ដោយៈ លក្ខិណា
ភ្នំពេញៈ តាមការបញ្ជាក់របស់ក្រសួងទេសចរណ៍កម្ពុជា នៅថ្ងៃទី២៧កុម្ភៈ ២០២២កន្លងមកនេះបានឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ Thai Smile របស់ប្រទេសថៃ គ្រោងនឹងចាប់ផ្ដើមដំណើរការហោះហើរឡើងវិញនៅថ្ងៃទី ៣ មីនា ២០២២តទៅ គោលដៅបាងកក សៀមរាប ។
តាមសេចក្ដីប្រកាសពព៌តមាន របស់ក្រសួងទេសចរណ៍កម្ពុជាបានបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ របស់ប្រទេសថៃមួយនេះនឹងបើកការហោះហើរត្រង់២ជើងក្នុង១សប្តាហ៍។
ក្រសួងទេសចរណ៍ក៏បានអំពាវនាវ ដល់សមាគមទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ និងសាធារណជនបន្តចូលរួមផ្សព្វផ្សាយ ក៏ដូចជាជំរុញទេសចរអន្តរជាតិ មកកាន់គោលដៅទេសចរណ៍ខេត្តសៀមរាប ដែលជាគោលទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្រ្តដ៏សំខាន់បំផុតមួយរបស់កម្ពុជា។
សេចក្ដីប្រកាសរបស់ក្រសួងទេសចរណ៍កម្ពុជាបានបង្ហាញថា ដោយអត្រានៃការចាក់វ៉ាក់សំាងការពារជំងឺកូវីដ-១៩ ទូទំាងប្រទេសកម្ពុជា សម្រេចបានប្រមាណជាង៩០% នៃចំនួនប្រជាជនសរុប១៦លាននាក់ គិតត្រឹមថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ និងការអនុវត្តវិធានសុវត្ថិភាពបានយ៉ាងល្អ កម្ពុជា គឺជាគោលដៅទេសចរណ៍សុវត្ថិភាព និងបានបើកទទួលទេសចរអន្តរជាតិ ដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័ក ក្នុងករណីអ្នកដំណើរពិនិត្យឃើញអវិជ្ជមានកូវីដ-១៩ ពេលមកដល់កម្ពុជា ។
លោកស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការអាកាសចរស៊ីវិលកម្ពុជាបានឱ្យដឹងផងដែរថា រហូតមកដល់ពេលនេះ មេរោគរាតត្បាតនៃកូវីដ១៩ប្រភេទថ្មី អូមីក្រុង មិនទាន់ធ្វើឱ្យប៉ះពាល់ដល់ការមកដល់ នៃអ្នកដំណើរមកពីបរទេសនៅឡើយទេ។ លោកបន្តថា ចំនួនអ្នកដំណើរមកពីបរទេសចូលមកកម្ពុជា ចាប់តាំងពីរាជរដ្ឋាភិបាលកម្ពុជា បានបើកប្រទេសឡើងវិញបានកើនឡើង រហូតដល់មានការផ្ទុះនូវមេរោគកូវីដ១៩ប្រភេទ អូមីក្រុង ។
លោកបន្តថា “នៅក្នុងពេលកម្ពុជារកឃើញ វត្តមានមេរោគកូវីដ១៩ប្រភេទ អូមីក្រុង ក៏ចំនួនអ្នកដំណើរបរទេស ចូលមកម្ពុជានៅតែមានចំនួនថេរ មិនកើនឡើងហើយក៏មិនថយដែរ”៕