ដោយ: លក្ខិណា
ភ្នំពេញ ៖ គិតត្រឹមដំណាច់ឆ្នាំ២០២១ កម្ពុជាមានសន្និធិបំណុលសាធារណៈសរុបចំនួន ៩,៤៩ពាន់លានដុល្លារអាមេរិក ដោយសុទ្ធសឹងតែជាបំណុលសាធារណៈក្រៅប្រទេស ខណៈបំណុលសាធារណៈក្នុងប្រទេស ត្រូវបានទូទាត់បញ្ចប់ទាំងស្រុងកាលពីថ្ងៃទី១១ ខែកុម្ភៈឆ្នាំ២០២០កន្លងទៅ។
យោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុចេញផ្សាយកាលពីពេលថ្មីៗនេះឱ្យដឹងថា បង្ហាញផ្នែកតាមលទ្ធផលបឋមនៃការសិក្សាវិភាគចីរភាពបំណុលបង្ហាញថា បើទោះបីជាសេដ្ឋកិច្ចកម្ពុជាទទួលផលប៉ះពាល់ពីការរាលដាលនៃកូវីដ១៩ក្ដី ស្ថានភាពបណុលសាធារណៈកម្ពុជានៅតែបន្តរក្សាបាននូវចីរភាព និងហានិភ័យទាប។
រាល់សូចនាករបំណុលគន្លឹះៗទាំងអស់ ឆ្នាំ២០២១ សុទ្ធតែស្ថិតក្រោមអនុបាតគោល ក្នុងនោះសូចនាករសំខាន់ជាងគេ គឺអនុបាតតម្លៃបច្ចុប្បន្ននៃបំណុលសាធារណៈក្រៅប្រទេសធៀបនឹងផសស ស្ថិតនៅកម្រិត ២៤,៤ភាគរយ ធៀបនឹងអនុបាតគោល៤០ភាគរយ។
ទោះបីជាកម្ពុជាបានជួបវិបត្តិនឹងស្ថានភាពកូវីដ១៩យ៉ាងនេះ ក៏កម្ពុជាបានទូទាត់បំណុលជូនដដៃគូអភិវឌ្ឍន៍សរុបបានចំនួន៣៨២,៧៨លានដល្លារអាមេរិក ក្នុងនោះប្រាក់ដើមមានចំនួន២៨៥,៦៦លានដុល្លារអាមេរិក និងការប្រាក់និងកម្រៃផ្សេងៗមានចំនួន៩៧,១២លានដុល្លារអាមេរិក។
បើគិតចាប់តាំងឆ្នាំ១៩៩៣រហូតមកដល់ឆ្នាំ២០២១ រាជរដ្ឋាភិបាលបានទូទាត់សេវាបំណុលជូនដៃគូអភិវឌ្ឍន៍សរុបចំនួន២,៤៦ពាន់លានដុល្លារអាមេរិក ក្នុងនោះ ក្របខ័ណ្ឌបំណុលសាធារណៈក្នុងប្រទេសមានចំនួនប្រមាណ១ភាគរយ ត្រូវនឹងប្រមាណ២២,៨៣លានដុល្លារអាមេរិក ប្រាក់ដើម១៩,៧២លានដុល្លារអាមេរិកនិងការប្រាក់៣,១១លានដុល្លារអាមេរិក។
ក្របខ័ណ្ឌ បំណុលសាធារណៈក្រៅប្រទេសមានចំនួន៩៩ភាគរយ ត្រូវនឹងប្រមាណ២,៤៤ពាន់លានដុល្លារអាមេរិក ក្នុងនោះប្រាក់ដើម១,៦០ពាន់លានដុល្លារអាមេរិក និងការប្រាក់និងកម្រៃផ្សេងៗមាន៨៣៨,៧០លានដុល្លារអាមេរិក ៕