“ការកសាង​វិស័យ​ហិរញ្ញវត្ថុ​ប្រកបដោយ​បរិ​យាប​ន្ន” នឹង​បម្រើ​ជា​ប្រយោជន៍​សម្រាប់​ប្រទេស​កម្ពុជា

ដោយ៖ ម៉ា​ណេ​ត

ភ្នំពេញៈ សៀវភៅ “ការកសាង​វិស័យ​ហិរញ្ញវត្ថុ​ប្រកបដោយ​បរិ​យាប​ន្ន” បាន​ចងក្រង​ឡើង ដើម្បី​បម្រើ​ជា​អត្ថប្រយោជន៍​សម្រាប់​ប្រទេស​កម្ពុជា និង​ចែករំលែក​នូវ​បទពិសោធន៍ ក្នុង​វិស័យ​ហិរញ្ញវត្ថុ​ដ៏​មានតម្លៃ​របស់​កម្ពុជា ដល់​ប្រទេសផ្សេងៗលើ​ពិភពលោក ជាពិសេស​ប្រទេស​កំពុងអភិវឌ្ឍន៍ដទៃៗទៀត ។

នៅ​ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ លោក រ័ត្ន សុវណ្ណ​នរៈ អគ្គនាយក​ត្រួតពិនិត្យ​នៃ​ធនាគារជាតិ​នៃ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​សៀវភៅ​ប្រវត្តិ និង​ការ​អភិ​វ ឌ្ឍ​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា “ការកសាង​វិស័យ​ហិរញ្ញវត្ថុ ប្រកបដោយ​បរិ​យាប​ន្ន” ជូន​តំណាង​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សៀវភៅ​នេះ​រៀបរាប់​អំពី​ដំណើរ​កកើត នៃ​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា គោលបំណង និង​បុព្វហេតុ​នៃ​ការអភិវឌ្ឍ ពី​ដំណាក់កាល​មួយ​ទៅ​ដំណាក់កាល​មួយ សមាសភាព​តួអង្គ​ពាក់ព័ន្ធសំខាន់ៗ សារៈប្រយោជន៍​របស់​មី​ក្រូ​ហិរញ្ញវត្ថុ និង​រំលេច​នូវ​ទស្សនាទាន​អំពី​អនាគត​របស់​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ក្នុងការ​ចូលរួម​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម​កម្ពុជា​ប្រកបដោយ​និរន្តរភាព។

លោក​រ័ត្ន សុវណ្ណ​នរៈ​បានបញ្ជាក់​ថា វិស័យ​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​បាន​ចាប់​កកើត​ក្នុង​ទសវត្សរ៍​ឆ្នាំ១៩៨០ ក្រោយពេល​ការដួលរលំ នៃ​របប​ប្រល័យពូជសាសន៍​ប៉ុល ពត ហើយ​បាន​បន្ត​រីកចម្រើន​ជា​បន្តបន្ទាប់ ជាពិសេស​មានការ​រីក​ចម្រើន​យ៉ាងខ្លាំង ក្រោយ​ពេលដែល​ប្រទេស​កម្ពុជា ទទួលបាន​សុខសន្តិភាព​ពេញលេញ តាមរយៈ​នយោបាយ​ឈ្នះ-ឈ្នះ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

អគ្គទេសាភិបាល​ធនាគា​រ​ជាតិ​នៃ​កម្ពុជា លោក​ជា ចាន់តូ បាន​ចារ​ក្នុង​អារម្ភកថា​របស់​សៀវភៅ​នេះ​ថា កាលពី​បួន​ទសវត្សរ៍​កន្លងមក ប្រវត្តិសាស្ត្រ​កម្ពុជា​បាន​ចារឹក​យ៉ាងច្បាស់​ពី​ដំណើរ​ងើបឡើង​វិញ​របស់​ប្រទេស​កម្ពុជា ពី​ស្ថានភាព​មួយ​ដែល​ខ្ទេចខ្ទាំ​ដល់​ឬ​សគល់ ជាពិសេស វិស័យ​ហិរញ្ញវត្ថុ ដែល​ត្រូវបាន​លុបបំបាត់​ទាំងស្រុង និង​ធ្វើឱ្យ​ប្រជាជន​កម្ពុជា លែងមាន​ជំនឿ​មកលើ​វិស័យ​ហិរញ្ញវត្ថុ​កម្ពុជា។

លោក​បន្តថា “កត្តា​ប្រវត្តិសាស្ត្រ​នេះ គឺជា​មូលដ្ឋាន​សម្រាប់ធ្វើ​ការវិភាគ និង​ស្វែងយល់​អំពី​មូលហេតុ ឧបសគ្គ និង​បញ្ហា​ប្រឈម​នានា​ដែល​អ្នក​ជំនាន់​មុន​បាន​ជួបប្រទះ” ។

ក្នុង​គោល​គំនិត​ចងក្រង​ជា​ឯកសារ​ប្រវត្តិសាស្ត្រ​ផង ជាឃ្លាំង​ផ្ទុក​នូវ​បទពិសោធន៍​ផង និង​ជា​មេរៀនសំខាន់ៗផង សម្រាប់​ផ្តល់ជូន​ដល់​អ្នកសិក្សា​ស្រាវជ្រាវ និង​សាធារណជន​ទូទៅ ទើប​ថ្នាក់ដឹកនាំ​ធនាគារជាតិ​នៃ​កម្ពុជា ក្រោម​ការដឹកនាំ​របស់ លោក ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា បានសម្រេច​ចិត្ត​ប្រគល់​ការងារ​នេះ​ជូន លោក រ៉ុ​ន បេ​វ៉ា​ក​ក្វា ដែលជា​ស្ថាបនិក និង​នាយក​គ្រប់គ្រង​របស់​ក្រុមហ៊ុន Access Advisory ដើម្បី​ធ្វើការ​សិក្សា​ស្រាវជ្រាវ និង​ចងក្រង​សៀវភៅ “ការកសាង​វិស័យ​ហិរញ្ញវត្ថុ​ប្រកបដោយ​បរិ​យាប​ន្ន” និង​ប្រកាន់​លើ​គោល​គំនិត​និង​មតិយោបល់​ឯករាជ្យ​របស់​អ្នកនិពន្ធ”  ។

លោក​គា បូរាណ ប្រធាន​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា បាន​ថ្លែង​នៅក្នុង​ពិធី​ប្រគល់​សៀវភៅ​នេះ​ថា សៀវភៅ​នេះ​គឺជា​ស្នាដៃ​ដ៏​មាន​សារៈសំខាន់ ដែល​នឹង​បម្រើ​ជា​ឯកសារ​គោល​សម្រាប់​វិស័យ​ហិរញ្ញវត្ថុ ដោយ​ផ្តោត​សំខាន់​អំពី​ប្រវត្តិ និង​ការអភិវឌ្ឍ​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុ​ជាជាង​ពីរ​ទស្សវត្សរ៍។

លោក​បន្តថា “សៀវភៅ​នេះ​មិន​ត្រឹមតែ​បម្រើ​ជា​អត្ថប្រយោជន៍ សម្រាប់​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ ថែមទាំង​បាន​ចែករំលែក​នូវ​បទពិសោធន៍ ក្នុង​វិស័យ​ហិរញ្ញវត្ថុ​ដ៏​មានតម្លៃ​របស់​កម្ពុជា ដល់​ប្រទេសផ្សេងៗលើ​ពិភពលោក ជាពិសេស​ប្រទេស​កំពុងអភិវឌ្ឍន៍ដទៃៗទៀត” ។

ជាមួយគ្នានេះ លោក រ៉ុ​ន បេ​វ៉ា​ក​ក្វា បានធ្វើ​បទ​បង្ហាញ​ពី​ទិដ្ឋភាព​ទូទៅ និង​ការរកឃើញ​នៅក្នុង​សៀវភៅ​នេះ។ លោក​បាន​ថ្លែងថា មីក្រូហិរញ្ញវត្ថុ​កម្ពុជា ស្ថិត​ក្នុងចំណោម​ប្រព័ន្ធ​មីក្រូហិរញ្ញវត្ថុ ល្អ​បំផុត​នៅលើ​ពិភពលោក ហេតុដូច្នេះ មីក្រូហិរញ្ញវត្ថុ​កម្ពុជា​គួរ​ត្រូវបាន​យកចិត្តទុកដាក់ និង​ទទួលបាន​នូវ​ការគោរព។

លោក​បាន​បន្តថា វិស័យ​មីក្រូហិរញ្ញវត្ថុ ត្រូវការ​ធ្វើការ​សម្រេច​ចិត្ត​ឱ្យបាន​ត្រឹមត្រូវ​ក្នុង​ការផ្តល់សេវា​ហិរញ្ញវត្ថុ ប្រកួតប្រជែង​ដោយ​ស្មើភាព ផ្តល់​សេវា​ហិរញ្ញវត្ថុ​ជូន​អតិថិជន​តាម​តម្រូវការ ដាក់ចេញ​បទ​ប្បញ្ញត្តិ និង​មាន​ការចុះ​ត្រួតពិនិត្យ​សំដៅ ធានា​ការអនុលោម​តាម​បទ​ប្បញ្ញត្តិ ព្រមទាំង​តម្រូវឱ្យមាន​ការសហកា​រ​គ្នា រវាង​ភាគី​ពាក់ព័ន្ធ ដើម្បី​ធានា​ឱ្យបាន​សុច្ចរិត​ភាព​នៃ​ទីផ្សារ ទោះបីជា​មានការ​ប្រកួត​ប្រជែង​គ្នា​ក្នុង​ទីផ្សារ​ក៏ដោយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here