រដ្ឋមន្ត្រីទេសចរណ៍អាស៊ានបូកបី ប្តេជ្ញាស្តារវិស័យទេសចរណ៍អាស៊ានបូកបីឡើងវិញ

ដោយ: ម៉ាលីស

ព្រះសីហនុ: អាត្រានៃភ្ញៀវទេសចរអន្តរជាតិ ដែលចូលមកទស្សនានៅបណ្ដាប្រទេសអាស៊ានបូកបី មានការធ្លាក់ចុះដល់ទៅប្រមាណ៨១.៥ភាគរយនៅឆ្នាំ២០២០ ដូច្នេះហើយរដ្ឋមន្រ្តីទេសចរណ៍អាស៊ានបូកបី ក៏បានប្តេជ្ញា ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នា ឲ្យកាន់តែរឹងមាំថែមទៀត ដើម្បីជំរុញចលនាទេសចរណ៍ ក្នុងប្រទេសអាស៊ានបូកបីឡើងវិញ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការប្ដេជ្ញានេះ ធ្វើឡើងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានបូកបី (ចិន ជប៉ុន និងកូរ៉េ) លើកទី២១ តាមទម្រង់ Hybrid (ដោយផ្ទាល់ និងតាមវីដេអូខនហ្វើរិន) នៅក្រុងព្រះសីហនុ ដែលដឹកនាំដោយលោក ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា និងសហប្រធាន លោក អូហ៍ យ៉ុងវូ (OH Yeong-Woo) អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងកីឡានៃសាធារណរដ្ឋកូរ៉េ។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងនាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ដោយមានការចូលរួម ពីថ្នាក់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ថ្នាក់រដ្ឋមន្ត្រីទេស​ចរណ៍ចិន ជប៉ុន និងកូរ៉េ អគ្គលេខាធិការអាស៊ាន មជ្ឈមណ្ឌលអាស៊ាន ចិន ជប៉ុន និងកូរ៉េ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សរុបប្រមាណ១០០នាក់។

រដ្ឋមន្ត្រីទេសចរណ៍អាស៊ានបូកបី បានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការធ្លាក់ចុះទេសចរអន្តរជាតិប្រមាណ៨១.៥% នៅឆ្នាំ២០២០ ដែលបានធ្វើប៉ះពាល់ ដល់ការងាររាប់លាននាក់ ដោយសារការបិទអាជីវកម្ម និងការរឹតបន្តឹងការធ្វើដំណើរជាដើម។

នៅចំពោះមុខស្ថានភាពដ៏លំបាកនេះ រដ្ឋមន្រ្តីទេសចរណ៍អាស៊ានបូកបីបានស្វាគមន៍ ដល់ការចាប់ផ្តើមនៃការបើកទេសចរណ៍ អាស៊ានឡើងវិញ និងប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ រវាងប្រទេសអាស៊ានបូកបី (ចិន ជប៉ុន និងកូរ៉េ) ឲ្យកាន់តែរឹងមាំថែមទៀត ដើម្បីពិនិត្យលទ្ធភាពជំរុញទេសចរណ៍ក្នុងប្រទេសអាស៊ានបូកបី ដោយតម្កល់សុវត្ថិភាព និងសុខមាលភាពរបស់ទេសចរជាចម្បង។

រដ្ឋមន្ត្រីបូកបី បានសម្តែងការកោតសរសើរចំពោះកម្ពុជា ដែលធ្វើឲ្យវេទិកាទេសចរណ៍អាស៊ាន កើតមានឡើងដោយផ្ទាល់នៅលើទឹកដីខេត្តព្រះសីហនុ ក្នុងស្ថានភាពនៃការរីករាលជំងឺកូវីដ-១៩ និងក្នុងការដឹកនាំរៀបចំគោលការណ៍ណែនាំអាស៊ានស្តីពីសុវត្ថិភាព និងអនាម័យសម្រាប់អ្នកបម្រើការងារ និងសហគមន៍ក្នុងឧស្សាហកម្មទេសចរណ៍ និងឡាប៊ែល “អាស៊ាន ភាពកក់ក្តៅ និងសុវត្ថិភាព ASEAN Stamp: Warm & Safe”។

កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានបូកបី បានវាយតម្លៃផងដែរលើលទ្ធផលការងារ នៃការអនុវត្តផែនការសកម្មភាព កិច្ចសហប្រតិបត្តិការទេសចរណ៍អាស៊ានបូកបី ឆ្នាំ២០២១-២០២៥ ដែលផ្តោតលើចំណុចសំខាន់ចំនួនពីរ រួមមានទី១. ការស្តារវិស័យទេសចរណ៍ប្រទេសអាស៊ានបូកបីឡើងវិញ និងទី២ ពង្រឹងកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែប្រសើរឡើង សំដៅដល់ការអភិវឌ្ឍទេសចរណ៍អាស៊ានបូកបី ប្រកបដោយចីរភាព ការទទួលខុសត្រូវ និងមានភាពធន់កាន់តែប្រសើរឡើង៕

LEAVE A REPLY

Please enter your comment!
Please enter your name here