ក្រុមហ៊ុនធំៗចំនួន៩ សហការគ្នាលើការអភិវឌ្ឍហ្គ្រីនហៅស៍ និងកសិកម្មបច្ចេកវិទ្យា ៤.០

ដោយ៖​សុផារី

ភ្នំពេញ៖ ក្រុមហ៊ុនចំនួន៩ ដឹកនាំដោយក្រុមហ៊ុនអាហ្គ្រី-សម្បត្តិខ្មែរ ឯ.ក ដែលជាក្រុមហ៊ុនអភិវឌ្ឍហ្គ្រីនហៅស៍ ឈានមុខគេនៅកម្ពុជា នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ចូលរួមសហការគ្នាក្នុងការដាក់ចេញនូវផែនការអភិវឌ្ឍន៍កសិកម្មបច្ចេកវិទ្យា ៤.០ ( ASK Agriculture 4.0) ដើម្បីសាងសង់ហ្គ្រីនហៅស៍ឱ្យបានចំនួន ១០០០០កន្លែង នៅត្រឹមឆ្នាំ២០៣០ ជាមួយនឹងបេសកកម្មក្នុងការសម្រេចឱ្យបាននូវសុវត្ថិភាពចំណីអាហារ ប្រកបដោយនិរន្តរភាព និងចក្ខុវិស័យក្នុងការប្រែក្លាយកសិករទៅជា “កសិសហគ្រិន”។


ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះធ្វើឡើងរវាងហ៊ុនអាហ្គ្រី-សម្បត្តិខ្មែរ ឯ.ក, ក្រុមហ៊ុន ភីអិលអិមភី វេនឈ័រ ឃែភីថល ឯ.ក ធនាគារ ហ្វីលីព ភីអិលស៊ី ក្រុមហ៊ុនហ្វីលីព ចេណឺរល អ៊ីនសួរេន (ខេមបូឌា) ម.ក សហព័ន្ធសហគមន៍កសិកម្មកម្ពុជា ក្រុមហ៊ុន ប៊ី២អូ គ្រុប សមាគមផែនការអាជីវកម្មស្ដង់ដារអន្តរជាតិ ក្រុមហ៊ុន វីសិន ហ្វាម (ខេមបូឌា) ឌីវេឡុបម៉ិន ឯ.ក អង្គការទឹកដីសុវណ្ណភូមិ ក្រោមអធិបតីរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោករដ្ឋមន្ត្រី វេង សាខុន បានគាំទ្រដល់ការបង្កើតភាពជាដៃគូក្នុងការអភិវឌ្ឍហ្គ្រីនហៅស៍ចំនួន ១០០០០កន្លែង ដើម្បីលើកកម្ពស់ដល់ខ្សែសង្វាក់ផ្គត់ផ្គង់បន្លែប្រកបដោយសុវត្ថិភាព ស្របតាមស្តង់ដារអនុវត្តកសិកម្មល្អនៅកម្ពុជា (CamGAP) ។ លោកថា កម្ពុជានៅតែជាប្រទេសនាំចូលផលិតផលកសិកម្ម ក្នុងបរិមាណច្រើន បើទោះជាមានផ្ទៃដីដ៏ធំធេង ដែលអាចធ្វើកសិកម្មបានជាមួយនឹងធនធានទឹក និងអាកាសធាតុល្អ។ កង្វះការផ្គត់ផ្គង់បន្លែសុវត្ថិភាព នៅតែជាបញ្ហាប្រឈមសម្រាប់ទីផ្សារក្នុងស្រុក និងទាមទារឱ្យមានកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធទាំងវិស័យឯកជន និងសាធារណៈ ដើម្បីចូលរួមចំណែកក្នុងការដោះស្រាយលើបញ្ហានេះ។

អនុស្សរណៈយោគយល់គ្នានេះមានគោលបំណងចាប់ផ្តើមការអភិវឌ្ឍផែនការមេនៃកសិកម្មបច្ចេកវិទ្យា៤.០ ក្នុងការផ្តល់នូវដំណោះស្រាយរយៈពេលវែង ដោយរំពឹងថានឹងអាចផលិតបានបន្លែសុវត្ថិភាពយ៉ាងហោចណាស់ ៤០០ពាន់តោន ជារៀងរាល់ឆ្នាំដែលមិនត្រឹមតែផ្តល់សន្តិសុខស្បៀងដល់ទីផ្សារកម្ពុជានិង​អាច​បង្កើន​ការ​នាំ​ចេញ​បន្លែសុទ្ធថែម​ទៀតផង។

ផែនការរយៈពេលវែងរបស់ក្រុមហ៊ុនអាហ្គ្រី-សម្បត្តិខ្មែរ ក៏ផ្តោតលើការអភិវឌ្ឍមជ្ឈមណ្ឌលបច្ចេកទេសអាហារ (FOODTECH HUB) ដោយសហការលើកម្មវិធី ផ្ទេរចំណេះដឹង និងបច្ចេកទេសពីប្រទេសកសិកម្មឈានមុខគេ ដើម្បីបង្កើនគុណភាពបន្លែស្លឹក និងផ្លែឈើប្រកបដោយគុណភាពខ្ពស់ តម្លៃប្រកួតប្រជែង និងខ្សែសង្វាក់ផ្គត់ផ្គង់ដ៏រឹងមាំ ដែលផ្តល់ការងារដោយផ្ទាល់ និងដោយប្រយោលដល់ប្រជាជនរហូតដល់ទៅ ៦ម៉ឺន​នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here