កម្ពុជាសហការអង្គការ FAO ផ្តល់អាទិភាពប្រធានបទសំខាន់ៗមួយចំនួនក្នុងការអភិវឌ្ឍវិស័យកសិកម្មកម្ពុជា

ដោយ៖ សុផារី
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) បានពិភាក្សានិងឯកភាពគ្នាផ្តល់អាទិភាពលើប្រធានបទសំខាន់ៗដែលជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍវិស័យកសិកម្មកម្ពុជា។

ក្នុងជំនួបរវាងលោករដ្ឋមន្រ្តី វេង សាខុន និងលោកស្រី Rebekah Bell នាយកអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ថ្មីប្រចាំកម្ពុជា នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ ភាគីទាំងពីរបានពិភាក្សាលើប្រធានបទមួយចំនួន ក្នុងន័យសហការជម្រុញការអភិវឌ្ឍលើវិស័យកសិកម្មនៅកម្ពុជា។

ភាគីទាំងពីរបានពិភាក្សាលើប្រធានបទសំខាន់ៗដែលជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍវិស័យកសិកម្ម និងបានឯកភាពគ្នាផ្តល់អាទិភាពទៅលើ ៖ ការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ការពង្រឹងសមត្ថភាពកែច្នៃតាមរយ:វិស័យឯកជន សហគ្រាសធុនតូច និងមធ្យម ប្រព័ន្ធទីផ្សារកសិផល (ដំណាំ បន្លែ សត្វ និងត្រី) ប្រព័ន្ធត្រជាក់ក្នុងខ្សែច្រវាក់ផលិតកម្ម (Cold Chain System) ការអភិវឌ្ឍអនុវិស័យវារីវប្បកម្ម និងព្រៃឈើ សេវាកម្មផ្តល់ធាតុចូលកសិកម្ម ទាំងអស់នេះគឺដើម្បីបង្កើនផលិតកម្មស្បៀង អាហារូបត្ថម្ភ ការស្រូបយក បច្ចេកវិទ្យាកសិកម្មថ្មីៗយកទៅអនុវត្ត លើកកម្ពស់ស្តង់ដារផលិត ធានាបានគុណភាព សុវត្តិភាព ឆ្លើយតបតាមតម្រូវការទីផ្សារនាំចេញ រក្សាបាននូវកំណើនសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស្រី Rebekah Bell បានមានប្រសាសន៍ថា គម្រោងអភិវឌ្ឍវិស័យកសិកម្មមួយចំនួនបាននិងកំពុងអនុវត្ត ហើយសង្ឃឹមថានឹងរួមចំណែកអភិវឌ្ឍវិស័យមួយនេះឲ្យមានការរីកចម្រើនស្របទៅតាមគោលនយោបាយដែលរាជរដ្ឋាភិបាល។

លោកស្រីបន្តថា ក្រៅពីនេះក្រសួងបានគ្រោងទុក ក្នុងន័យចូលរួមចំណែកលើកកម្ពស់កម្រិតជីវភាព បង្កើនប្រាក់ចំណូល បង្កើតឱកាសការងារ បង្កើនផលិតភាពផលិតកម្ម ធានាបានសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ទទួលយកបច្ចេកវិទ្យាកសិកម្មថ្មីៗទៅអនុវត្ត ដើម្បីផ្លាស់ប្តូរទម្លាប់ ធន់ទៅនឹងការប្រែប្រួលអាកាសធាតុ បង្កើនប្រសិទ្ធភាពផលិតកម្ម និងសេដ្ឋកិច្ច។

លោក វេង សាខុន បានមានប្រសាសន៍ថា អង្គការ FAO បានសហការបានយ៉ាងល្អប្រសើរជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីអនុវត្តគម្រោងនានាផ្តល់អាទិភាពលើការអភិវឌ្ឍវិស័យកសិកម្មកម្ពុជាឲ្យមានការរីកចម្រើន ហើយកំពុងផ្តល់ផ្លែផ្កាគួរ ឲ្យកត់សម្គាល់ ដោយបានជួយជំរុញ កែលម្អ បណ្តុះបណ្តាល និងផ្សព្វផ្សាយបច្ចេកទេសកសិកម្មទំនើបដល់កសិករ ដែលនេះគឺជាទុន ឬជាគ្រឹះយ៉ាងរឹងមាំក្នុងការពង្រឹង និងពង្រីកសមត្ថភាពផលិត ធានាបានទាំងបរិមាណ និងគុណ ភាពឆ្លើយតបទៅនឹងបរិបទទីផ្សារសេរី ការប្រកួតប្រជែង ការប្រែប្រួលអាកាសធាតុ បរិយាប័ន និងនវានុវត្តន៍ និងជាពិសេសស្របតាមគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្មឆ្នាំ២០១៩-២០២៣ និងបរិបទនៃវិបត្តិជំងឺឆ្លងកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី៕

LEAVE A REPLY

Please enter your comment!
Please enter your name here