FASMEC ទទូចឱ្យរដ្ឋាភិបាលកាត់បន្ថយការនាំចូលផលិតផលដែលអ្នកក្នុងស្រុកអាចផលិតបាន

ដោយៈ លក្ខិណា

ភ្នំពេញៈ ដើម្បីជំរុញដល់ការផលិត និងរកទីផ្សារសម្រាប់ផលិតផលក្នុងស្រុកសម្ព័ន្ធសហគ្រាសខ្នាតតូចនិងមធ្យមដែលមានលោកឧកញ៉ាតែតាំងប៉ជាតំណាងបានស្នើសុំអោយរដ្ឋាភិបាលដែលមានក្រសួងពាណិជ្ជកម្មជាសេនាធិការកាត់បន្ថយនូវការនាំចូលទំនិញដែលអាចផលិតក្នុងស្រុកបាន។

លោកបញ្ជាក់ថា ធ្វើបែបនេះ នឹងអាចជួយជំរុញដល់អ្នកក្នុងស្រុក មានទឹកទឹកចិត្តក្នុងការផលិត ហើយនឹងមានទីផ្សារសម្រាប់ផលិតផលផលិតក្នុងស្រុកផងដែរ។ លោកឧកញ៉ា បានធានាអះអាងថា បើសិនជារដ្ឋាភិបាលអាចធ្វើបាន ដោយកាត់បន្ថយ និងឈានដល់បញ្ឈប់ការនាំចូលទំនិញ ដែលអាចផលិតក្នុងស្រុកបាននោះ កម្ពុជានឹងមិនខ្វះខាតផលិតផលសម្រាប់ប្រើប្រាស់នោះឡើយ

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកឧកញ៉ាតែ តាំងប៉បានបន្តថា ដោយសារតែ សហគ្រិនក្នុងស្រុកជាច្រើនបាននិងកំពុងពង្រីកអាជីវកម្ម និងសហគ្រាសរបស់ខ្លួនកាន់តែច្រើន ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ហេតុនេះរដ្ឋាភិបាលគួរបិទទំនិញមួយចំនួន ដែលអ្នកផលិតក្នុងស្រុកផលិតបាន ដែលបច្ចុប្បន្នសហគ្រិនក្នុងស្រុកពិបាក ប្រកួតប្រជែងពីផលិតផលខាងក្រៅ។

លោកបន្តថាគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចតេជោជាប្រមុខបានដាក់ចេញរួចហើយអោយជំរុញការកែច្នៃការផលិតនៅក្នុងស្រុកនិងកាត់បន្ថយការនាំចូលទំនិញពីបរទេសដោយទុកលទ្ធភាពអោយអ្នកក្នុងស្រុកផលិតសម្រាប់ផ្គត់ផ្គង់លើទីផ្សារវិញ។ប៉ុន្តែមន្ត្រីថ្នាក់ក្រោមនៅតែបន្តបើកដៃឱ្យឈ្នួញនាំចូលទំនិញដែលកម្ពុជាអាចផលិតបានមកចែកចាយដដែលដោយមិនអនុវត្តន៍តាមអនុសាសន៍របស់សម្ដេចអោយបានខ្ជាប់ខ្ជួននោះឡើយ។

លោកលាង ឡេង ម្ចាស់សិប្បកម្មផលិតទឹកត្រី ទឹកស៊ីអ៊ីវ នៅម្ដុំជ្រោយចង្វារបានឱ្យដឹងថា ជាការពិតណាស់បច្ចុប្បន្ននេះ ផលិតផលក្នុងស្រុកពិបាក ក្នុងការប្រកួតប្រជែងជាមួយអ្នកក្រៅស្រុកណាស់ដោយសារតែទំនិញរបស់យើងផលិតឡើងប្រើដើមទុនច្រើនជាងទំនិញនាំចូលហើយទំនិញនាំចូលក៏មិនដឹងប្រភពច្បាស់លាស់តែគេមានតម្លៃទាបជាងទំនិញក្នុងស្រុក។

លោកបន្តថា បើសិនមានការកាត់បន្ថយការនាំចូលពីខាងក្រៅ វានឹងធ្វើអោយអ្នកក្នុងស្រុកមានទឹកចិត្តផលិតបន្ថែម ហើយនឹងអាចផ្គត់ផ្គង់បានលើទីផ្សារ។លោកបន្តថា មិនតែប៉ុណ្ណោះ រដ្ឋាភិបាលក៏មានភាពងាយស្រួល ក្នុងការត្រួតពិនិត្យទំនិញរបស់អ្នកក្នុងស្រុក ព្រមទាំងអាចធានាបាននូវគុណភាពសម្រាប់អ្នកប្រើប្រាស់ផងដែរ

ម្យ៉ាងទៀត ពលរដ្ឋក្នុងស្រុកជាច្រើន នឹងទទួលបានទំនិញដែលផលិតពីក្នុងស្រុកប្រើប្រាស់កាន់តែច្រើន។ ជាពិសេសនោះនឹងធ្វើឱ្យការផលិតកាន់តែច្រើន បង្កើតការងារកាន់តែច្រើន និងអាចរួមចំណែកក្នុងការផ្ដល់ប្រាក់បៀរវត្សរ៍ ដល់ពលរដ្ឋកម្ពុជា និងជំរុញកំណើនសេដ្ឋកិច្ចកាន់តែបានច្រើនផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here