ដោយ៖ ម៉ាណែត
ភ្នំពេញ៖ ក្នុងគោលដៅចូលរួមស្ដារ និងជំរុញអាជីវកម្ម ដែលរងផលប៉ះពាល់ពីវិបត្តិកូវីដ១៩នៅកម្ពុជា ធនាគារCIMB ជាធនាគាររបស់ប្រទេសម៉ាឡេស៊ីនិងមានប្រតិបត្តិការក្នុងប្រទេសកម្ពុជាផងដែរនោះ បានចុះហត្ថលេខាក្នុងភាពជាដៃគូ ក្នុងការផ្ដល់ហិរញ្ញប្បទានដើម្បីពង្រីកអាជីវកម្មដល់សហគ្រិននៅក្នុងប្រទេសកម្ពុជា ។
ក្នុងសេចក្ដីប្រកាសរបស់ធនាគារស៊ីអាយអឹមប៊ី និង ក្រុមហ៊ុន GGEAR GROUP ឱ្យដឹងថា
តាមរយៈកិច្ចសហប្រតិបត្តិការជាដៃគូនេះ ក្រុមហ៊ុន GGEAR GROUP អាចស្នើសុំហិរញ្ញប្បទាន ពីធនាគារ CIMB សម្រាប់ទុនបង្វិលក្នុងអាជីវកម្ម ជាមួយនឹងលក្ខខណ្ឌសិក្សាឥណទានអនុគ្រោះមួយកម្រិត និងអាត្រាប្រាក់បត់បែនដ៏ល្អប្រសើរ ។
ថ្លែងក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ លោក ហុង ជៀប នាយកសេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្មរបស់ធនាគារ CIMB មានប្រសាសន៍ថា «ក្នុងនាមជាដៃគូអាជីវកម្មដ៏ល្អមួយរបស់អតិថិជន គឺធនាគារ CIMB តែងតែប្តេជ្ញាចិត្ត ក្នុងការកសាងវិស័យហិរញ្ញវត្ថុរឹងមាំ និងយូរអង្វែងដល់អតិថិជន តាមរយៈផលិតផលធនាគារ ប្រកបដោយអត្ថប្រយោជន៍ និងគុណតម្លៃខ្ពស់។ ជាក់ស្តែង កិច្ចសហប្រតិបត្តិការដៃគូនាពេលនេះ គឺជាការផ្តោតការយកចិត្តទុកដាក់មួយកម្រិតទៀតរបស់ធនាគារ CIMB ក្នុងការបំពេញតម្រូវការរំហូរទុនបង្វិលក្នុងអាជីវកម្ម ដោយការផ្តល់ហិរញ្ញប្បទានគ្រប់គ្រាន់ចាំបាច់ ជាមួយនឹងលក្ខខណ្ឌ និងអត្រាការប្រាក់ល្អប្រសើរ ដល់តំណាងចែកចាយ របស់ក្រុមហ៊ុន GGEAR GROUP។ ដូច្នេះភាពជាដៃគូរបស់ស្ថាប័នទាំងពីរនេះ នឹងជួយគាំទ្រដល់វឌ្ឍនភាពអាជីវកម្មរបស់តំណាងចែកចាយទាំងអស់ ក៏ដូចជាភាពរីកចម្រើន យូរអង្វែងរបស់ក្រុមហ៊ុន GGEAR GROUP និងធនាគារ CIMB ផងដែរ»។
លោកឧកញ៉ា សុខ ពិសិដ្ឋ អគ្គនាយកក្រុមហ៊ុន GGEAR GROUP បានបញ្ជាក់ថា ភាពជាដៃគូដែលព្រមព្រៀងគ្នានេះ គឺការផ្ដល់ជូននូវកញ្ចប់ឥណទានជាមួយទុនបង្វិលសម្រាប់ធ្វើការប្រើប្រាស់ក្នុងការពង្រឹង និងពង្រីកបន្ថែមទៀត ទៅលើអាជីវកម្មរបស់តំណាងចែកចាយ នៃក្រុមហ៊ុន GGear Group ដើម្បីអាចធ្វើការប្រកួតប្រជែង ជាមួយតំណាងចែកចាយក្រៅប្រទេស ឬប្រទេសនានាបាន។
ហិរញ្ញប្បទានដែលធនាគារ CIMB ផ្តល់ឱ្យតំណាងចែកចាយរបស់ក្រុមហ៊ុន GGEAR GROUP គឺជាប្រភេទឥណទានវិបារូបហ៍ ដែលអតិថិជនជាលក្ខណៈក្រុមហ៊ុនអាចស្នើសុំបាន ទុកជាមុននូវទំហំប្រាក់កម្ចីកំណត់មួយ សម្រាប់ប្រើប្រាស់ជាទុនបង្វិល ក្នុងអាជីវកម្ម ដូចជាទូទាត់ថ្លៃទំនិញ និងសេវាកម្ម ទៅដៃគូជំនួញ ឬអ្នកផ្គត់ផ្គង់ជាដើម ជាមួយនឹងអត្រាការប្រាក់ល្អ ត្រឹមតែ៧%-៨% ដោយគិតតែទៅលើចំនួនទឹកប្រាក់ និងរយៈពេលប្រើប្រាស់ជាក់ស្តែងប៉ុណ្ណោះ ។ នេះគឺជាលើកទីមួយហើយ ដែលធនាគារ CIMB បង្កើតកិច្ចសហប្រតិបត្តិការដៃគូ លើការផ្តល់ហិរញ្ញប្បទាន ដល់អតិថិជនជាលក្ខណៈក្រុមហ៊ុន ដែលជាតំណាងចែកចាយ របស់ក្រុមហ៊ុន GGEAR GROUP ។
ទាំងរដ្ឋាភិបាលកម្ពុជា និងវិស័យឯកជនធ្វើប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា បានចូលរួមក្នុងការជំរុញឱ្យវិស័យដែលរងផលប៉ះពាល់ពីវិបត្តិក្នុងការស្ដារអាជីវកម្មឡើងវិញ ធ្វើយ៉ាងណាជំរុញឱ្យសេដ្ឋកិច្ចកម្ពុជាមានកំណើនបន្ថែមទៀត ជាពិសេសលើវិស័យសហគ្រាសធុនតូចនិងមធ្យមនិងវិស័យដែលអាទិភាពក្នុងការចូលរួមក្នុងសេដ្ឋកិច្ចជាតិ ៕