ស្វីស សាកល្បងជោគជ័យនូវការទូទាត់ដោយរូបិយប័ណ្ណឌីជីថលជាមួយធនាគារអន្តរជាតិកំពូលៗ

ដោយសុខុម

ក្រុងហ្ស៊ូរិច: ធនាគារជាតិស្វីស (SNB) បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ទី១៣ មករា ខ្លួនបានសាកល្បងប្រើប្រាស់រូបិយប័ណ្ណឌីជីថល (Digital Currency) ដោយជោគជ័យនៅក្នុងការទូទាត់ដែលមានការចូលរួមពាក់ព័ន្ធពីធនាគារពាណិជ្ជអន្តរជាតិកំពូលៗចំនួន៥។

កម្មវិធីសាកល្បងដែលមានឈ្មោះថា Project Helvetia នេះធ្វើឱ្យការដាក់ចេញរូបិយប័ណ្ណឌីជីថលធនាគារកណ្តាល (CBDC) កាន់តែខិតជិតមួយជំហានទៀតនៅក្នុងប្រទេសស្វីស ដែលបានធ្វើការពិសោធលើរូបិយប័ណ្ណ CBDCs ដែលមានលក្ខណៈទំនើបបំផុតមួយចំនួននៅអឺរ៉ុប។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បណ្ដាធនាគារកណ្តាលទូទាំងពិភពលោកបានបង្កើនការខិតខំប្រឹងប្រែងយ៉ាងខ្លាំង នៅក្នុងកិច្ចការងារពិសោធរូបិយប័ណ្ណ CBDC ដើម្បីធ្វើឱ្យប្រព័ន្ធទូទាត់ដែលមានស្រាប់កាន់តែមានប្រសិទ្ធភាពជាងមុន និងដើម្បីទប់ទល់នឹងបញ្ហាប្រឈមពីរូបិយប័ណ្ណគ្រីបតូ (Cryptocurrency) ដូចជា Bitcoin ជាដើម។

ក្រោមកម្មវិធីសាកល្បង Project Helvetia ធនាគារជាតិស្វីស (SNB) បានរួមបញ្ចូលរូបិយប័ណ្ណ CBDCs ទៅក្នុងប្រព័ន្ធទូទាត់ ហើយបានប្រើប្រាស់រូបិយប័ណ្ណ CBDCs ទាំងនោះក្នុងប្រតិបត្តិការទូទាត់ពិសោធន៍ដែលមានការចូលរួមពាក់ព័ន្ធពីធនាគារពាណិជ្ជអន្តរជាតិធំៗដូចជាធនាគារ UBS ធនាគារ Credit Suisse ធនាគារ Goldman Sachs ធនាគារ Citigroup និងធនាគារ Hypothekarbank Lenzburg ជាដើម។

លទ្ធផលនៃកម្មវិធីសាកល្បងនេះបានបង្ហាញថា វាអាចទៅរួចនៅក្នុងការទូទាត់ភ្លាមៗនូវទំហំទឹកប្រាក់ចាប់ពី១០១.០០០ដុល្លារអាមេរិក ដល់៥,៤៧លានដុល្លារអាមេរិក ដែលមិនបង្កហានិភ័យ ហើយមានសុវត្ថិភាពខ្ពស់៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here