ដោយៈ សូរិយ៉ា
ភ្នំពេញៈ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)បានអនុម័តផ្តល់ជំនួយចំនួនពីរមានតម្លៃសរុប៦,៨ លានដុល្លារ ដើម្បីជួយស្តារវិស័យទេសចរណ៍ លើកស្ទួយ គុណភាពនិងផលិតកម្មស្រូវ ព្រមទាំងពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ស្រូវនៅកម្ពុជា ដែលរងផលប៉ះពាល់ដោយ សារការរាតត្បាតនៃជំងឺកូវីដ១៩។
កញ្ចប់ជំនួយទីមួយមានតម្លៃ៣,៧លានដុល្លារ ត្រូវបានគេរំពឹងថានឹងផ្តល់អត្ថប្រយោជន៍ដល់ ប្រជាសហគមន៍ចំនួន៤.000នាក់ តាមរយៈគម្រោងស្តារសហគមន៍ទេសចរណ៍ សម្រាប់ការងើបឡើងវិញពីកូវីដ១៩ ហើយវាគ្របដណ្តប់តំបន់ក្បែរ ប្រាសាទបេតិកភណ្ឌព្រះវិហារ ក្នុងខេត្តព្រះវិហារ និងប្រាសាទ ភ្នំដាក្នុងខេត្តតាកែវ។
ទឹកប្រាក់ប្រមាណ៣លានដុល្លារ នៃជំនួយនេះត្រូវបានផ្តល់ដោយមូលនិធិជប៉ុនសម្រាប់ ភាពរុងរឿង និងភាពធន់នៅអាស៊ី និងប៉ាស៊ីហ្វិក (the Japan Fund for Prosperous and Resilient Asia and the Pacific) ។
កញ្ចប់ជំនួយមួយទៀតមានតម្លៃ៣,៩លានដុល្លារ នឹងផ្តល់អត្ថប្រយោជន៍ដល់កសិករខ្នាតតូច ចំនួន២២.000 នាក់។ វាជាការផ្តល់ហិរញ្ញប្បទានបន្ថែមសម្រាប់កម្មវិធី អភិវឌ្ឍន៍វិស័យពាណិជ្ជកម្មស្រូវ ដែលធន់នឹងអាកាសធាតុនៅក្នុង ខេត្តបាត់ដំបង កំពង់ធំ និងព្រៃវែង។
ចំណែកទឹកប្រាក់ប្រមាណ៣,៨លានដុល្លារ នៃជំនួយនេះបានមកពីកម្មវិធីកសិកម្ម និងសន្តិសុខស្បៀងសកល (the Global Agriculture and Food Security Program) ដែលជាមូលនិធិសកលមានគោលបំណងកាត់បន្ថយភាពអត់ឃ្លាន និងកែលម្អអាហារូបត្ថម្ភ នៅក្នុងប្រទេសដែលមានចំណូលទាប។
លោក Anthony Gill នាយកស្តីទីធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា កញ្ចប់ជំនួយទីមួយនឹងជួយសហគមន៍កែលម្អហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ និងសេវាកម្ម អតិថិជន ដើម្បីទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន និងជំរុញសេដ្ឋកិច្ចក្នុងតំបន់។ កញ្ចប់ជំនួយទីពីរ នឹង ជួយកសិករដំណាំស្រូវនៅកម្ពុជា បង្កើនប្រាក់ចំណូល និងភាពធន់នឹងអាកាសធាតុតាមរយៈការដោះ ស្រាយ បញ្ហារំខានផ្នែកដឹកជញ្ជូន និងសង្វាក់ផ្គត់ផ្គង់ ដែលបណ្តាលមកពីជំងឺកូវីដ១៩។
ធនាគារអភិវឌ្ឍន៍អាស៊ីប្តេជ្ញា នឹងសម្រេចឱ្យបាននូវវិបុលភាព បរិយាប័ន្ន ភាពធន់ និងនិរន្តរភាព ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ស្របជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ភាពក្រីក្រខ្លាំង៕