម ដូចជាការផ្តល់ព័ត៌មានដោយស្មោះត្រង់ អាចជឿជាក់បាន និងមិនបំប៉ោងតម្លៃ។ ស៊ូចំណេញតិច តែបានរយៈពេលយូរ ដើម្បីសន្សំក្រេឌីត ចៀសវាងចំណេញច្រើន ប៉ុន្តែត្រឹមរយៈពេលខ្លីត្រូវបាត់បង់ទៅវិញ ជាពិសេសត្រូវបង្កើនទំនុកចិត្តឲ្យអតិថិជនឲ្យមានជំនឿជឿជាក់លើសេវាកម្មរបស់ក្រុមហ៊ុនជាចាំបាច់។

ទាំងអស់នេះគឺជាអ្វីដែលលោកអ្នកគួរតែត្រៀមនិងរៀបចំឱ្យរួចជាស្រេចមុនពេលបោះជំហ៊ានឈានចូលប្រឡូកនៅក្នុងវិស័យអចលនទ្រព្យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here