អ្នកនាំពាក្យៈការបិទស្លាកតម្លៃជាប្រាក់រៀលបានទទួលជោគជ័យបណ្តើរៗ

ដោយៈម៉ាលីនណា

ភ្នំពេញៈ អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកប៉ែន សុវិជាតិបានមានប្រសាសន៍ថា ការអនុវត្តស្លាកតម្លៃទំនិញជាប្រាក់រៀលទទួលបានជោគជ័យបណ្តើរៗហើយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា បច្ចុប្បន្ននេះមានផ្សារទំនើប មានក្រុមហ៊ុន រួមទាំងម៉ាតតូចធំមួយចំនួន បានអនុវត្តការបិទតម្លៃទំនិញជាប្រាក់រៀល។ ជាការពិតស្លាកតម្លៃ ត្រូវបានបិទអមជាមួយតម្លៃជាប្រាក់ដុល្លា​រក៏ពិតមែន ប៉ុន្ដែបានបញ្ជាក់យ៉ាងច្បាស់លាស់ អំពីចំនួនប្រាក់រៀល ជាក់ស្ដែងដូចផ្សារលក់ទំនិញម៉ាក្រូ បានបិទបង្ហាញស្លាកតម្លៃទាំងប្រាក់រៀល និងប្រាក់ដុល្លារ។

លោកបានបន្ថែមថា “ការជំរុញលើកកម្ពស់ក្នុងការប្រើប្រាស់ស្លាកតម្លៃទំនិញជាប្រាក់រៀល របស់ក្រសួងពាណិជ្ជកម្ម និងដៃគូពាក់ព័ន្ធ បានឈានរកសញ្ញាជោគជ័យមួយ”។ លោកបន្តថា “មិនត្រឹមតែមានហាងទំនិញ, ក្រុមហ៊ុន ឬម៉ាតប៉ុណ្ណោះទេ កន្លែងលក់ប្រេងឥន្ទនៈ ក៏បានបិទតម្លៃជាប្រាក់រៀល និងមានការចូលរួមពីបណ្ដាធនាគារ តាមរយៈការទូទាត់ជាប្រាក់រៀលផងដែរ”។

លោក ប៉ែន សុវិជាតិ បានបញ្ជាក់ថា ក្រសួងពាណិជ្ជកម្មនឹងបន្ដសកម្មភាពនេះទៀត ទាំងលើការលក់អនឡាញក្ដី ទាំងរូបវន្ដក្ដី ក្នុងគោលដៅ ជំរុញឲ្យមានការប្រើប្រាស់ប្រាក់រៀល មានលក្ខណៈទូទៅ។ ដរាបណាការប្រើប្រាស់កាន់តែច្រើន នឹងធ្វើឲ្យយុវជនជំនាន់ក្រោយ ទទួលយកការទូទាត់ប្រាក់រៀល ជាមធ្យោបាយទូទាត់របស់ខ្លួនទាំងបច្ចុប្បន្ន និងថ្ងៃអនាគត។

ជាមួយគ្នានេះ លោកស្រី ជា សិរី អគ្គនាយកបច្ចេកទេសនៃធនាគារជាតិនៃកម្ពុជាបានលើកឡើងផងដែរថា ការផ្លាស់ប្ដូរការបិទស្លាកតម្លៃទំនិញ តាមបណ្ដាម៉ាត ក្រុមហ៊ុន និងផ្សារទំនើបនានា ពីប្រាក់ដុល្លារមកប្រាក់រៀល នឹងធ្វើឲ្យយុវជនជំនាន់ក្រោយចាប់អារម្មណ៍កាន់តែខ្លាំង លើការប្រើប្រាស់ប្រាក់រៀល។

លោកស្រីជា សិរី បានបន្តថា កន្លងមកក្រសួងពាណិជ្ជកម្ម បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ការបិទស្លាកតម្លៃទំនិញជាប្រាក់រៀល ប៉ុន្ដែការអនុវត្តហាក់យឺតបន្ដិច ទោះជាការអនុវត្តមានភាពយឺតបន្ដិចក្ដី ប៉ុន្ដែនៅមានហាងទំនិញ និងក្រុមហ៊ុនជាច្រើនបានយល់ពីតម្លៃប្រាក់រៀល និងបានអនុវត្តន៍រួចរាល់ ចំពោះការបិទស្លាកតម្លៃទំនិញជាប្រាក់រៀលនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here