ដោយៈសុខុម
ក្រុងឡុងដ៍: Goldman Sachs និង JPMorgan Chase គឺជាធនាគារលោកខាងលិចធំៗដំបូងគេ ដែលបានចាកចេញពីរុស្ស៊ី បន្ទាប់ពីប្រទេសនេះបញ្ឆេះសង្គ្រាម ចូលឈ្លានពានអ៊ុយក្រែន។
ធនាគារជាច្រើនទៀត ទំនងជាចាកចេញតាមដែរ ហើយការចាកចេញក្នុងស្ថានភាពបែបនេះ អាចធ្វើឱ្យធនាគារទាំងនោះ ខាតបង់ប្រាក់រហូតដល់ទៅរាប់រយពាន់លានដុល្លារ។
ក្រុមហ៊ុន Goldman Sachs បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ទី១០ មីនា ថា ខ្លួនកំពុងកាត់បន្ថយអាជីវកម្ម របស់ខ្លួនក្នុងប្រទេសរុស្ស៊ី។ ប៉ុន្មានម៉ោងមក JPMorgan Chase ដែលជាធនាគារធំជាងគេរបស់សហរដ្ឋអាមេរិក ក៏បានធ្វើតាមដែរ ដោយប្រកាសថា ខ្លួនក៏កំពុងកាត់បន្ថយអាជីវកម្មរបស់ខ្លួននៅរុស្ស៊ីដែរ។
បន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បញ្ជាកងទ័ពឱ្យចូលឈ្លានពានប្រទេសអ៊ុយក្រែន ដែលឈានទៅដល់ការដាក់ទណ្ឌកម្មដូចទឹកបាក់ទំនប់មក ធនាគារ និងក្រុមហ៊ុនចម្រុះជាច្រើនទៀតរបស់លោកខាងលិច បានសម្រុកចាកចេញពីប្រទេសរុស្ស៊ី។
ទណ្ឌកម្មទាំងនោះ បូករួមជាមួយការសម្រុកចាកចេញ របស់បណ្ដាធនាគារ និងក្រុមហ៊ុនរបស់លោកខាងលិច បានធ្វើឱ្យប្រព័ន្ធហិរញ្ញវត្ថុរបស់ប្រទេសរុស្ស៊ី ទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ហើយបណ្ដាទីភ្នាក់ងារវាយតម្លៃកម្រិតគុណភាពឥណទានបានព្រមានថា មិនយូរទេ ប្រទេសរុស្ស៊ី នឹងធ្លាក់ដល់ដំណាក់កាលខកខានសង បំណុលតាមពេលវេលាកំណត់។
យោងតាមស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ Bank for International Settlements ដែលបានផ្អាកសមាជិកភាពរបស់រុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍ ទី១០ មីនា ឱ្យដឹងថា ក្រុមហ៊ុនរុស្ស៊ី បានជំពាក់បំណុលធនាគារអន្តរជាតិនានារហូតដល់ទៅជាង១២១ពាន់លានដុល្លារ។
បណ្ដាធនាគារអឺរ៉ុប ក៏ឱ្យក្រុមហ៊ុនរុស្ស៊ីខ្ចីប្រាក់ជាង៨៤ពាន់លានដុល្លារផងដែរ ដោយក្នុងនោះបារាំង អ៉ីតាលី និងអូទ្រីស រងគ្រោះធ្ងន់ជាងគេច ខណៈធនាគារអាមេរិក ឱ្យខ្ចី១៤,៧ពាន់លានដុល្លារ។
ធនាគារ Goldman Sachs លាតត្រដាងមុននេះថា ខ្លួនបានឱ្យរុស្ស៊ី ខ្ចីចំនួន៦៥០លានដុល្លារកាលពីខែធ្នូ ឆ្នាំ២០២១។ ក្នុងពេលជាមួយគ្នានេះ ធនាគារ JPMorgan Chase និយាយថា សកម្មភាពបច្ចុប្បន្នរបស់ខ្លួននៅក្នុងប្រទេសរុស្ស៊ី ត្រូវបានកាត់បន្ថយហើយ៕ CNN៕