អូស្ត្រាលីនឹងបន្តគាំទ្រការរីកចម្រើនវិស័យធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជា

ដោយ៖ ម៉ាណេត

ភ្នំពេញ៖ រាជរដ្ឋាភិបាលអូស្ត្រាលីនឹងបន្តគាំទ្រការរីកចម្រើនវិស័យធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជា តាមរយៈសកម្មភាពការងារដែលមានស្រាប់ ជាពិសេសការអភិវឌ្ឍធនធានមនុស្ស និងបង្កើនវិសាលភាពការងារដើម្បីរួមចំណែកអភិវឌ្ឍវិស័យធនាគារ និងសេដ្ឋកិច្ចនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង។

ការលើកឡើងបែបនេះ ត្រូវបានចេញផ្សាយតាមរយៈធនាគារជាតិនៃកម្ពុជា អំឡុងកិច្ចពិភាក្សាការងារ លោក Pablo Kang ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសអូស្ត្រាលីប្រចាំនៅកម្ពុជា និងឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជានៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ធនាគារជាតិ បានឱ្យដឹងថារាជរដ្ឋាភិបាលអូស្រ្តាលីបានចូលរួមចំណែកអភិវឌ្ឍកម្ពុជាតាំងពីដើមរៀងមក ដោយចាប់ផ្តើមចេញពីអង្គការមនុស្សធម៌ រហូតដល់ការចូលរួមក្នុងដំណើរការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍធនធានមនុស្ស ជាពិសេសតាមរយៈការផ្តល់អាហារូបករណ៍ផ្សេងៗជាច្រើន។

ធនាគារ បានឱ្យដឹងទៀតថា “លើសពីនេះ រាជរដ្ឋាភិបាលអូស្រ្តាលីក៏បានជួយរួមចំណែកក្របខ័ណ្ឌគតិយុត្តិនៅក្នុងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា និងជួយពង្រឹងចំណេះដឹងហិរញ្ញវត្ថុនិ ងបរិយាបន្នផ្នែកហិរញ្ញវត្ថុនៅកម្ពុជាផងដែរ។ ស្ថិតក្នុងបរិការណ៍នៃការរីករាលដាលជំងឺកូវីដ១៩ ស្ថានភាពសេដ្ឋកិច្ចកម្ពុជាបានទទួលរងផលប៉ះពាល់ដូចបណ្តាប្រទេសផ្សេងៗទៀតដែរ ហើយធនាគារកណ្តាលបានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការដាក់ចេញនូវវិធានការជាបន្តបន្ទាប់ដើម្បីកាត់បន្ថយផលប៉ះពាល់ពីជំងឺកូវីដ១៩”។

ដោយឡែក ក្នុងការកាត់បន្ថយផលប៉ះពាល់ពីជំងឺកូវីដ១៩ អូស្ត្រាលីបានខិតខំប្រឹងប្រែងរួមចំណែកយ៉ាងសកម្មដើម្បីជួយរាជរដ្ឋាភិបាលកម្ពុជាដើម្បីកាត់បន្ថយផលប៉ះពាល់ក៏ដូចជាកាត់បន្ថយការឆ្លងជំងឺនេះផងដែរ។

ជាមួយគ្នានេះដែរ អូស្រ្តាលីបានជួយក្នុងការបង្កើតមូលដ្ឋានទិន្នន័យអត្តសញ្ញាណប្រជាជនក្រីក្រនៅកម្ពុជា ហើយបច្ចុប្បន្នកំពុងបន្តគាំទ្រការងារបន្ថែមទៀត ដើម្បីចូលរួមជួយគាំទ្រវិធានការរបស់រាជរដ្ឋាភិបាល ក្នុងការផ្តល់ការឧបត្ថម្ភនានាដល់ប្រជាជនក្រីក្រ៕

LEAVE A REPLY

Please enter your comment!
Please enter your name here