ការធ្លាក់ចុះភ្ញៀវទេសចរណ៍គឺជាការបាត់បង់ចំណូលដ៏ធំក្នុងវិស័យទេសចរ

ដោយ៖ លក្ខិណា

ភ្នំពេញ ៖ មុនវិបត្តិកូវីដ១៩កើតឡើង កម្ពុជាទទួលបានភ្ញៀវទេសចរចិនប្រមាណ២,៣លាននាក់ក្នុងមួយឆ្នាំ តែក្នុងឆ្នាំ២០២០ កម្ពុជាទទួលបានភ្ញៀវទេសចរចិនត្រឹម៣២ម៉ឺននាក់ និងឆ្នាំ២០២១ ទទួលបានត្រឹមជាង៤ម៉ឺននាក់ប៉ុណ្ណោះ។ ការធ្លាក់ចុះភ្ញៀវទេសចរជនជាតិចិន ជាការបាត់បង់ប្រភពចំណូលដ៏ធំមួយក្នុងវិស័យទេសចរណ៍ ក្នុងសេដ្ឋកិច្ចជាតិកម្ពុជា។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ មានប្រសាសន៍តាមប្រព័ន្ធតេលេក្រាមនៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ នាយកនៃមជ្ឈមណ្ឌលសិក្សាចិន នៃរាជ្យបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ថា ការធ្លាក់ចុះនៃភ្ញៀវទេសចរជនជាតិចិនមកកម្ពុជា អាចនិយាយបានថាជាការបាត់បង់ប្រភពចំណូលមួយយ៉ាងសំខាន់។ ឥឡូវយើងអាចគណនាមើលភ្ញៀវទេសចរចិនម្នាក់ចាយលុយប្រមាណ៨០០ដុល្លារអាមេរិក អំឡុងពេលមកលេងស្រុកខ្មែរ ហើយភ្ញៀវទេសចរចិនជាង២លាននាក់ តើយើងទទួលបានប៉ុន្មានពាន់លានដុល្លារអាមេរិក តែនៅពេលចំនួនភ្ញៀវទេសចរចិនបានធ្លាក់ចុះតើយើងបាត់បង់ប្រភពចំណូលប៉ុន្មាន។
លោកបន្តថា ភ្ញៀវចិនជាភ្ញៀវដែលចាយលុយច្រើនក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិដទៃទៀត ដូច្នេះហើយទើបប្រទេសជាច្រើនតែងតែចង់បានភ្ញៀវចិនទៅលេងនៅក្នុងប្រទេសរបស់គេ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រទេសជិតខាងកម្ពុជា ដូចជា ថៃ វៀតណាម បានរៀបចំយុទ្ធសាស្ត្រក្នុងការស្វាគមន៍ភ្ញៀវចិនទៅលេងប្រទេសរបស់ពួកគេ។ វៀតណាមជាសត្រូវរបស់ចិន តែវៀតណាមទទួលបានចិនក្នុងមួយឆ្នាំ ប្រមាណ៦លាននាក់ ថៃ១០លាននាក់ ចំណែកកម្ពុជាទើបតែបាន២លាននាក់ប៉ុណ្ណោះ កាលមុនវិបត្តិ។

លោកបន្ថែមថា ការធ្លាក់ចុះភ្ញៀវទេសចរចិនចូលមកកម្ពុជាក្នុងឆ្នាំ២០២០និងឆ្នាំ២០២១កន្លងទៅនេះ ធ្វើឱ្យកម្ពុជាបាត់បង់ចំណូលពីភ្ញៀវទេសចរមកពីចិនប្រមាណជិត២ពាន់លានដុល្លារអាមេរិក និងធ្វើឱ្យការរួមចំណែករបស់វិស័យទេសចរណ៍កម្ពុជាក្នុងសេដ្ឋកិច្ចកាន់តែរួមតូចផងដែរ។

ក្នុងឆ្នាំ២០១៩ ទេសចរអន្តរជាតិមកដល់កម្ពុជាមានចំនួន៦,៦លាននាក់ក្នុងនោះ ចិនមានជាង២,៣លាននាក់ និងចំណូលសរុបពីវិស័យទេសចរណ៍ទាំងមូលប្រមាណជិត៥ពាន់លានដុល្លារអាមេរិក។ ក្នុងឆ្នាំ២០២០ភ្ញៀវទេសចរអន្តរជាតិសរុបមកដល់កម្ពុជាមានចំនួន១,៣លាននាក់ ក្នុងនោះចិនមានតែជាង៣២ម៉ឺននាក់ និងចំណូលពីវិស័យទេសចរណ៍សរុបមានជាង១ពាន់លានដុល្លារអាមេរិក និងឆ្នាំ២០២១កន្លងទៅនេះ ភ្ញៀវទេសចរណ៍មកដល់កម្ពុជាកាន់តែធ្លាក់ចុះបន្ថែមទៀត ក្នុងនោះភ្ញៀវចិនមានត្រឹមតែជាង៤ម៉ឺននាក់ប៉ុណ្ណោះ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here