ការចុះបញ្ជីប្រព័ន្ឋGAPជម្រុញលទ្ធភាពការនាំចេញមៀនប៉ៃលិនទៅក្រៅប្រទេស ជាពិសេសទីផ្សារចិន

ដោយៈ សុផារី

ប៉ៃលិនៈ លោកបណ្ឌិតកៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ណែនាំសមាគមន៍មៀនប៉ៃលិន ចុះបញ្ជីប្រព័ន្ធGAPឱ្យបានរួចរាល់ ដើម្បីមានលទ្ធភាពលក់ចេញទៅក្រៅប្រទេស ជាពិសេសទីផ្សារចិននាពេលខាងមុខ។

លោកបានលើកឡើង ក្នុងឱកាសបន្តចុះផ្សព្វផ្សាយគោលការណ៍ឥណទានពិសេសរបស់រាជរដ្ឋាភិបាល ដំណាក់កាលទី២ ជូនដល់សមាជិកសមាគមន៍មៀនប៉ៃលិន នៅល្ងាចថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ។

លោកកៅ ថាច បានធ្វើការផ្តាំផ្ញើដល់សមាជិកសមាគមន៍ សូមមានផែនការច្បាស់លាស់ និងក្តាប់ឱ្យបានព័ត៌មានទីផ្សារ និងជាពិសេសត្រូវចុះបញ្ជីប្រព័ន្ធGAP ឱ្យបានរួចរាល់ ដើម្បីមានលទ្ធភាពអាចធ្វើការលក់ចេញទៅក្រៅប្រទេសបាន ជាពិសេសទីផ្សារប្រទេសចិន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចំពោះគោលការណ៍ឥណទាន និងគោលដៅនៃគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ដំណាក់កាលទី២ នេះ ដោយក្នុងនោះធ្វើការគាំទ្រដល់ការដាំដុះបន្លែ ផ្លែឈើ ការកែច្នៃផលិតផលកសិកម្ម មៀនប៉ៃលិន ស្វាយ និងស្វាយចន្ទី។

គោលការណ៍ឥណទាន ក្នុងគម្រោងហិរញ្ញប្បទានពិសេសនេះ ដោយក្នុងនោះអត្រាការប្រាក់ គឺត្រឹមតែ៥,៥% ក្នុងមួយឆ្នាំសម្រាប់ទុនវិនិយោគ និង៥% ក្នុងមួយឆ្នាំម្រាប់ទុនបង្វិល។ ដោយឡែកចំពោះទ្រព្យធានា គឺមានភាពបត់បែនខ្ពស់ និងអាចផ្តល់ឥណទានជូនរហូតដល់៨០% នៃទ្រព្យធានាបំណុលផងដែរ។

លោក ងិន ឆាយ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម កាលពីថ្ងៃទី១៨ ខែមីនា បានលើកឡើងថា មកដល់ពេលនេះ ពិធីសារបច្ចេកទេសរវាងកម្ពុជានិងចិន បានឯកភាពគ្នារួចរាល់ហើយ គឺរង់ចាំតែការឆ្លើយតបពីភាគីចិន ដើម្បីឈានដល់ការចុះហត្ថលេខានាំចេញប៉ុណ្ណោះ។

លោកបញ្ជាក់ថា “យ៉ាងយូរ១ឬ២ខែទៀត កម្ពុជានឹងអាចនាំមៀនប៉ៃលិន ទៅប្រទេសចិនបាន”។

លោករំពឹងថា ភាគីចិននឹងពន្លឿនការចុះហត្ថលេខា នាំយកត្រីប្រានិងមៀនប៉ៃលិនពីកម្ពុជា ក្នុងរយៈ១ឬ២ខែខាងមុខ។ ប្រសិនបើដំណើរការចរចាទីផ្សារនេះជោគជ័យ កម្ពុជានឹងអាចនាំផ្លែមៀនប៉ៃលិន ប្រមាណ១០ម៉ឺនតោន​ក្នុងមួយឆ្នាំៗទៅកាន់ទីផ្សារចិន។

គម្រោងហិរញ្ញប្បទានពិសេស របស់រាជរដ្ឋាភិបាល ដំណាក់កាលទី១ ចំនួន៥០លានដុល្លារអាមេរិក តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិ​កម្ម និងមានគោលដៅនៃគម្រោងហិរញ្ញប្បទានចំនួន៥០លានដុល្លារ ដំណា​ក់កាលទី២នេះផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here