ដោយៈសុខុម
កូឡុំបូ: ប្រទេសចិន ពេលនេះកំពុងពិចារណា ផ្តល់ប្រាក់កម្ចី១.៥ពាន់លានដុល្លារអាមេរិក ដល់ប្រទេសស្រីលង្កាក្នុងពេលឆាប់ៗនេះ ដើម្បីជួយស្រោចស្រង់ប្រទេសដែនកោះមួយនេះ ដែលកំពុងជួបវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតមិនធ្លាប់មាន ក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ។
លោក Qi Zhenhong ឯកអគ្គរដ្ឋទូតចិន ប្រចាំប្រទេសស្រីលង្កាបានថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មាន កាលពីថ្ងៃច័ន្ទ ទី២១ មីនា ថា ភាគីទាំងពីរក៏កំពុងពិភាក្សាគ្នាផងដែរ អំពីប្រាក់កម្ចីដាច់ដោយឡែកមួយដែលមានចំនួន រហូតដល់១ពាន់លានដុល្លារអាមេរិក ដែលរដ្ឋាភិបាលស្រីលង្កា បានស្នើសុំខ្ចី។
ឯកអគ្គរដ្ឋទូតចិន រូបនេះបន្ថែមថា ប្រទេសស្រីលង្កា ទើបតែទទួលបានកម្ចី៥០០លានដុល្លារអាមេរិក ពីធនាគារអភិវឌ្ឍន៍ចិន (China Development Bank) កាលពីថ្ងៃទី១៨ ខែមីនា ប៉ុណ្ណោះ។
ស្រីលង្កា ត្រូវសងបំណុលរហូតដល់ ទៅប្រមាណ៤ពាន់លានដុល្លារអាមេរិក នៅឆ្នាំនេះរួមទាំងមូលបត្របំណុល អធិបតេយ្យភាពអន្តរជាតិ (International Sovereign Bond) ១ពាន់លានដុល្លារអាមេរិក ដែលដល់ពេលត្រូវទូទាត់សង នៅខែកក្កដា ខាងមុខនេះផងដែរ។
ទោះជាយ៉ាងណា ទុនបម្រុងអន្តរជាតិរបស់ខ្លួន បានធ្លាក់ចុះខ្លាំងមកនៅសល់ត្រឹម២,៣១ពាន់លានដុល្លារប៉ុណ្ណោះ គិតត្រឹមដំណាច់ខែកុម្ភៈ ដោយធ្លាក់ចុះប្រហែល៧០%បើធៀបនឹងពីរឆ្នាំ២០២១។
ទន្ទឹមនេះ ប្រទេសស្រីលង្កា ក៏កំពុងត្រដាបត្រដួសផងដែរ នៅក្នុងការទូទាត់ថ្លៃទំនិញនាំចូលសំខាន់ៗ ដូចជា ប្រេងឥន្ធនៈ និងថ្នាំពេទ្យជាដើម ដោយធ្វើឱ្យប្រទេសនេះ បង្ខំចិត្តកាត់ផ្តាច់ចរន្តអគ្គិសនី ទូទាំងប្រទេសដោយសារកង្វះប្រេងឥន្ធនៈ សម្រាប់ផលិតថាមពលអគ្គិសនី។
ឆ្លើយតបទៅនឹងសំណួរស្តីពី លទ្ធភាពនៃការរៀបចំឥណទានចិន ឡើងវិញ លោក Qi Zhenhong បានលើកឡើងថា “យើងជឿថា គោលដៅចុងក្រោយរបស់យើង គឺដើម្បីដោះស្រាយបញ្ហានេះ ប៉ុន្តែប្រហែលជាមានវិធីដោះស្រាយផ្សេង”។
ប្រទេសចិន គឺជាអ្នកផ្តល់ប្រាក់កម្ចីធំជាងគេទី៤ សម្រាប់ប្រទេសស្រីលង្កា បន្ទាប់ពីទីផ្សារហិរញ្ញវត្ថុអន្តរជាតិ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងប្រទេសជប៉ុន៕ Reuters៕