អ្នកជំនាញប្រាប់ពីតិចនិកក្នុងការប្រើប្រាស់កម្ចីប្រកបដោយប្រសិទ្ធិភាព

       ដោយៈលក្ខិណា

ភ្នំពេញៈ មានមនុស្សមិនតិចទេ ដែលប្រើប្រាស់កម្ចីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុក្នុងផ្លូវខុស ឬអាចនិយាយប្រើប្រាស់មិនចំគោលដៅ ដែលនាំឱ្យកម្ចីនោះគ្មានប្រសិទ្ធិភាព ហើយនាំទៅរកបំណុលលើសលប់ ។

នៅថ្ងៃនេះអ្នកជំនាញហិរញ្ញវត្ថុមួយរូប បកស្រាយនិងប្រាប់តិចនិកក្នុងការប្រើប្រាស់កម្ចីប្រកបដោយប្រសិទ្ធិភាព។

លោក ហ៊ឹម សីលា នាយកនៃអគ្គនាយកដ្ឋានធនាគារបុគ្គលរបស់ Phillip Bank បានមានប្រសាសន៍ឱ្យដឹងថា ការយកកម្ចីមកប្រើប្រាស់គួរតែ ចេះលៃលកយ៉ាងណាឱ្យទ្រព្យដែលយើងយកមកនោះកើនឡើងកាន់តែច្រើន គឺការវិនិយោគប្រកបដោយភាពឆ្លាតវៃ។លោកបន្តថា ការប្រើប្រាស់កម្ចីរបស់អតិថិជន ដែលអាចឱ្យមានប្រសិទ្ធិភាពកាន់តែខ្លាំងនោះ ទាំងអ្នកទទួលឥណទាន និងអ្នកផ្ដល់ឥណទាន ត្រូវមានការចូលរួមសហការជាមួយគ្នា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា “អ្នកផ្ដល់ឥណទានត្រូវពិនិត្យមើល ពីលទ្ធភាពរបស់អតិថិជនក្នុងការសងត្រលប់ទៅគ្រឹះស្ថាននោះវិញ ។ ចំណែកអតិថិជនក៏ដូចគ្នា មុននឹងសម្រេចចិត្តស្នើសុំកម្ចីពីធនាគារឬគ្រឹះស្ថានហិរញ្ញវត្ថុ ត្រូវមានគោលបំណងមួយច្បាស់លាស់ ថាយកកម្ចីនោះមកធ្វើអ្វី”។ លោកបន្តថា “មួយទៀត អតិថិជនក៏ត្រូវសិក្សាពីចំណូលរបស់ខ្លួន និងការចំណាយ និងការសងត្រលប់ទៅកាន់គ្រឹះស្ថានផ្ដល់កម្ចីវិញ និងត្រូវគិតថាតើចំណូលនោះមានស្ថិរភាព សម្រាប់សងត្រលប់ទៅវិញក្នុងរយៈពេលប៉ុនណា”។

លោកហ៊ឹម សីលាបានបន្ថែមថា អ្នកខ្ចីលុយ ក៏ត្រូវតែត្រៀមខ្លួននិងរៀបចំហិរញ្ញវត្ថុរបស់ខ្លួនឱ្យបានរឹងមាំ ហើយសូមកុំយកឥណទាននោះមកប្រើប្រាស់ ដែលមិនមែនជាគោលដៅ។ ក្រៅពីការសងត្រលប់ទៅកាន់គ្រឹះស្ថានវិញ ខាងគ្រឹះស្ថានក៏ចង់ឱ្យអតិថិជនសល់ប្រាក់គ្រប់គ្រាន់ ក្នុងការផ្គត់ផ្គង់ជីវភាពគ្រួសារ ដូចជាសម្រាប់ប្រើប្រាស់ផ្សេងហើយយើងក៏មិនចង់បានអតិថិជន ដែលសងមកយើងហើយ អត់មានសល់អ្វីឬអាចថាអាជីវកម្មមិនរីកចម្រើននោះដែរ ។

លោកបន្ថែមទៀតថា ខាងធនាគារឬក៏ខាងគ្រឹះស្ថានផ្ដល់កម្ចី តែងតែចង់ឱ្យអតិថិជនមានចំណេះដឹងហិរញ្ញវត្ថុផ្ទាល់ខ្លួន ក្នុងការគ្រប់គ្រងស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួន ក្នុងការយកកម្ចីមកប្រើប្រាស់ដើម្បីបង្កើនទ្រព្យ ។ ដូច្នេះ អ្វីដែលលោកចង់ឱ្យអតិថិជនទាំងអស់ធ្វើក្នុងពេលយកឥណទានមកប្រើប្រាស់នោះ គឺការត្រួតពិនិត្យស្ថានភាព ហិរញ្ញវត្ថុរបស់ខ្លួនជាប្រចាំ កុំចំណាយខ្ពស់ពេក ចេះសន្សំទុកដាក់ឱ្យបានត្រឹមត្រូវ ។

បើតាមមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលបានបញ្ជាក់ថា គ្រឹះស្ថានហិរញ្ញវត្ថុបានរួមចំណែកខ្ពស់ ក្នុងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនិ ងសេដ្ឋកិច្ចទាំងមូល ដែលអាចពលរដ្ឋមានលទ្ធភាព ក្នុងការទទួលបានទុន សម្រាប់ពង្រីកមុខរបរនិងអាជីវកម្ម ហើយក្នុងវិបត្តិកូវីដ១៩ ក៏គ្រឹះស្ថានហិរញ្ញវត្ថុបន្តបញ្ចេញទុន សម្រាប់ពលរដ្ឋក្នុងការទទួលបាន ដើម្បីបន្តនិរន្តរភាពអាជីវកម្ម៕

LEAVE A REPLY

Please enter your comment!
Please enter your name here