តើ Gross profit និង Net profit មានខុសគ្នាយ៉ាងដូចម្ដេច?

ដោយ៖ ម៉ាលីស

ភ្នំពេញ៖ ប្រាក់ចំណូល គឺជាស្នូលសំខាន់នៃសរីរាង្គទាំងមូលរបស់អាជីវកម្ម ព្រោះវាជាចំណុចចម្បងដែលអាចជួយទប់ទល់ការរកស៊ីឲ្យបន្តដង្ហើមបានយូរអង្វែង។ ក្នុងនាមជាម្ចាស់អាជីវកម្ម វាជារឿងចាំបាច់ដែលអ្នកគួរស្វែងឱ្យច្បាស់ថាអ្វីជា Gross profit និង Net profit? ហើយតើវាមានខុសគ្នាយ៉ាងដូចម្ដេចរវាងប្រាក់ចំណេញទាំងពីរប្រភេទនេះ?

Gross Profit គឺសំដៅដល់ប្រាក់ចំណេញដែលនៅសល់ពីចំណូលសរុបរបស់ក្រុមហ៊ុនក្រោយពីបានកាត់កងថ្លៃដើមនៃការផលិត (ផលិតផល) រួច។ ថ្លៃដើមទាំងនោះរួមមាន ការចំណាយលើវត្ថុធាតុដើម ឧបករណ៍ប្រើប្រាស់ ការជួលកម្លាំងពលកម្ម ជួលឃ្លាំង ឬថ្លៃដឹកជញ្ជូន។ល។ Gross Profit គឺជាសូចនាករក៏សំខាន់សម្រាប់វាស់វែងថាតើក្រុមហ៊ុន ត្រូវចំណាយបន្ថែមឬក៏អត់ បើប្រៀបធៀបនឹងចំណូលដែលទទួលបាន។

ចំណែកឯ Net Profit វិញ គឺជាប្រាក់ចំណេញដែលនៅសល់ពីប្រាក់ចំណូលសរុប ដែលក្រុមហ៊ុនមួយរកបានក្នុងរយៈកាលជាក់លាក់ណាមួយ។ បន្ថែមទៀតនោះ Net Profit គឺរកឃើញបន្ទាប់ពីដកថ្លៃដើមនៃការផលិត បូករួមទាំងចំណាយលើប្រតិបត្តិការអាជីវកម្មទាំងមូល ដោយថ្លៃទាំងនោះរួមមាន ចំណាយរដ្ឋបាល ចំណាយលើពន្ធប្រាក់ចំណូល និងការប្រាក់លើកម្ចីដែលក្រុមហ៊ុនជំពាក់ជាដើម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តើរវាង Gross Profit និង Net Profit មានភាពខុសគ្នាយ៉ាងដូចម្ដេច?

បើយើងប្រៀបធៀបផលចំណេញនៃអាជីវកម្មទៅនឹងផ្ទាំងរូបភាពមួយផ្ទាំង Gross Profit អាចនិយាយបានថាជាផ្នែកផ្គុំធំមួយ ប៉ុន្ដែ Net Profit គឺជារូបភាពទាំងមូល ឬជាផលចំណេញសរុបដែលម្ចាស់អាជីវកម្មនឹងទទួលបាន។ មួយវិញទៀត Gross Profit ថ្វីត្បិតតែមិនរាប់បញ្ចូលក្នុងប្រភពចំណាយ និងចំណូលសរុបក៏ពិតមែន ប៉ុន្ដែវាត្រូវបានចាត់ទុកថាជាសូចនាករសំខាន់សម្រាប់ឱ្យក្រុមហ៊ុនអាចតាមដានថ្លៃផលិត (ផលិតផល) ថាចំណាយបែបណាគួរបន្ថែម និងចំណាយបែបណាគួរកាត់បន្ថយ។ រីឯ Net Profit វិញ គឺត្រូវបានរាប់បញ្ចូលក្នុងចំណូល និងចំណាយសរុបរបស់អាជីវកម្ម ហើយវាជាចំណុចសំខាន់សម្រាប់វាស់វែងថា តើក្រុមហ៊ុនមួយចំណេញ ឬខាត។

ជារួមមក បើនិយាយពីគុណប្រយោជន៍របស់ Gross Profit និង Net Profit វិញ គឺមានសារៈសំខាន់ចំពោះអាជីវកម្មគ្រប់សណ្ឋានក្នុងការកសាង និងរៀបចំផែនការ ដើម្បីគ្រប់គ្រង និងអភិវឌ្ឍអាជីវកម្ម ដោយសារវាជួយឲ្យម្ចាស់អាជីវកម្មអាចយល់ដឹងកាន់តែច្បាស់ពីតថភាពជាក់ស្ដែងនៃលំហូរប្រាក់ចំណូល និងប្រាក់ចំណេញរបស់អាជីវកម្ម៕

LEAVE A REPLY

Please enter your comment!
Please enter your name here