ដោយៈសុខុម
ភ្នំពេញៈ ធនាគារដ៏ចំណាស់ និងដ៏មានឥទ្ធិពលបំផុត២ នៅក្នុងពិភពលោកនោះ គឺធនាគារអភិវឌ្ឍន៍អាស៊ី (Asian Development Bank) ហៅកាត់ ADB និងធនាគារពិភពលោក (World Bank ឬ World Bank Group) ដ៏ល្បីល្បាញ ដែលតែងតែជួយផ្ដល់កម្ចីការប្រាក់ទាប ដល់រដ្ឋាភិបាលប្រទេសនានាសម្រាប់យកទៅអភិវឌ្ឍប្រទេស។
ប៉ុន្តែប្រហែលជាមិនមានមនុស្សជាច្រើននៅឡើយទេ ដែលស្គាល់ធនាគារក្មេងខ្ចី AIIB ដ៏មានឥទ្ធិពលរបស់មហាយក្សចិន។ AIIB មកពីពាក្យពេញថា Asian Infrastructure Investment Bank (ធនាគារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធអាស៊ី)។
AIIB ជាធនាគារអភិវឌ្ឍន៍មួយ ដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅអាស៊ី។
ធនាគារដែលចិន បានស្នើបង្កើតឡើងក្នុងឆ្នាំ២០១៣មួយនេះ ពិតជាមានឥទ្ធិពលខ្លាំងណាស់ មកលើសេដ្ឋកិច្ចពិភពលោក ព្រោះបច្ចុប្បន្នធនាគារនេះ មានរហូតដល់ទៅ១០៣ប្រទេសជាសមាជិក ព្រមទាំងប្រទេសចំនួន២១ទៀត ដែលអាចនឹងចូលសមាជិក អាចនឹងចូលថ្មីនៅពេលអនាគត។
ធនាគារនេះ បានចាប់ផ្ដើមបើកដំណើរការ ជាផ្លូវការនៅថ្ងៃទី១៦ មករា ឆ្នាំ២០១៦ ក្រោយកិច្ចព្រមព្រៀង បានចូលជាធរមាននៅថ្ងៃទី២៥ ធ្នូ ឆ្នាំ២០១៥ បន្ទាប់ពីទទួលបានការផ្ដល់សច្ចានុមតិ (អនុម័ត) ពីសមាជិកស្ថាបនិក១០ប្រទេស។
ក្រៅពីមានសមាជិករាប់រយប្រទេស គួរឱ្យភ្ញាក់ផ្អើល ធនាគារAIIB ក៏មានទំហំដើមទុនដំបូង រហូតដល់ទៅ១០០ពាន់លានដុល្លារអាមេរិក ដែលស្មើនឹង២ភាគ៣ នៃដើមទុនសរុបរបស់ធនាគារADB ហើយស្មើប្រមាណពាក់កណ្ដាល នៃដើមទុនរស់ធនាគារពិភពលោកផងដែរ។
ធនាគារ ADB ដែលបង្កើតឡើងនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៦៦ (៥៥ឆ្នាំមុន) មាន៦៨ប្រទេសជាសមាជិក គិតមកទល់បច្ចុប្បន្ន និងមានទីស្នាក់ការកណ្ដាលនៅប្រទេសហ្វីលីពីន។ ចំណែកឯធនាគារពិភពលោក ឬ World Bank Group ដែលបង្កើតឡើងនៅខែកក្កដា ឆ្នាំ១៩៤៤ (៧៧ ឆ្នាំមុន) មានបុត្រសម្ព័ន្ធ២ ដាច់ដោយឡែកពីគ្នាគឺធនាគារ Bank for Reconstruction and Development (IBRD) ដែលមាន១៨៩ ប្រទេសជាសមាជិក និងស្ថាប័នហិរញ្ញវត្ថុ International Development Association (IDA) ដែលមាន១៧៣ប្រទេសជាសមាជិក។
មិនតែប៉ុណ្ណោះ ធនាគារAIIB ថែមទាំងទទួលបានចំណាត់ថ្នាក់ឥណទានខ្ពស់បំផុត ពីទីភ្នាក់ងារដាក់ចំណាត់ថ្នាក់ឥណទាន ធំបំផុតទាំង៣ក្នុងពិភពលោកទៀតផង។
តើកត្តាចម្បងអ្វី ដែលជួយជំរុញឱ្យធនាគារដ៏ក្មេងខ្ចី របស់ចិន AIIB មានឥទ្ធិពលលឿនខ្លាំងបែបនេះ? ខណៈធនាគារ ADB និងធនាគារពិភពលោក ទាមទារលក្ខខណ្ឌតម្រូវចាំបាច់មួយចំនួន មុននឹងឱ្យខ្ចី ដូចជា ការរក្សាបានស្ថិរភាពនយោបាយ ការគោរពសិទ្ធិមនុស្ស និងការគោរពលទ្ធិប្រជាធិបតេយ្យជាដើមនោះ តែផ្ទុយទៅវិញធនាគារ AIIB មិនទាមទារលក្ខខណ្ឌអ្វីបែបនេះទេ។
និយាយរួមគឺធនាគារនេះ ផ្ដោតតែលើកិច្ចសហប្រតិបត្តិការល្អ និងការប្រាក់ប៉ុណ្ណោះ។
សន្ទុះនៃការគាំទ្រខ្លាំង បានជួយជំរុញឱ្យធនាធនាគារ AIIB មានឥទ្ធិពលខ្លាំង មិនធម្មតានៅក្នុងពិភពលោក រហូតក្រុមអ្នកជំនាញមើលឃើញថា វាអាចជាគូប្រជែង នឹងធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិ IMF ដែលសុទ្ធតែមានមូលដ្ឋាននៅវ៉ាស៊ីនតោន ឌីស៊ី សហរដ្ឋអាមេរិកថែមទៀតផង៕