អាជ្ញាធរស្រុកបន្ទាយស្រីប្រជុំដោះស្រាយបញ្ហាហេដ្ឋារចនាសម្ព័ន្ធនិងដីធ្លីជូនពលរដ្ឋ

ដោយ: ម៉ាលីស

សៀមរាប: នៅក្នុងកិច្ចប្រជុំបូកសរុបការងារ ប្រចាំឆ្នាំ២០២១ របស់ក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលបានដំណើរការ កាលពីរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២២នេះ គឺដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងលើកទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំ២០២២។ ដំណើរការនៃកិច្ចប្រជុំនេះ ដឹកនាំដោយលោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត និងជាអនុប្រធាននៃក្រុមការងារ។

កិច្ចប្រជុំនេះផ្តោតលើបញ្ហាប្រឈមសំខាន់ចំនួន៣ គឺជាកម្មវត្ថុ ដែលត្រូវរួមគិតរួមដោះស្រាយ ដែលយ៉ាងហោចណាស់ កិច្ចប្រជុំត្រូវធ្វើដំណើរឲ្យដល់ការសម្រេចចិត្ត ធ្វើសេចក្តីព្រាងរបាយការណ៍ បញ្ជូនទៅលេខាធិការ    ដ្ឋាន នៃក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្ត ដើម្បីស្នើសុំគោលការណ៍អនុវត្ត ឬបទអន្តរាគមន៍ណាមួយ ដើម្បីស្រាយសំណូមពរទាំងនោះ ជូនប្រជាពលរដ្ឋ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមរបាយការណ៍របស់អាជ្ញាធរស្រុក បានបញ្ជាក់ឲ្យដឹងថា បញ្ហាប្រឈមដែលរ៉ាំរ៉ៃនោះ ទី១ ស្នើសុំអាជ្ញាធរជាតិអប្សាអនុញ្ញាតឲ្យគម្រោ​ងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍកសិកម្មខ្នាតតូច តំបន់បឹងទន្លេសាបជំហាន២ អាចចូលកសាងផ្លូវបេតុង និងផ្លូវក្រាលកៅស៊ូ នៅក្នុងភូមិថ្នល់ទទឺង និងភូមិថ្នល់បណ្តោយ នៃឃុំព្រះដាក់ ដោយសារតែសំណើនោះ ត្រូវបានអាជ្ញាធរជាតិអប្សរា បដិសេធចំនួន៣លើករួចមកហើយ ព្រោះតែថា ភូមិ​ទាំង២នេះ ស្ថិតក្នុងតំបន់បូរាណដ្ឋាននៃឧទ្យានអង្គរ ទី២ ស្នើសុំអន្តរា​គមន៍ឲ្យស្ថាប័នសមត្ថកិច្ច ជួយពន្លឿនចុះកាត់ឆ្វៀលដីគម្របព្រៃឈើ ឆ្នាំ២០០២ ជូនប្រជាពលរដ្ឋ ដែលបានកាន់កាប់អាស្រ័យផល ជាក់ស្តែងយូរអង្វែងកន្លងមកហើយនោះ បានទទួលប្រើប្រាស់ដោយភាពកក់ក្តៅ និងទី៣ ស្នើសុំការចាត់វិធានការ ចំពោះការរំលោភបំពានដីរដ្ឋ ដែលមិនត្រូវបានចាត់បញ្ចូល ទៅក្នុងបញ្ជីស្នើសុំកាត់ឆ្វៀល ដែលជាពិសេសនោះ គឺនៅបរិវេណជើងភ្នំគូលេន។

នៅក្នុងបញ្ហាប្រឈមទី១ អំពិការស្នើសុំកសាងផ្លូវបេតុង និងផ្លូវកៅស៊ូ នៅភូមិថ្នល់បណ្តោយ និងភូមិថ្នល់ទទឹង នៃឃុំព្រះដាក់ ដែលកិច្ចប្រជុំសង្ឃឹ​មថា ការអូសបន្លាយពេលវេលាល្មម ត្រូវបានបញ្ចាប់នោះ លោកប្រធានអង្គប្រជុំ ស្នើសុំឲ្យអាជ្ញាធរជាតិអប្សរា អាចនឹងប្រើប្រាស់ជំនាញធ្វើកំណាយឲ្យបានឃើញពិតប្រាកថា តើតំបន់នោះអាចមានផលប៉ះពាល់ ដល់សម្បត្តិបេតិកភណក្រោមដីដែរឬទេ បើសិនជាមូលដ្ឋានត្រូវការសាងសង់ ផ្លូវថ្នល់នោះ ?។

លោក ម៉ី ម៉ារ៉ាឌី ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្ប: ជាប្រធានក្រុមទី៥ (អាជ្ញាធរជាតិអប្សរា ) ប្រចាំស្រុកបន្ទាយស្រី និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិផងដែរ បញ្ជាក់ថា នៅក្នុងតំបន់១ តំបន់២ នៃឧទ្យានអង្គរ គឺមានបង្កប់ប្រាសាទក្រោមដីរាប់រយកន្លែង ដែលយើងមិនអាចមើលរំលងបាន។

ការសិក្សាក្នុងតំបន់បូរាណដ្ឋាន អាជ្ញាធរជាតិអប្សរា មានក្រុមការងារពិសេសគ្រប់ជំនាញ ដែលគ្រប់គ្រងដោយអគ្គនាយកមួយរូប ។ ក្រុមការងារពិសេសនេះ អាចជួយបានបើមានតម្រូវការយ៉ាងណានោះ ដែលទាក់ទងទៅនឹងការស្រាវជ្រាវបូរាណដ្ឋាន ឬសិក្សាអំពិបេតិកភ័ណ្ឌ។

លោក ម៉ឹ ម៉ារ៉ាឌី បានបញ្ជាក់ថា តាមដែលលោកនៅចាំបាន គឺកន្លងមកមានជំនួប រវាងលោកអភិបាលខេត្តសៀមរាប ជាមួយឭលោកអគ្គនាយ​កអាជ្ញាធរជាតិអប្សរា នឹងបានពិភាក្សាធ្វើកំណត់ហេតុផងដែរ អំពីការងារសម្របសម្រួលនោះ ប៉ុន្តែនៅឡើយមិនទាន់បានអនុវត្ត។ ក្រុមការងារអន្តរស្ថាប័ន ដែលមានអភិបាលខេត្តជាប្រធាន និងអគ្គនាយកអាជ្ញាធរជាតិអប្ស​រាជាអនុប្រធាន ត្រូវបានបង្កើតឡើង។

បញ្ហាសំណើសុំកសាងផ្លូវនៅភូមិថ្នល់បណ្តាយ និងភូមិថ្នល់ទទឹង នៃឃុំព្រះដាក់ គឺជាសមត្ថកិច្ច នៃក្រុមការងារអន្តរស្ថាប័ននេះ។

កិច្ចប្រជុំសង្ឃឹមថា ការពិភាក្សាគ្នានេះ គឺជាការអនុវត្តតួនាទី ភារកិច្ចយ៉ាងសកម្មរបស់ក្រុមការងារ ក្នុងគោលដៅធ្វើឲ្យយន្តការរដ្ឋបាលថ្នាក់ស្រុក ធានាបានប្រសិទ្ធភាពក្នុងការដឹកនាំ និងការដោះស្រាយបំរើផលប្រយោជន៍ជូនប្រជាពលរដ្ឋ នៅមូលដ្ឋាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here