ដោយៈលក្ខិណា
ភ្នំពេញៈ ដើម្បីចូលរួមក្នុងការទប់ស្កាត់ នូវបំណុលច្រើនលើសលប់របស់ប្រជាពលរដ្ឋនៅកម្ពុជា ស្ថាប័នធនាគារនិងមីក្រូហិរញ្ញវត្ថុ បានរួមគ្នាក្នុងការទប់ស្កាត់ ចំពោះអតិថិជនម្នាក់តែខ្ចីឥណទាន ពីស្ថាប័នច្រើនក្នុងពេលតែមួយ។
លោកឡេង សេងឡន អនុប្រធានគណៈកម្មាធិការបរិយាបន្នហិរញ្ញវត្ថុនៃសមាគមធនាគារនៅកម្ពុជា បានមានប្រសាសន៍ថា នៅក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន កាលពីពេលថ្មីៗនេះបានឱ្យដឹងថា ដើម្បីជៀសវាងនូវការផ្ដល់កម្ចីដល់អតិថិជន និងធ្វើឱ្យអតិថិជន មានបំណុលច្រើនលើសលប់ គ្រឹះស្ថានហិរញ្ញវត្ថុ នីមួយគួរសិក្សាពីអតិថិជនឱ្យបានត្រឹមត្រូវ ដូចជាការពិនិត្យមើលពីប្រវត្តិ នៃការប្រើប្រាស់បំណុលរបស់អតិថិជន ។
លោកបន្តថា បើសិនជាអតិថិជនម្នាក់មានបំណុល២ ឬក៏៣គ្រឹះស្ថានក្នុងពេលតែមួយ និងស្វះស្វែងរកបំណុល ពីគ្រឹះស្ថានមួយផ្សេងទៀត ធនាគារ ឬក៏គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គួរតែពិចារណាថាផ្ដល់ជូនឬក៏អត់។ ស្ថាប័នត្រូវគិតពីលទ្ធភាព នៃការផ្ដល់សងត្រលប់មកវិញរបស់អតិថិជន ដើម្បីជៀសវាងដល់បំណុលវ័ន្តក។
លោកបន្តទៀតថា បច្ចុប្បន្ននេះ ជាគោលការណ៍រួម ដែលសមាជិករបស់សមាគមធនាគារនៅកម្ពុជាបានឯកភាពគឺ មិនឱ្យលើសពី៣ស្ថាប័នក្នុងអតិថិជនម្នាក់ ដែលមានន័យថា បើអតិថិជនម្នាក់កំពុងប្រើប្រាស់កម្ចី៣ក្នុងពេលតែមួយ និងកំពុងស្វែងរកកម្ចីមួយទៀត ស្ថាប័នហិរញ្ញវត្ថុគួរពិចារណាត្រង់នេះ តែបើសិនជាអតិថិជននោះ ជាអ្នកមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងបានប្រើប្រាស់កម្ចីប្រកបដោយប្រសិទ្ធភាព ស្ថាប័នក៏អាចពិចារណាក្នុងការផ្ដល់ជូនបន្ថែមទៀតផងដែរ ។
លោកបណ្ឌិតអ៉ិន ចាន់នីប្រធានសមាគមធនាគារនៅកម្ពុជាបានមានប្រសាសន៍ផងដែរថា នៅក្នុងឆ្នាំ២០២១កន្លងទៅ អតិថិជនម្នាក់ខ្ចីប្រាក់១ស្ថាប័នមានអត្រា៧៧,៦ភាគរយ អតិថិជនម្នាក់ខ្ចី២ស្ថាប័នមាន១៨ភាគរយ អតិថិជនខ្ចី៣ស្ថាប័នមាន៣,៧ភាគរយ និងអតិថិជនម្នាក់ខ្ចី៤ស្ថាប័នគឺមាន០,៤ភាគរយហើយអតិថិជនខ្ចី៥ ស្ថាប័នតែម្នាក់ឯងមិនមាននោះទេ។
លោកសុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាក៏បានថ្លែងថា ធនាគានិងមីក្រូហិរញ្ញវត្ថុត្រូវសិក្សា ឱ្យបានច្បាស់មុននឹងផ្ដល់កម្ចីជូនអតិថិជន។ ត្រូវសិក្សាមើលថាតើអតិថិជននោះ មានកម្ចីប៉ុន្មានហើយ មានកម្ចីនៅស្ថាប័នណាខ្លះ ហើយកម្ចីប៉ុន្មានគណនីហើយជាដើម ។ការធ្វើបែបនេះ នឹងជួយទប់ស្កាត់មិនឱ្យអតិថិជននោះ មានកម្ចីច្រើនលើសលប់ និងឈានដល់ដំណាក់កាល មានបំណុលច្រើនលើសលប់ឬបំណុលវ័ន្តករ៕