ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងថៃកើនឡើង១៦,៦៣ភាគរយ ដល់១៤៤,៩ពាន់លានបាតក្នុងឆ្នាំ២០២១

ដោយ៖ សុផារី

កម្ពុជា៖ ទំហំពាណិជ្ជកម្មក្នុងឆ្នាំ២០២១ រវាងប្រទេសថៃ និងកម្ពុជាបានកើនឡើង ១៦,៦៣% ដល់ ១៤៤,៩ ពាន់លានបាតកាលពីឆ្នាំមុន ទោះបីជាព្រំដែនត្រូវបានបិទកាលពីឆ្នាំមុនក៏ដោយ។

តាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុក The Nations កាលពីថ្ងៃទី០៧ ខែកុម្ភៈ បានឱ្យដឹងថា ក្រសួងពាណិជ្ជកម្មបានរាយការណ៍កាលពីសប្តាហ៍មុនថា ជារួម ពាណិជ្ជកម្មរបស់ប្រទេសថៃបានកើនឡើង៣០% បើធៀបនឹងឆ្នាំមុន ខណៈកំណត់ទិសដៅកំណើនពី ៥ទៅ ៧%សម្រាប់ឆ្នាំ២០២២នេះ។

លោក Jurin Laksanawisit រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបាននិយាយថា “ពាណិជ្ជកម្មសរុបមានទំហំចំនួន ១,៧១ទ្រីលានបាតក្នុងឆ្នាំ២០២១ កើនឡើង៣០,០៣ភាគរយ ជាមួយនឹងការនាំចេញកើនឡើង៣៤,៦ភាគរយ ដល់១,០៣ពាន់ពាន់លានបាត និងការនាំចូលកើនឡើង២៣,៧ភាគរយ ដល់ ៦៨៤ពាន់លានបាត”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានចង្អុលបង្ហាញថា “ទំហំពាណិជ្ជកម្មនៅឆ្នាំ២០២១ បានលើសការរំពឹងទុករបស់ក្រសួងដែលបានកំណត់៦ភាគរយ ដែលលើស៥ដង”។

លោកបន្តថា “ឆ្នាំនេះយើងប៉ាន់ស្មានថាទំហំពាណិជ្ជកម្មនឹងបន្តកើនឡើងក្នុងចន្លោះពី៥ទៅ៧%បើធៀបនឹងឆ្នាំមុន។ ការនាំចេញត្រូវបានគេរំពឹងថានឹងមានចំនួនពី ១,០៨ទ្រីលានបាតដល់ ១,១ពាន់ពាន់លានបាត”។

លោកបាននិយាយថា កត្តាដែលនឹងរួមចំណែកដល់កំណើនកើនឡើងនៃទំហំពាណិជ្ជកម្មនៅឆ្នាំ ២០២២ រួមមានការបន្តងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក និងតំបន់ដែលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ ការចុះថ្លៃនៃប្រាក់បាតដែលនឹងបង្កើនការប្រកួតប្រជែងតម្លៃផលិតផល និងការប្រើប្រាស់ថ្មីនេះព្រមទាំងការបើកប្រើប្រាសផ្លូវដែកចិន-ឡាវ ដែលនឹងជួយយ៉ាងច្រើនដល់ការដឹកជញ្ជូនផលិតផលកសិកម្មពីប្រទេសថៃទៅកាន់ទីក្រុងវៀងច័ន្ទ និងទីក្រុង Chongqing ដែលជាទីផ្សារដ៏ធំបំផុតពីរសម្រាប់ផលិតផលកសិកម្ម។

បើធៀបនឹងឆ្នាំ២០២០ ទំហំពាណិជ្ជកម្មជាមួយប្រទេសឡាវមានចំនួន ៤១៧,៧៣ពាន់លានបាត កើនឡើង៣៩,៣១ភាគរយ ប្រទេសម៉ាឡេស៊ីមានចំនួន ៣៤៦,៦ពាន់លានបាត កើនឡើង ៤២,៦ភាគរយ កម្ពុជាមានចំនួន ១៤៤,៩ ពាន់លានបាត កើនឡើង ១៦,៦៣ភាគរយ ប្រទេសមីយ៉ាន់ម៉ាមានចំនួន ១២២,០៨ ពាន់លានបាត កើនឡើង ១០៩,២៤ភាគរយ ប្រទេសចិនមានចំនួន ១៩៤,៨២ ពាន់លានបាត កើនឡើង ៥៩,៧១ភាគរយ ប្រទេសសិង្ហបុរីមានចំនួន ៥៣,៨៥ ពាន់លានបាត កើនឡើង ៥១,៤៩ភាគរយ និងប្រទេសវៀតណាមមានចំនួន ៤៦,៣ ពាន់លានបាត កើនឡើង ៥,០៣ភាគរយ។

លោក Jurin បាននិយាយថា “ដើម្បីសម្រួលបន្ថែមទៀតដល់ពាណិជ្ជកម្មជាមួយបណ្តាប្រទេស ក្រសួងនឹងបន្តធ្វើការជាមួយភ្នាក់ងាររដ្ឋាភិបាល និងវិស័យឯកជន ទាំងក្នុងស្រុក និងក្រៅប្រទេស ដើម្បីកំណត់ទីតាំងអ្នកទិញសក្តានុពលនៅក្នុងទីផ្សារថ្មី” ។

លោកបានបន្តថា “នៅឆ្នាំ២០២២នេះ យើងរំពឹងថានឹងបើកច្រកព្រំដែនបន្ថែមទៀត ដែលត្រូវបានបិទ ដើម្បីការពារការរីករាលដាលនៃកូវីដ-១៩”។

បើតាមលោក Jurin ក្នុងចំណោមប៉ុស្តិ៍ត្រួតពិនិត្យចំនួន៩៧ ដែលជាប់ព្រំដែនជាមួយប្រទេសថៃមានដូចជាម៉ាឡេស៊ី មីយ៉ាន់ម៉ា ឡាវ និងកម្ពុជា មានតែប៉ុស្តិ៍ត្រួតពិនិត្យចំនួន៤៨ ប៉ុណ្ណោះដែលត្រូវបានបើកសម្រាប់ពាណិជ្ជកម្មធ្វើពាណិជ្ជកម្ម។ ថៃគ្រោងនឹងបើកឡើងវិញយ៉ាងហោចណាស់ប៉ុស្តិ៍ត្រួតពិនិត្យចំនួន១២បន្ថែមទៀតនៅឆ្នាំនេះ ក្នុងនោះក៏មានច្រកតាមខេត្តជាប់កម្ពុជា នៃខេត្តត្រាត (Trat) និង ស្រះកែវ (Sa Kaeo)៕

LEAVE A REPLY

Please enter your comment!
Please enter your name here