ខ្សែរថភ្លើងពីកណ្តាលក្រុង ទៅកាន់ព្រលានយន្តហោះពោធិ៍ចិនតុងអាចនឹង ត្រូវបិទដំណើរការ

ដោយៈសុវណ្ណារ៉ា

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានបង្ហើបថា ខ្សែរថភ្លើងពីស្ថានីយ៍នៃរាជាយស្ម័យយានកម្ពុជា ឆ្ពោះទៅព្រលានយន្ដហោះអន្តរជាតិភ្នំពេញ ពោធិ៍ចិនតុង អាចនឹងត្រូវបិទឈប់ដំណើរការដោយសារតែគ្មានអ្នកជិះ និងបង្កគ្រោះថ្នាក់ចរាចរណ៍នៅតាមផ្លូវរថភ្លើងជាញឹកញាប់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានលើកឡើង នៅក្នុងកិច្ចប្រជុំបូសរុបលទ្ធផលការងារ សុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២០ នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០នេះថា ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងពិចារណាបិទដំណើរការផ្លូវរថភ្លើងទៅកាន់ព្រលានយន្តហោះ ដោយសារគ្មានអ្នកជិះ។

លោកបានបញ្ជាក់ថា “ក្រសួងនឹងធ្វើការពិភាក្សាជាមួយក្រុមហ៊ុន Royal Group ដើម្បីបិទផ្លូវរថភ្លើងចេញចូលព្រលានយន្តហោះ ពីព្រោះគ្មានអ្នកដំណើរ និងបង្កគ្រោះថ្នាក់ចរាចរណ៍តាមផ្លូវរថភ្លើងផងដែរ”។

សេវាដឹកជញ្ជូនអ្នកដំណើរពីស្ថានីយរថភ្លើងភ្នំពេញ ឆ្ពោះទៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញពោធិ៍ចិនតុង មានប្រវែងសរុប៩,៦១៣ម៉ែត្រ ត្រូវបានសម្ពោធដាក់ដំណើការ កាលពីដើមខែមេសា ឆ្នាំ២០១៨។ ខ្សែរថភ្លើងនេះ ត្រូវបានរៀបចំឡើងជាប្រភេទ Tramway ដែលគេបង្កប់ផ្លូវដែកទៅក្នុងផ្លូវថ្នល់ ដែលអាចអនុញ្ញាតឱ្យយានយន្ត និងយានផ្សេងៗ អាចធ្វើដំណើរឆ្លងកាត់បាន។

កាលពីពេលកន្លងទៅនេះ ជារឿយៗគេតែងឃើញមានអ្នកដំណើរឆ្លងកាត់ផ្លូវរថភ្លើងមួយខ្សែនេះ កើតមានគ្រោះថ្នាក់ជាញឹកញាប់ ជាពិសេសការបើកបរម៉ូតូនៅពេលមានភ្លៀងធ្លាក់ ដោយការរអិលកងចូលក្នុងគន្លងផ្លូវដែករថភ្លើង។ ជាមួយនឹងការពិចារណាទៅលើគម្រោងបិទឈប់ដំណើរការខាងលើនេះ ប្រជាពលរដ្ឋមួយចំនួនដែលរស់នៅ និងឧស្សាហ៍ធ្វើដំណើរឆ្លងកាត់ផ្លូវនៅតំបន់នេះ បានបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹង និងជំរុញឱ្យបិទកាន់តែលឿនកាន់តែល្អ៕

LEAVE A REPLY

Please enter your comment!
Please enter your name here