ភ្ញៀវទេសចរចាប់ផ្តើមមកទស្សនាក្រុងព្រះសីហនុច្រើនគួរឱ្យចាប់អារម្មណ៍

ដោយ៖ សុផារី

ភ្នំពេញ៖ ខេត្តព្រះសីហនុ ដែលបានកំពុងធ្វើម្ចាស់ផ្ទះវេទិកាទេសចរណ៍អាស៊ានលើកទី៤០ (ATF) ទទួលបានការមកកម្សាន្តរបស់ភ្ញៀវទេសចរច្រើននាចុងសប្តាស៍កន្លងមក ជាមួយការមកដល់ជាបណ្តើរៗរបស់គណៈប្រតិភូបរទេសអាស៊ាន និងក្រុមការងារផ្ទៃក្នុងប្រទេស។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា ចាប់ពីថ្ងៃទី១៥-១៦ ខែមករា ឆ្នាំ២០២២ នៅទូទាំងប្រទេស ទទួលបានភ្ញៀវទេសចរជាង២៥ម៉ឺននាក់ ក្នុងនោះមានភ្ញៀវជាតិ ២៤៣.៥៩៧ នាក់និងភ្ញៀវបរទេសផ្ទៃក្នុង ១២.៧២៥ នាក់។

លោកបានបញ្ជាក់ពីគោលដៅទេសចរណ៍សំខាន់ៗ រួមមាន ខេត្តព្រះសីហនុ ទទទួលបានភ្ញៀវទេសចរណ៍ច្រើនជាងគេ ចំនួន៧២.០៨០ នាក់ តាមដោយខេត្តសៀមរាប ២៨.២២៩ នាក់ រាជធានីភ្នំពេញ ២៧.៨៩២ នាក់ ខេត្តពោធិ៍សាត់ ២៧.៦២៦ នាក់ ខេត្តបាត់ដំបង ១៤.៩៨០ នាក់ និងខេត្តកំពត ១០.៥១៧ នាក់។

លោក ថោង ខុន បានបន្ថែមឱ្យដឹងថា ចំនួនភ្ញៀវទេសចរផ្ទៃក្នុងប្រចាំសប្តាហ៍នារយៈពេល៣-៤សប្តាហ៍ចុងក្រោយ បានកំពុងវិលទៅរកស្ថានភាពកាន់តែល្អប្រសើរ ប្រហាក់ប្រហែលនឹងពេលមិនទាន់មានជំងឺកូវីដ-១៩ ដែលជាទូទៅភ្ញៀវប្រចាំចុងសប្តាហ៍ធម្មតា ស្ថិតនៅចន្លោះពី ២៥-៣០ ម៉ឺននាក់។

ទន្ទឹមនឹងនេះ ក្រសួងទេសចរណ៍ បានណែនាំឱ្យមន្ទីរទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ និងវិស័យឯកជន ត្រូវជម្រុញការចាក់វ៉ាក់សាំងដូសជម្រុញ ពិសេសបុគ្គលិកបម្រើការទាំងអស់ត្រូវតែចាក់វ៉ាក់សាំងតាមការកំណត់ទាំងដូសមូលដ្ឋាន និងដូសជម្រុញ ព្រមជាមួយការបន្តពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និង SOP ឱ្យបានគ្រប់មូលដ្ឋានអាជីវកម្មទេសចរណ៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here