ដោយៈលក្ខិណា
ភ្នំពេញៈ ក្រុមហ៊ុនហិរញ្ញវត្ថុពីរ ដែលបង្កើតឡើងនៅក្នុងប្រទេសចិននិងកំពុងមានវត្តមាននៅក្នុងប្រទេសកម្ពុជា បានចាប់ដៃគ្នាក្នុងការពង្រីកអាជីវកម្មរបស់ពួកគេនៅក្នុងប្រទេសកម្ពុជា។
យោងតាមសេចក្ដីប្រកាសព័ត៌មានរួម រវាងក្រុមហ៊ុនធានារ៉ាប់អេអាយអេ និងធនាគារព្រីនស៍ ដែលសុទ្ធតែមានម្ចាស់ភាគហ៊ុនធំជាវិនិយោគិនចិនបានឱ្យដឹងថា ក្រុមហ៊ុនទាំងពីរបានចុះហត្ថលេខា ក្នុងការចប់ផ្ដើមភាពជាដៃគូអាជីវកម្មប៊េងកាសួរេន ដើម្បីផ្ដល់ជូនអតិថិជននូវសេវាកម្មហិរញ្ញវត្ថុ ដ៏ងាយស្រួល និងល្អបំផុតនៅនឹងមួយកន្លែង រួមទាំងដំណោះស្រាយផ្នែកធនាគារនិងធានារ៉ាប់អាយុជីវិត។
លោកប៊ូ ច័ន្ទភីរូ អគ្គនាយកនិយ័តករធានារ៉ាប់រងកម្ពុជាបានឱ្យដឹងក្នុងពិធីចុះហត្ថលេខាកាលពីថ្ងៃម្សិលម៉ិញនេះថា វត្តមានក្រុមហ៊ុនទាំងពីរ នៅក្នុងប្រទេសកម្ពុជា បានរួមចំណែកក្នុងការអភិវឌ្ឍ វិស័យធានារ៉ាប់នៅកម្ពុជា និងសូមលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ បុគ្គលិករបស់គ្រឹះស្ថានទាំងពីរ ដែលមានវត្តមាននៅពេលនេះ ឱ្យចូលរួមយ៉ាងសកម្មបន្ថែមទៀត ដើម្បីចូលរួមក្នុងការជំរុញការអភិវឌ្ឍ វិស័យធានារ៉ាប់រងនៅក្នុងប្រទេសកម្ពុជា ឱ្យកាន់តែទូលំទូលាយបន្ថែមទៀត ។
ជាមួយគ្នានេះលោក រត្ន័ សុវណ្ណនរៈ អគ្គនាយកនៃអគ្គនាយកដ្ឋានត្រួតពិនិត្យ នៃធនាគារជាតិកម្ពុជាបានមានប្រសាសន៍ថា ភាពជាដៃគូរវាងធនាគារ ព្រីនស៍ និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ ខេមបូឌា លើទម្រង់អាជីវកម្មប៊េងកាសូរេន តាមរយៈការណែនាំអតិថិជន គឺជាចំណែកមួយក្នុងការចូលរួមអភិវឌ្ឍវិស័យហិរញ្ញវត្ថុ និងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ តាមរយៈការបង្កើនលទ្ធភាពឱ្យ សាធារណជនទទួលបានសេវាហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន និងការពង្រឹងកិច្ចការពារអតិថិជនព្រមទាំង ការបង្កើនចំណេះដឹងផ្នែកហិរញ្ញវត្ថុផងដែរ ។
លោក Andrew Loh អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ ខេមបូឌា បានមានប្រសាសន៍ថា ភាពជាដៃគូរបស់ស្ថាប័នហិរញ្ញវត្ថុទាំងពីរ បានផ្តល់នូវបទពិសោធដ៏ងាយស្រួល និងអតិថិជនជាអាទិភាព ចម្បងដល់អតិថិជនរបស់ ធនាគារ ព្រីនស៍ ដែលស្របតាមគោលបំណង របស់យើងក្នុងការ ជួយប្រជាជនកម្ពុជាឱ្យរស់នៅប្រកបដោយសុខភាព និងជីវិតកាន់តែប្រសើរ។
លោកបន្តថា “នេះក៏ជាការបើកស្វាគមន៍ សម្រាប់យើងខ្ញុំក្នុងការផ្តល់នូវតម្លៃកាន់តែ ខ្លាំងតាមរយៈការចែករំលែកពីរបៀប ដែលសេវាធានារ៉ាប់រង អាយុជីវិតផ្តល់ផលវិជ្ជមានដល់សុខភាព និងសុវត្ថិភាពហិរញ្ញវត្ថុក្នុងពេលបច្ចុប្បន្នក៏ដូចជានាពេលអនាគត”៕