NBC ដាក់ចេញគោលការណ៍រូបិយវត្ថុចំនួន៥ ក្នុងការរក្សាស្ថិរភាពថ្លៃ

ដោយៈសុផារី

ភ្នំពេញៈ ការលេចឡើងមេរោគបំប្លែងថ្មីអូមីក្រុង ក្នុងសហគមន៍អាចនឹងមានផលប៉ះពាល់ដល់សន្ទុះកំណើន ក៏ប៉ុន្តែឥទ្ធិពលនេះរំពឹងថមថយ ដោយសារការគ្រប់គ្រងលើការរាលដាល និងវិធានការគាំទ្រនានារបស់រាជរដ្ឋាភិបាល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ បានរៀបចំកិច្ចប្រជុំ គណៈកម្មាធិការនយោបាយរូបិយវត្ថុ លើកទី៥៨ ក្រោមការចូលរួមពីលោកជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា។

ជាលទ្ធផល ធនាគារជាតិនៃកម្ពុជា បន្តអនុវត្តនយោបាយវិត្ថារកម្ម និងគាំទ្រដល់សកម្មភាពសេដ្ឋកិច្ច ខណៈដែលបន្តរក្សាបានស្ថិរភាពរឹងមាំ ក្នុងវិស័យធនាគារ។

ដើម្បីរួមចំណែករក្សាស្ថិរភាពថ្លៃ និងលើកកម្ពស់ប្រសិទ្ធភាពនយោ​បាយរូបិយវត្ថុសម្រាប់គ្រាបន្ទាប់ គណៈកម្មាធិការនយោបាយរូបិយវត្ថុបានសម្រេច លើជំហរនយោបាយរូបិយវត្ថុដូចជា ទី១ បន្តរក្សាស្ថិរភាពអត្រាប្តូរប្រាក់រៀលធៀបនឹងដុល្លារអាមេរិក ដោយប្រើប្រាស់ឧបករណ៍ផ្សេងៗរួមទាំង ការធ្វើអន្តរាគមន៍ និងការបញ្ចេញសន្ទនីយភាពជាប្រាក់រៀល។

ទី២ រក្សាអត្រាការប្រាក់ដេញថ្លៃ នៃប្រតិបត្តិការផ្តល់សន្ទនីយភាព ដោយមានការធានា (LPCO) និងការផ្តល់សន្ទនីយភាពរយៈពេលខ្លី (MLF) ក្នុងកម្រិតសមស្រប។ ទី៣ ផ្តល់សន្ទនីយភាពតាមយន្តការ LPCO ក្នុងបរិមាណដែលជួយ ដល់តម្រូវការប្រាក់រៀលរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។

ទី៤ បន្តរក្សាអត្រាប្រាក់បម្រុងកាតព្វកិច្ច ក្នុងអត្រា៧% ទាំងប្រាក់រៀល និងដុល្លារអាមេរិក និងទី៥ បន្តលើកកម្ពស់ការយល់ដឹង និងការប្រើប្រាស់ប្រាក់រៀល។

ការបើកប្រទេសឡើងវិញ បានផ្តល់ផលវិជ្ជមាន លើសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក ដែលរួមមាន ការដឹកជញ្ជូន ពាណិជ្ជកម្ម និងទេសចរណ៍ក្នុងស្រុកជាដើម ស្របពេលដែលសេដ្ឋកិច្ចពិភពលោក បន្តទទួលបានកំណើន។ អត្រាអតិផរណាបន្តស្ថិត ក្នុងកម្រិតទាបអាចគ្រប់គ្រងបាន ក្នុងអត្រា៣% ជាមួយនឹងស្ថិរភាពអត្រាប្តូរប្រាក់ ៤១០៨រៀល ក្នុងមួយដុល្លារអាមេរិក។

ទុនបម្រុងអន្តរជាតិ បន្តមានកម្រិតខ្ពស់គ្រប់គ្រាន់ ស្មើនឹង៨ខែនៃការនាំចូលទំនិញ និងសេវាសម្រាប់គ្រាបន្ទាប់ បម្រើដល់ការអនុវត្តនយោបាយរូបិយវត្ថុ ក៏ដូចជានយោបាយអត្រាប្តូរប្រាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here