ទួលគោកកាន់តែបង្ហាញភាពទាក់ទាញដល់វិនិយោគិនអចលនទ្រព្យក្នុង និងក្រៅប្រទេស

ដោយ៖ លក្ខិណា

ភ្នំពេញ៖ តំបន់ទួលគោកដែលពីមុនគេចាត់ទុកជាតំបន់ជាយក្រុង និងជាតំបន់បន្ទាប់បន្សំសម្រាប់វិស័យអចលនទ្រព្យ ក៏ប៉ុន្តែពេលនេះ ទួលគោកត្រូវបានមើលឃើញថា ជាទីកន្លែងដែលមានចំណាប់អារម្មណ៍ខ្លាំងពីសំណាក់វិនិយោគិនក្នុង និងក្រៅស្រុក។

ជាក់ស្ដែងតំបន់នេះត្រូវបានគេមើលឃើញថា មានសំណង់អគារខ្ពស់ៗ មានសាលារៀនភោជនីយដ្ឋានល្បីៗ ធនាគារនិងអាជីវកម្មតូចធំជាច្រើនទៀត។ ទាំងនេះ វារឹតតែធ្វើឱ្យវិនិយោគិនផ្សេងទៀតសម្លឹងពីសក្ដានុពលក្នុងការវិនិយោគរបស់ខ្លួន ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អ្នកវាយតម្លៃអចលនទ្រព្យនៅកម្ពុជាជាច្រើនបានចាត់ទុកតំបន់ទួលគោកគឺតំបន់រងបន្ទាប់ពីតំបន់ដែលមានសក្ដានុពលនិងការវិនិយោគខ្លាំងជាងគេនៅកម្ពុជាគឺតំបន់បឹងកេងកង១។ តម្លៃដីធ្លីនៅតំបន់ទួលគោកនាពេលនេះ ក៏ត្រូវបានមើលឃើញផងដែរថា បានហក់ឡើងមួយកម្រិត ដោយសារតែសន្ទុះនៃការវិនិយោគអចលនទ្រព្យនៅតំបន់នោះមានកាន់តែច្រើនពីមួយឆ្នាំទៅមួយឆ្នាំ។

អ្វីដែលជាការកត់សម្គាល់មួយទៀតនោះតំបន់ទួលគោកក៏ជាតំបន់ដែលសំបូរអ្នកមានទ្រព្យ និងអ្នកដឹកនាំធំៗ ទៅរស់នៅតំបន់នោះដែរ ពីព្រោះតំបន់មានសាលារៀនល្បីៗ មានផ្សារទំនើប ហេដ្ឋារចនាសម្ព័ន្ធក៏ត្រូវស្ថាបនាឡើងវិញនិងពង្រីកកាន់តែច្រើន ធ្វើអោយការធ្វើដំណើរកាន់តែភាពងាយស្រួល។

តំណាងក្រុមហ៊ុនអភិវឌ្ឍខុនដូធំមួយនៅតំបន់ទួលគោកនេះ ក៏បាននិយាយថា កាលពីមុន ទួលគោកជាតំបន់លិចទឹក និងមិនសូវចាប់អារម្មណ៍មែន ក៏ប៉ុន្តែពេលនេះ វាមិនដូច្នេះទេ ព្រោះពេលនេះ អ្នកវិនិយោគជាច្រើនបានសម្រុកនិងកំពុងសម្លឹងមករកការវិនិយោគក្នុងតំបន់នេះ កាន់តែច្រើន។

បើតាមលោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានលើកឡើងផងដែរថា តំបន់ណាដែលមានការសាងសង់ហេដ្ឋារចនាសម្ព័ន្ធច្រើន តំបន់នោះនឹងទទួលបានការវិនិយោគកាន់តែច្រើន។

លោក បានថ្លែងបន្តថា ម្យ៉ាងទៀតកាលណាតំបន់កណ្ដាលរាជធានី មានការអភិវឌ្ឍពេញណែនហើយ នោះការអភិវឌ្ឍផ្សេងទៀតនឹងសាយភាយទៅកាន់ជាយៗនៃរាជធានីភ្នំពេញ និងធ្វើអោយតំបន់ជាយៗកាន់តែរីកសាយធំឡើងជាមួយនឹងកំណើននៃតម្លៃក៏កាន់តែខ្ពស់ជាងមុន ។

លោកបន្តថា សព្វថ្ងៃនេះមានតំបន់ពីរដែលជាទីចំណាប់អារម្មណ៍របស់វិនិយោគិនទាំងក្នុងនិងក្រៅស្រុក។ តំបន់ទាំងនោះ គឺតំបន់ខាងជើងឈៀងខាងលិច និងតំបន់ខាងត្បូងឈៀងខាងកើត។ តំបន់ទាំងពីរកំពុងមានការប្រកួតប្រជែងគ្នាខ្លាំង ក្នុងនោះគម្រោងៗធំៗមួយចំនួនក៏ស្ថិតនៅក្នុងតំបន់ទាំងនេះដែរ។ ក៏ប៉ុន្តែវាមិនមែនមានន័យថាតំបន់ផ្សេងទៀតគ្មានការចាប់អារម្មណ៍នោះទេ គ្រាន់តែថាតំបន់ទាំងពីរនោះ គឺមានសន្ទុះជាងគេបន្តិច៕

LEAVE A REPLY

Please enter your comment!
Please enter your name here